ខ្មែរប៉ុស្ដិ៍ Close

ការជួសជុលតួកណ្តាលប្រាសាទតុបខាងលិច សម្រេចបាន ៦០ភាគរយហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 55
ការជួសជុលតួកណ្តាលប្រាសាទតុបខាងលិច សម្រេចបាន ៦០ភាគរយហើយ ការជួសជុលតួកណ្តាលប្រាសាទតុបខាងលិច សម្រេចបាន ៦០ភាគរយហើយ

ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុនកំពុងដំណើរការជួសជុលតួប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតដួលរលំស្ទើរទាំងស្រុង ដោយសារកត្តាអាយុកាល មនុស្ស និងកត្តាធម្មជាតិ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលជាង៦០ភាគរយហើយ។

លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិណារ៉ា បានឱ្យដឹងថា ចាប់ពីការចាប់ផ្តើមអនុវត្តគម្រោងជួសជុលតួកណ្តាលប្រាសាទតុបខាងលិចពីឆ្នាំ២០១៧ រហូតដល់ពេលនេះ យើងបានធ្វើកិច្ចការសំខាន់ៗជាច្រើនទៅតាមបច្ចេកទេសអាណាស្ទីឡូ (Anastylosis) ដោយធ្វើការរុះរើទាំងស្រុងតួប៉មកណ្តាលចាប់ពីដំបូលចុះមកគ្រឹះថ្មបាយក្រៀមចាស់ រួចធ្វើការបង្ហាប់ពង្រឹងបណ្តាទីតាំងចន្លោះប្រហោងនៅផ្នែកខាងក្រោម ដែលជាចំណុចបង្កឱ្យមានការស្រុតរលំតួប្រាសាទ ហើយធ្វើការរៀបផ្គុំតួប៉មឡើងវិញទៅតាមលំនាំដើមទាំងស្រុង។

ក្នុងការរៀបផ្គុំឡើងវិញនេះ យើងបានប្រើប្រាស់ថ្មថ្មីប្រហែលពី២០ ទៅ២៥ភាគរយ ជំនួសថ្មចាស់ដែលពុកផុយ និងបាត់បង់ (ថ្មថ្មីដែលយកជំនួសយើងមិនបានឆ្លាក់ក្បាច់ឱ្យដូចថ្មដើមវិញទេ គឺគ្រាន់តែឆ្លាក់ជាហេតុៗប៉ុណ្ណោះ)។ គម្រោងនេះគ្រោងនឹងបញ្ចប់នាកំលុងខែមិនា ឆ្នាំ២០២២ខាងមុខ។ លោកបន្តទៀតថា មុនឈានដល់ការជួសជុលតួកណ្តាលនេះ វិទ្យាស្ថានជាតិណារ៉ា ធ្លាប់បានចូលរួមជួសជុលតួខាងត្បូងនិងខាងជើងរបស់ប្រាសាទតុបនេះ នាចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៧។ ជាបន្តបន្ទាប់ទៀតក្រោយពីបញ្ចប់គម្រោងនេះ វិទ្យាស្ថានជាតិណារ៉ានឹងបន្តធ្វើការជួសជុលកែលម្អរចនាសម្ពន្ធជុំវិញ ព្រមទាំងខឿនមុខប្រាសាទជាបន្តទៀត។

ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ (ទិសនិរតីប្រាសាទបាយ័ន្ត) ជាប្រាសាទបែបព្រះពុទ្ធសាសនា មានតួប៉ម៣នៅលើខឿនតែមួយបែរមុខទៅទិសខាងកើត។ ប្រាសាទនេះគេយល់ថាសម័យដែលសាងនោះគឺសតវត្សរ៍ទី១០។ ប៉ុន្តែប្រាសាទទាំងមូលដែលយើងឃើញសព្វថ្ងៃ គឺជាការកែបន្ថែមបន្ថយខ្លះដែលធ្វើឡើងចាប់ពីសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧៕