ខ្មែរប៉ុស្ដិ៍ Close

បំណែកបដិមាព្រះសិវៈរាំចំនួន១០០០០បំណែកត្រូវបានចាប់ផ្តើមផ្គុំរូបរាងឡើងវិញ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 54

បដិមាព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅកោះកេរ នាស.វទី១០នៃគ.ស ស្ថិតក្នុងសភាពបាក់បែកចំនួន ១០០០០ បំណែក បច្ចុប្បន្នកំពុងត្រូវបានក្រុមអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា សារៈមន្ទីរជាតិភ្នំពេញ និងសាលាបារាំងចុងបូព៌ាធ្វើការជួសជុលផ្គុំរូបរាងឡើងវិញតាមទម្រង់ដើម។

ភាពខ្ទេចខ្ទាំរាងកាយរាប់ម៉ឺនបំណែកនៃទេពអង្គនេះ បណ្តាលមកពីកត្តាធម្មជាតិនៃអាយុកាល ភាពវឹកវរនៃសង្គ្រាមស៊ីវិល និងពួកឈ្មួញទុច្ចរិតមួយចំនួនឆ្លៀតឱកាសស្រុកទេសគ្មានសុខសន្តិភាព ក៏បានអារកាត់ព្រះសិរយកទៅជួញដូរ ហើយវាយបំបែករូបរាងកាយដែលពុកផុយឱ្យបែកខ្ទេច គួរឱ្យសង្វេគបុរាណវត្ថុដ៏ធំនេះក្រៃ។

ទាក់ទងនឹងការប្រមូលបំណែកនៃព្រះសិវៈរាំមកធ្វើការអភិរក្សឡើងវិញ គឺនៅឆ្នាំ២០១២ សាលាបារាំងចុងបូព៌ា បានសហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើកំណាយស្រាវជ្រាវរួមគ្នាដើម្បីប្រមូលនូវបំណែកនៃព្រះសិវៈរាំដែលសេសសល់ពីការបំផ្លាញទាំងក្នុងដីខ្លះ និងគរលើដីលាយឡំនឹងបំណែកឥដ្ឋខ្លះ មករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏ប៉ុន្តែដោយសារនៅទីនោះមានការលំបាកក្នុងការជួសជុល ក៏បានផ្ទេរមកអភិរក្សដ្ឋានអង្គរវិញ។ ក្នុងការជួសជុលនេះ ក៏បានយកបំណែកដៃចំនួន៥ និងព្រះភក្ត្រចំនួនពីរមកពីសារមន្ទីរជាតិភ្នំពេញដែលបារាំងបានយកទៅរក្សាទុកនៅឆ្នាំ១៩៦០ ដើម្បីផ្គុំឱ្យចេញរូបរាងដើមវិញ។

ចំពោះដំណើរការជួសជុល លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌បានឱ្យដឹងថា មកដល់ពេលនេះការជួលជុលនិងផ្គុំបំណែកបដិមាព្រះសិវៈរាំ បានដំណើរការជាង២ខែមកហើយ ដោយក្រុមអ្នកជំនាញបច្ចេកទេសខ្មែរមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា និងសារមន្ទីរជាតិភ្នំពេញ។ ជាលទ្ធផល យើងផ្គុំបានផ្នែកទ្រូង ការព្យាបាលពង្រឹងថ្មដែលពុកផុយខ្លះ រួមទាំងផ្នែកផ្សេងៗទៀត។ ក្នុងនោះដែរក៏ជាការសោកស្តាយ ដែលព្រះភក្ត្រចំនួនបីត្រូវបានបាត់បង់ ហើយក្រុមការងារក៏កំពុងពិចារណាថាគួរបំពេញបន្ថែម និងប្រើថ្មថ្មីក្នុងកម្រិតណាក្នុងការបំពេញនៅកន្លែងបាត់បង់ផ្នែកផ្សេងទៀត។

លោក ចំរើន បន្តទៀតថា ក្នុងការអនុវត្តការងារយើងមិនទាន់ហ៊ានកំណត់ពីវេលាសម្រេចទេ ព្រោះមានការលំបាកខ្លាំងដោយសារបំណែករូបមានដល់ទៅមួយម៉ឺនដុំទាំងតូចធំ ដែលបំណែកខ្លះតូចពិបាកក្នុងការផ្គុំ ត្រូវការពេលវេលាច្រើនក្នុងការយកថ្មមកភ្ជាប់ឱ្យត្រូវគ្នា កន្លែងខ្លះមានស្នាមមុខដាប់ ច្រើន ឯថ្មខ្លះទ្រុឌទ្រោមខ្លាំងត្រូវការព្យាបាលនិងពង្រឹង។ ចំពោះការផ្គុំឱ្យចេញជារូបរាង គឺផ្គុំពីសាច់ក្នុងមកក្រៅ ដែលទាមទារការយកចិត្តទុកដាក់ អត់ធ្មត់ ពេលវេលា ការស្រឡាញ់ ទើបអាចធ្វើបានសម្រេច។

អ្នកជំនាញរូបនេះ បានប្តេជ្ញាថា មិនថាមានការលំបាកយ៉ាងណានោះទេ ក៏នឹងបំពេញកិច្ចការនេះឱ្យបានសម្រេច និងសំណូមពរឱ្យកូនខ្មែរគ្រប់រូបរួមគ្នាថែរក្សា ការពារ ស្វែងយល់ពីរតនៈវត្ថុរបស់យើង ដោយមិនពឹងតែលើអ្នកជំនាញតែមួយមុខ។ ចំពោះការប្រឹងប្រែងផ្គុំរូបសិវៈទោលធំ ក្នុងសភាពបែកខ្ទេចដូច្នេះ ក៏ព្រោះចង់រក្សាអ្វីជាបុរាណ ទាំងស្នាដៃ និងបច្ចេកទេសធ្វើរបស់ដូនតាខ្មែរតាំងពីស.វ.ទី១០ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ឱ្យកូនចៅ អ្នកស្រាវជ្រាវជំនាន់ក្រោយបានឃើញ៕

អត្ថបទ និងរូបភាព៖ ទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា

អត្ថបទទាក់ទង