ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុន Ezecom/Telcotech របស់អ្នកឧកញ៉ា គិត ម៉េង ចុះបញ្ជីលក់មូលបត្របំណុលតម្លៃ២០លានដុល្លារជាផ្លូវការហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
ក្រុមហ៊ុន Ezecom/Telcotech របស់អ្នកឧកញ៉ា គិត ម៉េង ចុះបញ្ជីលក់មូលបត្របំណុលតម្លៃ២០លានដុល្លារជាផ្លូវការហើយ ក្រុមហ៊ុន Ezecom/Telcotech របស់អ្នកឧកញ៉ា គិត ម៉េង ចុះបញ្ជីលក់មូលបត្របំណុលតម្លៃ២០លានដុល្លារជាផ្លូវការហើយ

ក្រុមហ៊ុនផ្តល់សេវាអ៉ិនធឺណែត Ezecom/Telcotech ដែលជាក្រុមហ៊ុនបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្ររបស់អ្នកឧកញ៉ា គិត ម៉េង បានបោះផ្សាយលក់មូលបត្របំណុល ក្នុងតម្លៃ២០លានដុល្លារ ឬស្មើនឹង៨០ពាន់លានរៀលជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ពិធីនេះធ្វើឡើងតាមប្រព័ន្ធ Video Conference ដោយមានការចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយតករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង អភិបាលនៃក្រុមហ៊ុន Telcotech រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មូលបត្របំណុលតម្លៃ ២០លានដុល្លារ ដែលត្រូវបោះផ្សាយដោយក្រុមហ៊ុន Ezecom/Telcotech ត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (CGIF) ដែលបង្កើតឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសមាជិកអាស៊ាន+៣ រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន។

ក្រុមហ៊ុន Ezecom ឬ Telcotech គឺជាក្រុមហ៊ុនផ្តល់សេវាអ៉ិនធឺណិតលំដាប់ខ្ពស់ ដែលបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិត សម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋានក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយក្រុមហ៊ុន Royal Group ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលមានបណ្តាញហេដ្ឋានរចនាសម្ព័ន្ធខ្សែហ្វាយប៊ើអុបទិកធំបំផុត និងកាន់កាប់ភាគហ៊ុន ក្នុងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway (AAG) និងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ (MCT)។

ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់ បានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីវិនិយោគបន្ថែមទៀត លើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។ ក្រុមហ៊ុន Ezecom បានដើរតួនាទីដ៏សំខាន់មួយ ក្នុងឌីជីថលូបនីយកម្មរបស់កម្ពុជា ហើយនឹងបន្តធ្វើកិច្ចការទាំងនេះ ឆ្ពោះទៅមុខបន្តទៀតតាម រយៈបដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.0)។

ក្រុមហ៊ុន Ezecom នឹងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យឌីជីថល ឈានមុខគេតាមរយៈសេវា Cloud Computing ដែលមានសុវត្ថិភាពខ្ពស់ និងបង្កើនបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ ICT ដើម្បីធានាថាសហគមន៍របស់យើងនឹងបានផ្តល់ជូនលទ្ធភាព ទទួលបានសេវាលំដាប់ខ្ពស់បំផុត។

ក្រុមហ៊ុន Ezecom រួមជាមួយនឹងក្រុមហ៊ុន Telcotech គឺជាក្រុមហ៊ុនខ្មែរ ១០០% ដែលធ្វើការងារផ្តោតលើការផ្តល់ ជូននូវវិសាលភាពគ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណិតប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។

អ្នការបោះផ្សាយមូលបត្របំណុលនេះ ផ្តល់លទ្ធភាពឱ្យ Ezecom បន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល។ CGIF មានលក្ខខណ្ឌតម្រូវ និងស្តង់ដារខ្ពស់ នៅពេលដែលចេញផ្សាយការធានាឥណទាននេះ ដូច្នេះជាមោទនភាពយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនខ្មែរសុទ្ធសាធដំបូងគេបង្អស់ ដែលមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ និងលើសកម្រិតស្តង់ដារ ដែលបានទាមទារក្នុងការឆ្លើយតប និងស្តង់ដារកម្រិតខ្ពស់ទាំងនេះ៕ Fresh News