ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 56
កម្ពុជាបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ កម្ពុជាបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

«ក្នុ្ងងនាមជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈ ១) បានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង៤០០ មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពលរបស់យើង ២) មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី ៣) មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ៤) កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០»។ នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជាបានឡើងថ្លែងសេចក្តីថ្លែងការកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេសកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១។

លោក សាយ សំអាល់ បានលើកឡើងថា នេះគឺជាការជួបជុំដែលមិនធ្លាប់មានពីមុនមករបស់យើង ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ និងដោយសារតែការប្រែប្រួលអាកាសធាតុលែងជាពាក្យចចាមអារ៉ាមទៀតហើយ។ ការប្រែប្រួលអាកាសធាតុ ក៏ដូចជាជំងឺរាតត្បាតជាសកលផងដែរ មិនបញ្ឈប់ត្រឹមព្រំដែនរបស់យើងទេ ហើយវត្តមានរបស់យើងនៅទីនេះ ជាសញ្ញាដែលធានាថា ក្នុងនាមជាមេដឹកនាំពិភពលោក យើងមិនបោះបង់ការទទួលខុសត្រូវរួមរបស់យើងចំពោះសកម្មភាពអាកាសធាតុទេ។

លោកបានគូសបញ្ជាក់ថា ហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ នៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ជាពិសេសសម្រាប់ផ្នែកការបន្សាំ ដែលយើងឃើញថានៅតែមានការលំបាកក្នុងការទទួលបាន សម្រាប់ប្រទេសដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុ។ លោក សាយ សំអាល់ បានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការរួមចំណែករបស់គេ ចំពោះយន្តការហិរញ្ញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រួលបន្ថែមទៀតក្នុងការទទួលបានមូលនិធិទាំងនេះដោយផ្ទាល់»។

សូមបញ្ជាក់ថា កម្ពុជាបានដាក់ជូននូវរបាយការណ៍ Updated NDC ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ៤២% ត្រឹមឆ្នាំ២០៣០។ ជាងនេះ កម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិចមានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍតាមបែបបរិយាប័ន្ន៕

ក្រសួងបរិស្ថាន

អត្ថបទទាក់ទង