ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ពីយុទ្ធសាស្ត្រវិនិយោគ CANSLIM

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០ មុខរបរ 293
ស្វែងយល់ពីយុទ្ធសាស្ត្រវិនិយោគ CANSLIM ស្វែងយល់ពីយុទ្ធសាស្ត្រវិនិយោគ CANSLIM

CANSLIM (អានថា ខែនស្លីម) ជាទស្សនះវិជ្ជានៃការជ្រើសរើស ការទិញនិងការលក់ #ភាគហ៊ុន។ វាបង្កើតដោយលោក William O’Neil ដែលជាអ្នកបង្កើតរួមនៃការសែត Investor’s Business Daily ។

CANSLIM ត្រូវបានពិពណ៌នានៅក្នុងសៀវភៅដ៏ល្បីរបស់លោកដែលមានចំណងជើងថា «របៀបបង្កើតប្រាក់តាមរយៈភាគហ៊ុន(How to Make Money in Stocks )» ។ ឈ្មោះអក្សរកាត់នេះតំណាងអោយយុទ្ធសាស្រ្តវិនិយោគប្រកបដោយជោគជ័យខ្លាំងមួយ។

អ្វីដែលធ្វើអោយប្រព័ន្ធ CANSLIM ខុសពីគេ គឺការចាប់អារម្មណ៏របស់វាទៅលើទិន្នន័យរូបិយផងដូចជាប្រាក់ចំណេញ និងទិន្នន័យអរូបិយផងដូចជាភាពខ្លាំងទូទៅ កេរ្តិ៍ឈ្មោះ និងគំនិតសំខាន់ៗរបស់ក្រុមហ៊ុនមួយ។

ចំណុចសំខាន់អំពីយុទ្ធសាស្ត្រនេះគឺថា មានភស្តុតាងបង្ហាញថា យុទ្ធសាស្ត្រនេះមានដំណើរការល្អក្នុងកំឡុងពេលជាងពាក់កណ្តាលចុងក្រោយនៃសតវត្សរ៍ទី២០នេះ។ មានឧទាហរណ៍ជាច្រើនរាប់មិនអស់នៃក្រុមហ៊ុនដែលបានបំពេញកត្តាវិនិច្ជ័យរបស់ CANSLIM មុននឹងថ្លៃភាគហ៊ុនរបស់វាកើនឡើងយ៉ាងខ្លាំង។ ក្នុងផ្នែកនេះយើងនឹងពិនិត្យមើលបន្សំអក្សរទាំង៧នៃប្រព័ន្ធ CANSLIM ។

  • C= Current Earnings ប្រាក់ចំណេញប្រចាំត្រីមាសពេលបច្ចុប្បន្នក្នុងមួយភាគហ៊ុនប្រាក់ចំណេញនេះត្រូវតែកើនឡើងយ៉ាងតិច ១៨%ទៅ២០%។
  • A= Annual Earnings ប្រាក់ចំណេញប្រចាំឆ្នាំក្នុងមួយភាគហ៊ុនតួលេខនេះគួរតែបង្ហាញនូវកំណើនយ៉ាងមានន័យសម្រាប់រយះពេល៥ឆ្នាំចុងក្រោយ។
  • N= New កិច្ចការថ្មីទិញក្រុមហ៊ុនដែលមានផលិផលថ្មីៗ មានអ្នកគ្រប់គ្រងថ្មី ឬ ក៏ការផ្លាស់ប្តូរថ្មីនៃស្ថានភាពរបស់វិស័យវិនិយោគ។ សំខាន់បំផុតត្រូវទិញភាកហ៊ុនដែលវាចាប់ផ្តើមឈានដល់កម្រិតថ្លៃខ្ពស់ថ្មី។ បំភ្លេចអំពីភាគហ៊ុនមានតម្លៃថោកទៅ។វាមានតម្លៃថោកដោយសារហេតុផលអ្វីមួយ។
  • S= Supply and Demand បរិមាណភាគហ៊ុនកំពុងចរាចរលើទីផ្សារបរិមាណភាគហ៊ុននេះគួរតែមានចំនួនតិចនិងសមហេតុផល។
  • L= Leader or Laggard អ្នកនាំមុខទីផ្សារទិញភាគហ៊ុននៃក្រុមហ៊ុនដែលមានអ្នកនាំមុខទីផ្សារ និងចៀសវាងអ្នកដើរតាមក្រោយគេ។
  • I= Institutional Sponsorship ការគាំទ្រពីស្ថាប័នវិនិយោគទិញភាគហ៊ុនដែលមានអ្នកគាំទ្រជាវិនិយោគិនស្ថាប័នមួយចំនួនដែលសម្រេចបានលទ្ធផលវិនិយោគថ្មីៗល្អលើសមធ្យម។
  • M= Money Direction ទិសដៅទីផ្សារទូទៅទីផ្សារនឹងកំណត់អ្នកចាញ់ឬឈ្នះ។ ដូចនេះ រៀនស្វែងយល់អំពីទិសដៅបច្ចុប្បន្ននៃទីផ្សារទូទៅ និងបកស្រាយសន្ទស្សន៍ទីផ្សារទូទៅ (ការប្រែប្រួលបរិមាណ និងថ្លៃទិញ-លក់) និងសកម្មភាពនៃអ្នកនាំមុខទីផ្សារនីមួយៗ។

CANSLIM មានភាពអស្ចារ្យពីព្រោះវាផ្តល់នូវគោលការណ៍ណែនាំរឹងមាំនិងកាត់បន្ថយនូវភាពអត្តនោម័ត។ ប្រសើរបំផុតនោះ វាច្របាច់បញ្ចូលនូវយុទ្ធវិធីនានានៃយុទ្ធសាស្ត្រវិនិយោគសំខាន់ៗ គឺថា CANSLIM ជាបន្សំនៃយុទ្ធសាស្រ្ត វិនិយោគលើតម្លៃ វិនិយោគលើកំណើន ការវិភាគបែបមូលដ្ឋានគ្រឹះនិងភាគខ្លះនៃការវិភាគបែបបច្ចេកទេស។

សូមចាំថា នេះគ្រាន់តែជាលំនាំដើមខ្លីៗនៃយុទ្ធសាស្រ្ត CANSLIM ប៉ុណ្ណោះ។ លំនាំដើមនេះគ្រាន់តែដកស្រង់ចេញមួយផ្នែកពីសៀវភៅរបស់លោក O’Neil ដែលមានឈ្មោះថា «របៀបរកប្រាក់ពីភាគហ៊ុន»។ យើងណែនាំលោកអ្នកអោយអានសៀវភៅនេះ ដើម្បីអោយបានយល់ពេញលេញនូវគោលគំនិតនៃប្រព័ន្ធ CANSLIM ។