ខ្មែរប៉ុស្ដិ៍ Close

លោក Blinken ការពារបេសកកម្មអាមេរិកនៅអាហ្វហ្កានីស្ថានថា «មិនដូចគ្នានឹងទីក្រុងសៃហ្កននោះទេ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 32
លោក Blinken ការពារបេសកកម្មអាមេរិកនៅអាហ្វហ្កានីស្ថានថា «មិនដូចគ្នានឹងទីក្រុងសៃហ្កននោះទេ» លោក Blinken ការពារបេសកកម្មអាមេរិកនៅអាហ្វហ្កានីស្ថានថា «មិនដូចគ្នានឹងទីក្រុងសៃហ្កននោះទេ»

កាលពីថ្ងៃអាទិត្យ អ្នកការទូតកំពូលរបស់អាមេរិកបានបង្ហាញ មុខនៅក្នុងកម្មវិធី នយោបាយមួយនៅ លើកញ្ចក់ទូរទស្សន៍ ABC ដើម្បីការពារបេសកកម្មរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន និងបាន ព្យាយាមបដិសេធនឹងការប្រៀបធៀបឈុតឆាកវឹកវរដែល កំពុងស្ដែងឡើងនៅទីក្រុងកាប៊ុល ជាមួយនិងការដួលរលំដ៏អាម៉ាស់របស់ទីក្រុងសៃហ្កនកាលពី ៤៦ ឆ្នាំមុន។

លោក Antony Blinken បានប្រាប់ទូរទស្សន៍ABC នៅ សប្តាហ៍នេះថា «ការពិតជាក់ស្ដែង វាមិនដូចអ្វីដែលបានកើតឡើងនៅសៃហ្កននោះទេ។ យើងបានចូលទៅកាន់ប្រទេសអាហ្វហ្កានីស្ថានកាលពី ២០ ឆ្នាំមុនដើម្បីបំពេញបេសកកម្មមួយដែលជាការកម្ចាត់អ្នកដែលបានវាយប្រហារយើង កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ហើយបេសកកម្មនោះបានទទួលជោគជ័យហើយ»។

ការបដិសេធរបស់លោក Blinken ចំពោះភាពដូចគ្នានៃរូបភាពរបស់ឧទ្ធម្ភាគចក្រដែលកំពុងជម្លៀសបុគ្គលិក ចេញពីស្ថានទូតអាមេរិកប្រចាំទីក្រុងសៃហ្កនកាលពីចុងបញ្ចប់នៃសង្គ្រាមវៀតណាមកាលពីខែមេសាឆ្នាំ ១៩៧៥ ធ្វើឡើងនៅពេលដែលផ្ទៃមេឃដែលគ្របដណ្ដប់ពីលើរដ្ឋធានីអាហ្វហ្កានីស្ថានពោរពេញទៅ ដោយឧត្ថម្ភាគចក្រប្រភេទ Chinooks និង Black Hawks កំពុងដឹកជញ្ជូនបុគ្គលិក ស្ថានទូតអាមេរិកទៅកាន់ទីតាំងមានសុវត្ថិភាពមួយនៅឯព្រលានយន្តហោះអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេស រូបនេះបានធ្វើសុន្ទរកថាស្របពេលដែលកងកម្លាំងតាលីបង់កំពុងប្រមូលផ្តុំគ្នានៅខាង ក្នុងរដ្ឋធានីកាប៊ុល ហើយតំណាងរបស់ពួកគេ បាននិងកំពុងចរចាអំពី «ការផ្ទេរអំណាចដោយ សន្តិវិធី» នៅឯវិមាន ប្រធានាធិបតីរបស់អាហ្វហ្កានីស្ថាន។

ខណៈពេលដែលរដ្ឋបាលរបស់លោក បៃឌិន កំពុងតែការពារជំហររបស់ខ្លួនកាន់តែខ្លាំងឡើងៗ ស្របពេលដែលមានការវាយលុកយ៉ាងលឿនរបស់ក្រុមតាលីបង់នៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន លោក Blinken
បានព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃការដកទ័ពចេញរបស់អាមេរិកដោយសម្អាងថា បេសកកម្មរបស់អាមេរិកនៅអាហ្វហ្កានីស្ថានត្រូវបានបិទបញ្ចប់ហើយ ហើយថា ការរក្សាកម្លាំងរបស់អាមេរិកនៅក្នុងប្រទេសនេះបន្តទៀត មិនមែនជាជម្រើសត្រឹមត្រូវនោះទេ។

លោកបាននិយាយថា «ពួកអាល់កៃដាត្រូវបានកម្ចាត់អស់ស្ទើរតែទាំងស្រុងទៅហើយ ហើយពួកនេះនឹងមិនអាចប្រើប្រាស់អាហ្វហ្កានីស្ថានដើម្បីវាយប្រហារមកលើយើងសាជាថ្មីម្តងទៀតបានទេ»។

លោក Blinken បាននិយាយថា ការរក្សាវត្តមានយោធាអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថានលើសពីថ្ងៃទី ១ ខែឧសភា ដែលបានកំណត់ដោយរដ្ឋបាលរបស់ ត្រាំ គឺជាការបញ្ឆេះឱ្យពួកតាលីបង់បើកការវាយប្រហារមកលើជនជាតិអាមេរិក។

