ក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញបុព្វហេតុនៃមរណភាពចុងភៅជនជាតិថៃ នៅលើទឹកដីកម្ពុជា
ក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញបុព្វហេតុនៃមរណភាពចុងភៅជនជាតិថៃ នៅលើទឹកដីកម្ពុជា
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីករណីពាក់ព័ន្ធនឹងមរណភាពបុរសជនជាតិថៃ ដែលថា «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល»គឺជាព័ត៌មាន មិនពិត។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា តាមការពិនិត្យស្រាវជ្រាវជាក់ស្ដែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការធ្វើកោសល្យវិច័យ បុរសជនជាតិថៃនោះ បានស្លាប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ឬត្រូវបានបដិសេដដោយមន្ទីរពេទ្យក្នុងស្រុក មុនពេលទទួលមរណភាពឡើយ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការ ផ្សព្វផ្សាយព័ត៌មានមិនពិត អំពីករណីពាក់ព័ន្ធនឹងមរណភាពបុរសជនជាតិថៃ អាយុ ២៤ឆ្នាំ មកពីខេត្ត Nakhon Si Thammarat នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រសួងសុខាភិបាល ចាត់ទុកការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់អ្នកវិជ្ជាជីវៈសុខាភិបាល កម្ពុជា និងបណ្តាលឱ្យមានការយល់ច្រឡំពីសាធារណជនជាតិ និងអន្តរជាតិ។ កន្លងមក មន្ត្រី បុគ្គលិក នៅ គ្រប់មូលដ្ឋានសុខាភិបាល តែងតែងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការជួយសង្គ្រោះអាយុជីវិត អ្នកជំងឺដោយគ្មានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។ ក្រសួងសុ ខាភិបាលបាននិងកំពុងផ្ដោតសំខាន់ៗ ក្នុងការបម្រើសេវាសុខាភិបាល ឈានទៅសម្រេចបាននូវការគ្រប ដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសវាថែទាំសុខ ភាពនោះឡើយ៕



