ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តសៀមរាបស្តារបឹងធម្មជាតិពារាំងឡើងវិញដើម្បីអភិរក្សត្រីមេពូជនិងធនធានធម្មជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 45
អាជ្ញាធរខេត្តសៀមរាបស្តារបឹងធម្មជាតិពារាំងឡើងវិញដើម្បីអភិរក្សត្រីមេពូជនិងធនធានធម្មជាតិ អាជ្ញាធរខេត្តសៀមរាបស្តារបឹងធម្មជាតិពារាំងឡើងវិញដើម្បីអភិរក្សត្រីមេពូជនិងធនធានធម្មជាតិ

អាជ្ញាធរខេត្ត សៀមរាបស្តារបឹងធម្មជាតិពារាំងឡើងវិញដើម្បីរក្សាទឹកទុកជាប្រយោជន៍ដល់ការងារអភិរក្សត្រីមេពូជនិងធនធានធម្មជាតិ ដទៃទៀត ខណៈដែលកន្លងមកទីតាំងបឹងពារាំងនេះបានគោករាក់នារដូវប្រាំងដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទខេត្តសៀមរាបបានឱ្យដឹងថា អាជ្ញាធរខេត្ត សហការជាមួយនិងសហគមន៍ បានស្តារជីកយកអាចម៍ដីពីតំបន់គោករាក់នៃបឹងធម្មជាតិពារាំង បានរយៈពេលជាង១០ថ្ងៃមកហើយ ដោយជំហានដំបូងសម្រាប់ឆ្នាំ ២០២១នេះ គម្រោងស្តារទំហំ១០ហិកតា និងមានជម្រៅ៣ម៉ែត្រកន្លះសិន ។

លោកបន្តថា ការស្តារបឹងធម្មជាតិមួយនេះឡើងវិញ ដោយសារតែទីនេះមាន ត្រីមេពូជ និងសត្វស្លាបរាប់រយប្រភេទអាស្រ័យនៅ ស្របពេលដែលបច្ចុប្បន្ននេះ ទឹកនៅក្នុងបឹងបានគោករាក់ ពីមួយឆ្នាំទៅមួយឆ្នាំ បណ្ដាលឱ្យត្រីជាច្រើនបានងាប់ដោយសារគ្មានទឹកគ្រប់គ្រាន់។

លោកបន្តថា គម្រោងស្តារបឹងពារាំងជំហានទី១នេះធ្វើឡើងសម្រាប់ឆ្នាំ២០២១នេះ ប៉ុន្តែក្នុងករណីពិនិត្យឃើញថា បឹងនេះមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអាស្រ័យនៅរបស់ត្រីមេពូជ និងធនធានធម្មជាតិផ្សេងៗទៀត នោះ នាឆ្នាំបន្ទាប់ក្រុមការងារ នឹងស្តារបន្ថែមទៀត ដើម្បីកែសម្រួលឱ្យទៅជាបឹងអភិរក្សត្រីពូជដ៏សម្បូរបែប និងមានភាពទាក់ទាញភ្ញៀវទេសចរផងដែរ។

”ប្រហែលជាកន្លះខែហើយ យើងស្តារជំហានហ្នឹងគឺទំហំ១០ហិកតា ជាប់គ្នាជាមួយផ្ទៃបឹងហ្នឹង កន្លែងវាគោករាក់ អ៊ីចឹងយើងដាក់កន្លែងហ្នឹង១០ហិកតានៅឆ្នាំហ្នឹង ទំហំ៣ម៉ែត្រកន្លះ ជំហានដំបូង យើងស្នើសុំតែ១០ហិកតាសិនទេ ប៉ុន្តែប្រហែលជាអាចមានជំហាទី២ទៀត បើសិនជាក្នុងករណីជំហានទី១ហ្នឹងវាមិនប្រក្រតីឬមិនមាននិរន្តរភាព ជាមួយនឹងត្រី យើងអាចថែមមួយស្រះអីទៀត ក្បែរគ្នា្នហ្នឹង១០ហិកតាអីទៀត”។

សូមជម្រាបផងដែរថា បឹងពារាំងមានទីតាំងស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាបដោយបានទទួលការការពារថែរក្សាពីសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ជាកន្លែងអភិរក្សជីវៈចម្រុះ ដោយមានការការពារត្រីមេពូជ ការពារព្រៃលិចទឹក តំបន់នោះមានទំហំផ្ទៃដីអភិរក្សប្រមាណជា៣.០០០ហិកតា បានទាក់ទាញប្រភេទសត្វស្លាបទឹកប្រមាណ១៦0ប្រភេទ មករកចំណីនៅទីនេះ។ បឹងពារាំង ក៏បានក្លាយជាកន្លែងទេសចរណ៍មួយ ដែលអាចអន្ទងអារម្មណ៍ អ្នកទេសចរទៅកម្សាន្តជាហូរហែផងដែរ៕ AKP

អត្ថបទទាក់ទង