ខ្មែរប៉ុស្ដិ៍ Close

ស៊ីម៉ាក់រកឃើញគ្រាប់បែកប្រមាណ ៤០០គ្រប់នៅក្បែរវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងខេត្តសៀមរាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
ស៊ីម៉ាក់រកឃើញគ្រាប់បែកប្រមាណ ៤០០គ្រប់នៅក្បែរវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងខេត្តសៀមរាប ស៊ីម៉ាក់រកឃើញគ្រាប់បែកប្រមាណ ៤០០គ្រប់នៅក្បែរវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងខេត្តសៀមរាប

ក្រុមការងារស៊ីម៉ាក់ (CMAC) ខេត្តសៀមរាប បានបញ្ចប់បេសកម្មរុករកគ្រាប់បែក ដែលបានប្រទះឃើញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ថ្មីនេះ ដែលរហូតមកដល់ថ្ងៃទី១២ ខែកក្កដា ក្រុមការងារស៊ីម៉ាក់ បានរកឃើញគ្រាប់បែកដៃសរុបប្រមាណ ៤០០គ្រាប់នៅក្បែររបងវិទ្យាល័យ១០ មករា ១៩៧៩។

លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះថា បេសកកម្មរុករកគ្រាប់បែកដៃ ដែលបានប្រទះឃើញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានបញ្ចប់​កាលពីល្ងាចថ្ងៃទី១២ ខែកក្កដាម្សិលមិញនេះ ដោយក្រុមការងារបន្តធ្វើការជីកកកាយរកឃើញគ្រាប់បែបចំនួន៨០គ្រាប់បន្ថែមទៀត ខណៈកាលពីល្ងាចថ្ងៃទី១០ ខែកក្កដា បានរកឃើញចំនួន៣២៥គ្រាប់រួចមកហើយ។

លោកបន្តថា គ្រាប់បែកដៃទាំងនោះ មានម៉ាក(N 36 UK) ផលិតនៅប្រទេសអង់គ្លេស សុទ្ធតែនៅមានសុពលភាព អាចបង្កគ្រោះថ្នាក់ ដល់មនុស្ស ប្រសិនបើមានការជីកកាយប៉ះឬដំ ឬធ្វើឱ្យជ្រុះធ្លាក់ទៅដី។

លោកបន្តទៀតថា គ្រាប់បែកដៃទាំងនោះ ត្រូវបានគេកប់ចោលជាច្រើនឆ្នាំមកហើយ ដែលទីនោះអាចជាចំណុចឃ្លាំងគ្រាប់មួយកន្លែង ប៉ុន្ដែមិនអាចសន្និដ្ឋានបានថា បានកប់ទុកចោលនៅឆ្នាំណានោះទេ។

«ខាងខ្ញុំក៏បានទៅធ្វើកាលពីល្ងាចថ្ងៃសៅរ៍ ឆែកមើលឃើញគ្រាប់រហូតដល់៣២៥គ្រាប់ ដោយសារពេលវេលាល្ងាចផង និងថ្ងៃគាត់សមា្រកពីការងារផងក៏សុំឱ្យគាត់បិទការដ្ឋានហ៊ុំព័ទខ្សែមិនឱ្យមានការកាប់គាស់បន្តទៀតទេ រង់ចាំថ្ងៃចន្ទ ខ្ញុំដាក់កម្លាំងទៅធ្វើ ដល់ថ្ងៃម្សិលមិញថ្ងៃទី១២ ខ្ញុំបានដាក់កម្លាំងទៅធ្វើជីកកកាយចុងក្រោយ រកឃើញ ៨០បន្ថែមទៀត អ៊ីចឹងតំបន់ហ្នឹងអង្គភាពស៊ីម៉ាក់ ទៅធ្វើការជីកកាយនិងរុករក បានយកអស់ហើយកន្លែងហ្នឹង»។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ ក្រុមការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានជីកដីបង្កប់ខ្សែកាប្លិ៍អ៊ុបទិកក្រោមដីនៅបរិវេណជាប់របងវិទ្យាល័យ១០ មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ប្រទះឃើញ គ្រាប់បែកដៃ ចំនួន៧គ្រាប់ និងបានរាយការណ៍ទៅកាន់អង្គភាពស៊ីម៉ាក់ខេត្ត ចុះមកធ្វើការរុករក រហូតមកដល់ពេលនេះប្រទះឃើញ ៤០៥គ្រាប់ ដែលគ្រាប់ទាំងនោះសុទ្ធតែនៅមានសុពលភាព អាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា នៅពេលមានការជីកកកាយឬដំប៉ះចំគ្រាប់ទាំងនោះ៕

អត្ថបទទាក់ទង