«ក្នុងករណីនេះខ្ញុំនឹងពន្យល់អំពីមូលហេតុដែលធ្វើឱ្យយើងបញ្ជូនកងកម្លាំងរាប់ម៉ឺននាក់ត្រឡប់ទៅអាហ្វហ្កានីស្ថានដើម្បីបន្តធ្វើសង្គ្រាមមួយដែលប្រទេសនេះត្រូវការឱ្យបិទបញ្ចប់បន្ទាប់ពីបានឆាបឆេះអស់ ២០ ឆ្នាំ រួចមក» ។

ប៉ុន្តែ ភាពច្របូកច្របល់នៃការជម្លៀសបុគ្គលិកស្ថានទូតចេញដោយតក់ក្រហល់រួមជាមួយនិងការបញ្ជូនកងទ័ពអាមេរិកចំនួន ៦០០០ នាក់ មកកាន់ប្រទេសអាហ្វហ្កានីស្ថានវិញ ដែលជាការអនុវត្តបញ្ច្រាសនឹងការដកទ័ពចេញអោយអស់កាលពីប៉ុន្មានសប្តាហ៍មុន បានធ្វើឱ្យសេតវិមានប្រឈមមុខនឹងការចោទប្រកាន់ថា បានចាកចេញដោយបន្សល់ទុកនូវផលវិបាករយៈពេលវែងជាច្រើន។

ការព្រួយបារម្ភ ក៏បានកើនឡើងផងដែរចំពោះជនជាតិអាហ្វហ្កានីស្ថានជាង 18,000 នាក់ និងក្រុមគ្រួសាររបស់ពួកគេដែលជាអ្នកបានធ្វើការឱ្យសហរដ្ឋអាមេរិកក្នុងនាមជាអ្នកបកប្រែនិងក្នុងជំនាញផ្សេងៗទៀត ដែលពួកគេទាំងនោះ ប្រឈមមុខនឹងការ សងសឹកពីសំណាក់ពួកតាលីបង់។

កាលពីព្រឹកថ្ងៃអាទិត្យ ការសង្ខេបព័ត៌មានដោយមន្រ្តីរដ្ឋបាលជាន់ខ្ពស់នៃរដ្ឋការរបស់លោក បៃឌិន ទៅកាន់មេដឹកនាំសភា បានបង្កឱ្យមានការខឹងសម្បារជាខ្លាំង។

យោងតាមសារព័ត៌មាន Politico បានឱ្យដឹងថា លោក Kevin McCarthy មេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្តអាមេរិកបានផ្ទុះកំហឹងជាខ្លាំង ដោយហៅការដកខ្លួនចេញនេះថា «ជាការអាម៉ាស់មួយ»។

លោក McCarthy បាន និយាយថា «ខ្ញុំមានភាពតក់ស្លុត និងមានកំហឹងជាខ្លាំង។ តើក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ប្រទេសអាមេរិកនឹងមានសុវត្ថិភាពដែរឬទេ» ?

ការផ្ទុះកំហឹងរបស់លោក បានកើតឡើងក្នុងអំឡុងពេលដែលលោកបានហៅទូរសព្ទអស់ពេលជិតមួយម៉ោងជាមួយលោក Blinken, ជាមួយរដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងជាមួយអគ្គសេនាធិការកងទ័ពជាតិ លោក Mark Milley ។

លោកស្រី Nancy Pelosi មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅ ក្នុងសភាអាមេរិក ក៏បាននិយាយផងដែរ ដោយអរគុណដល់លោក បៃឌិន ចំពោះ «គោលបំណងច្បាស់លាស់» របស់លោក ប៉ុន្តែលោកស្រីក៏បានលើកឡើងអំពីការព្រួយបារម្ភអំពីអនាគត របស់ស្ត្រីនៅអាហ្វហ្កានីស្ថានផងដែរ។

ការប្រៀបធៀបនូវភាពស្រដៀងគ្នាខ្លាំងទៅនឹងការដួលរលំរបស់ទីក្រុងសៃហ្កនដែលជាទិដ្ឋភាពដ៏អាម៉ាស់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នៃការធ្វើអន្តរាគមន៍របស់អាមេរិក បាននិងកំពុងកើតមានឡើងកាន់តែខ្លាំងប្រឆាំងនឹងលោក បៃឌិន ខ្លួនឯងផ្ទាល់។

កាលពីខែកក្កដាកន្លងទៅ នៅពេលដែលរូបលោកត្រូវបានគេសួរថា តើការដកខ្លួនចេញរបស់អាមេរិក ដូចគ្នាទៅនឹងស្ថានភាពនៅវៀតណាមដែរឬទេ? លោកប្រធានាធិបតីបានឆ្លើយតបថា «គ្មាននោះទេ។ គឺសូន្យ … នឹងមិនមានកាលៈទេសៈដែលអ្នក នឹងឃើញមនុស្សត្រូវបានគេលើកចេញពីលើដំបូលស្ថានទូតអាមេរិកនៅប្រទេសអាហ្វហ្កានីស្ថាននោះឡើយ» ។

