ខ្មែរប៉ុស្ដិ៍ Close

ផ្សារមូលបត្រកម្ពុជា នឹងឈានទៅបោះផ្សាយមូលបត្ររដ្ឋលក់នៅពាក់កណ្តាលឆ្នាំនេះ ដើម្បីផ្តល់ជម្រើសកាន់តែច្រើនដល់វិនិយោគិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 6
ផ្សារមូលបត្រកម្ពុជា នឹងឈានទៅបោះផ្សាយមូលបត្ររដ្ឋលក់នៅពាក់កណ្តាលឆ្នាំនេះ ដើម្បីផ្តល់ជម្រើសកាន់តែច្រើនដល់វិនិយោគិន ផ្សារមូលបត្រកម្ពុជា នឹងឈានទៅបោះផ្សាយមូលបត្ររដ្ឋលក់នៅពាក់កណ្តាលឆ្នាំនេះ ដើម្បីផ្តល់ជម្រើសកាន់តែច្រើនដល់វិនិយោគិន

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា ការបោះផ្សាយលក់មូលបត្ររដ្ឋ នឹងត្រូវឡើងតាមយន្តការទីផ្សារមូលបត្រកម្ពុជា (CSX) ដោយបច្ចុប្បន្ននេះ CSX កំពុងរៀបចំនីតិវិធី យន្តការ និងប្រព័ន្ធផ្សេងៗ ដើម្បី​ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបោះផ្សាយមូលបត្ររដ្ឋលក់។

ថ្លែងឱ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ហុង សុហួរ បានឱ្យដឹងថា CSX នឹងចាប់ផ្តើមបោះផ្សាយមូលបត្ររដ្ឋលក់ជាលើកដំបូង នៅអំឡុងពេល២ ឬ៣ខែ​ខាងមុខ ដើម្បីចូលរួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបោះផ្សាយមូលបត្ររដ្ឋក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ ដែលបានកំណត់នៅក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣។ ប៉ុន្តែទំហំនៃការបោះផ្សាយលើកដំបូង មិនកំណត់នៅឡើយទេ ដោយមូលបត្ររដ្ឋ​ទំហំ ២០០លានដុល្លារអាមេរិកនេះ នឹងត្រូវបោះផ្សាយជាច្រើនលើក តាមរយៈយន្តការទាំងពីរ គឺយន្តការធនាគារនៃកម្ពុជា និងតាមរយៈទីផ្សារមូលបត្រកម្ពុជា។

លោកបន្តថា​ ការចូលរួមបោះផ្សាយមូលបត្ររដ្ឋរបស់ CSX នឹងផ្តល់ជម្រើសថ្មីបន្ថែម សម្រាប់វិនិយោគិននៅទីផ្សារ និងអាចទាក់ទាញបានវិនិយោគិនកាន់តែច្រើនឱ្យទិញមូលបត្ររដ្ឋ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «នេះជាការរួមគ្នាបង្កើតទីផ្សារមូលបត្ររដ្ឋមួយ ដែលមានទំហំធំ មានប្រសិទ្ធិភាព និងអាចទាក់ទាញវិនិយោគិនបានកាន់តែច្រើន ដើម្បីឱ្យរាជរដ្ឋាភិបាលរបស់យើង នៅពេលអនាគតអាចប្រើប្រាស់វាជាប្រភព ក្នុងការកៀរគរទុនច្រើន ដូចនៅបរទេសដែលបោះផ្សាយមូលបត្ររដ្ឋម្តងរាប់រយ ឬ ពាន់លានដុល្លារ។ ​ផ្សារមូលបត្រកម្ពុជា យើងមានបណ្តាញ មានវិនិយោគិនរបស់យើងមួយចំនួនស្រាប់ហើយដែរ ពីព្រោះយើងមានមូលបត្រឯកជន ដែលមានជាភាគហ៊ុន និងសញ្ញាប័ណ្ណ ដែលវិនិយោគិនមួយចំនួន អាចនឹងវិនិយោគលើមូលបត្ររដ្ឋ ជាពិសេសក្នុងចំណោមវិនិយោគិនជាស្ថប័ន ដូចជាក្រុមហ៊ុនជាដើម»។

ការបោះផ្សាយមូលបត្របានធ្វើឡើងចំនួន ៧លើករួចមកហើយ តាមរយៈយន្តការរបស់ធនាគារជាតិនៃកម្ពុជា ដែលការបោះផ្សាយលក់លើកដំបូងបានធ្វើឡើង កាលពីថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០២២។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសពីការដេញថ្លៃលក់មូលបត្ររដ្ឋលើកទី៨ ​នៅថ្ងៃ២២ ខែមីនា ឆ្នាំ២០២២ខាងមុខផងដែរ។

លោក ហុង សុហួរ កត់សម្គាល់ថា ការបោះផ្សាយមូលបត្ររដ្ឋ ដែលធ្វើឡើងដោយធនាគារជាតិនៅឆ្នាំ២០២៣នេះ មានលទ្ធផលប្រសើរជាងឆ្នាំ២០២២​។

សូមជម្រាបថា រាជរដ្ឋាភិបាលចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២។ នៅឆ្នាំ២០២៣ នេះតាមរយៈច្បាប់ថវិកាជាតិ សម្រាប់ការគ្រប់គ្រង រាជរដ្ឋាភិបាល គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ចំនួន២០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៣៕

Fresh News

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា