ខ្មែរប៉ុស្ដិ៍ Close

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយបណ្តាអង្គទូតអាស៊ាននិងប្រទេសដៃគូរួមគ្នាដាំដើមឈើ និងជិះកង់ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 6

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា មានតួនាទីជាប្រធានប្តូរវេនអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២ សហការជាមួយបណ្តាអង្គទូតអាស៊ាន និងប្រទេសដៃគូ បានរួមគ្នាដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ស៊ុំ ម៉ាប់ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា៖ ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២ តាមរយៈកិច្ចប្រជុំលើកទី៩របស់ក្រុមរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ពីព្រោះក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ទាំងរូបី និងអរូបី ដែលជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិដ៏ល្បីល្បាញក្នុងពិភពលោក។

ដោយឡែក ព្រឹត្តិការណ៍ដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក ពេលនេះជាកម្មវិធីមួយ ដែលក្រសួងវប្បធម៌រៀបចំឡើង ដើម្បីបង្ហាញពីសក្ដានុពលរបស់ក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជាទៅដល់ប្រទេសដែលជាសមាជិក៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន និងលោក ហ៊ុំ រិទ្ធី