ការស្ទង់មតិមួយចំនួនបានបង្ហាញថា ប្រជាជនអាមេរិកបានរ៉ាប់រងគ្រប់គ្រាន់ហើយ បន្ទាប់ពីសង្គ្រាមជិត ២០ ឆ្នាំ ដោយបានចំណាយអាយុជីវិតទាហានអាមេរិកជាង ២០០០ នាក់ និងបន្ទាប់ពីបានចំណាយប្រាក់ប្រមាណ ១ ទ្រីលានដុល្លារនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏បរាជ័យមួយ ក្នុងការបង្កើតរដ្ឋាភិបាលនិងកម្លាំងប្រយុុទ្ធអាហ្វហ្កានីស្ថានដែលរឹងមាំ ដើម្បីអាចទប់ទល់នឹងពួកតាលីបង់បាន។

ការស្ទង់មតិមួយដែលបានធ្វើឡើងដោយក្រុមប្រឹក្សាទីក្រុងឈីកាហ្គោស្តីពីកិច្ចការសកលលោក (Chicago Council on Global Affairs) បានរកឃើញថា ៧០% នៃអ្នកដែលបានឆ្លើយតប បានគាំទ្រនូវការសម្រេចចិត្តដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្កានីស្ថាន។

កាលពីថ្ងៃសៅរ៍ លោក បៃឌិន ក៍បាននិយាយបន្ទរនូវមនោសញ្ចេតនា ដែលបានឆ្លុះបញ្ចាំងនៅក្នុងការស្ទង់មតិទាំងនោះ ដោយបានលើកឡើងថា «វត្តមានដែលគ្មានទីបញ្ចប់របស់ជនជាតិអាមេរិកនៅចំកណ្តាលនៃជម្លោះស៊ីវិលរបស់ប្រទេសមួយ គឺជារឿងដែលមិនអាចទទួលយកបាននោះទេ» ។

លោកបានបន្ថែមថា លោកគឺជាប្រធានាធិបតីទី៤ ហើយ ដែលបានដឹកនាំកងទ័ពអាមេរិកនៅប្រទេសអាហ្វហ្កានីស្ថាន ដែលក្នុង នោះ ២ រូបមកពីគណបក្សសាធារណរដ្ឋ និង ២ រូបទៀតមកពីគណបក្សប្រជាធិបតេយ្យ ហើយលោកថា «ខ្ញុំនឹងមិនបន្តសង្គ្រាមនេះទៅដល់អ្នកទី ៥ នោះទេ» ។

បើទោះបីជាផែនការក្នុងការដកទ័ពចេញនេះត្រូវបានធ្វើឡើងតាំងពីរដ្ឋបាលរបស់លោក ត្រាំ ដោយបានធ្វើការចរចាជាមួយពួកតាលីបង់នៅទីក្រុងដូហានៃប្រទេសកាតា កាលពីខែកុម្ភៈឆ្នាំ ២០២០ ក្ដី ក៏មេដឹកនាំនានា
មកពីគណបក្សសាធារណរដ្ឋ មិនបានបញ្ឈប់ការរិះគន់របស់ពួកគេចំពោះសេតវិមាននាពេលបច្ចុប្បន្ននោះដែរ។

លោក Michael McCaul ដែលជាអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យការបរទេស របស់គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រអាមេរិក បានពិពណ៌នាព្រឹត្តិការណ៍នៅទីក្រុងកាប៊ុលថាជា «គ្រោះមហន្តរាយដែលមិនអាចគណនាបាន» និងបាននិយាយថា «បាតដៃរបស់លោក បៃឌិន នឹងប្រឡាក់ទៅដោយឈាម» ។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ CNN លោក McCaul បាននិយាយថា ក្រុមរបស់លោក បៃឌិន «ជាអ្នកបង្ករឿងនេះឡើងទាំងស្រុង។ ពួកគេមើលស្រាលសមត្ថភាពរបស់ពួកតាលីបង់ ហើយពួកគេមិនស្តាប់តាមក្រុមអ្នកស៊ើបការណ៍សម្ងាត់ឡើយ» ។

ដោយចំអកទៅនឹងការលើកឡើង របស់លោក បៃឌិន ដែលថា ការដកទ័ពចេញពីអាហ្វហ្កានីស្ថាន មិនដូចគ្នាទៅនឹងការដកទ័ពចេញពីប្រទេសវៀតណាមនោះ លោក McCaul បាននិយាយថា «យើងគិតថា ការដកទ័ពរបស់អាមេរិកលើកនេះ នឹងអាក្រក់ជាងការដកទ័ពចេញពីទីក្រុងសៃហ្កនទៅទៀត។ «នៅពេលដែលពួកតាលីបង់លើកទង់ពណ៌ខ្មៅរបស់ខ្លួន នៅលើស្ថានទូតអាមេរិករបស់យើង សូមអ្នកស្រមៃមើលអំពីរូបភាពនោះ» ៕  The Guardian

អត្ថបទទាក់ទង