ខ្មែរប៉ុស្ដិ៍ Close

តើលោក ប្រាជ្ញ ចន្ទ ដែលរដ្ឋសភាទើបបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាប្រធាន គ.ជ.ប ថ្មីជានរណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកសារ 59
តើលោក ប្រាជ្ញ ចន្ទ ដែលរដ្ឋសភាទើបបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាប្រធាន គ.ជ.ប ថ្មីជានរណា? លោក ប្រាជ្ញ ចន្ទ ប្រធានថ្មីរបស់ គ.ជ.ប

ដ្ឋសភាកម្ពុជា​នៅព្រឹកព្រហស្បតិ៍នេះ ​បានបោះឆ្នោតគាំទ្រ ​និងផ្តល់ទំនុក​ចិត្តឱ្យលោកប្រាជ្ញ ចន្ទ​ ដែលជាសមាជិក​គណបក្សប្រជាជន​កម្ពុជាធ្វើ​ជាប្រធានគណៈកម្មធិការ​ជាតិរៀបចំការបោះឆ្នោត​(គ.ជ.ប)ថ្មីជាផ្លូវការ​ហើយ។​ បន្ទាប់ទៅទៀត លោក​ប្រាជ្ញ ចន្ទ ​នឹងត្រូវចូលស្បថក្នុ​ងព្រះបរមរាជវាំង​ ដើម្បីឡើងកាន់ការងារ​ជាប្រធានគ.ជ.ប​ថ្មីនាពេលខាងមុខនេះ។​ លោកប្រាជ្ញ ចន្ទ​ ត្រូវបានជ្រើសរើស​ជាប្រធានថ្មី​គ.ជ.ប នេះ ​គឺជំនួសលោកស៊ិក ប៊ុនហុក ​ដែលបានលាលែងកាលពី​ដើមខែមិថុនានេះ​ក្រោមហេតុផលសុខភាព​

មានវ័យ៦៤ឆ្នាំ លោកប្រាជ្ញ ចន្ទ បានក្លាយជាប្រធានថ្មីនៃគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ កើតនៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស ខេត្តកំពត លោកប្រាជ្ញ ចន្ទ បានបញ្ចប់​មធ្យមសិក្សាកម្រិត​​១​នៅក្នុងខេត្តកំពត ហើយបានមកបន្តបញ្ចប់មធ្យមសិក្សាកម្រិត​​២នៅក្នុងរាជធានីភ្នំពេញនៅក្នុងសម័យសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់ មុនការមកដល់នៃរបបខ្មែរក្រហម។ បើតាមប្រភពខ្លះ លោកប្រាជ្ញ ចន្ទ ក៏ជាវីរជនតស៊ូរំដោះជាតិមាតុភូមិកម្ពុជាមួយរូបពីកណ្តាប់ដៃក្រុមប៉ុល ពតផងដែរ។

បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទាំង២កម្រិតនេះ លោកប្រាជ្ញ ចន្ទ ក៏បានបញ្ចប់​ការ​សិក្សា​​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយថ្នាក់បរិញ្ញាបត្រ ប៉ុន្តែគេមិនដឹងថា លោកបញ្ចប់ជំនាញនេះនៅឆ្នាំណា និងពីសាលាណា ឬក៏នៅក្នុងស្រុក ឬមកពីក្រៅស្រុកឡើយ។ និយាយពីជីវិតការងារវិញ លោកប្រាជ្ញ ចន្ទ មានបទពិសោធន៍ជោគជាំនៅក្នុងក្រសួងមហាផ្ទៃ។ ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០០១ លោកបានកាន់ដំណែងជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ខេត្តនៃក្រសួងមហាផ្ទៃ ហើយក្រោយមកជាប្រធាន​នាយកដ្ឋានរ​ដ្ឋបាល​ទូទៅ ប​ន្ទាប់មកទៀតជាអគ្គនាយករង​នៃ​អគ្គ​នាយក​ដ្ឋា​ន​រដ្ឋបាល និងចុងក្រោយជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋ​បាលនៃក្រសួងមហាផ្ទៃ។

ចេញពីក្រសួងមហាផ្ទៃ លោកប្រាជ្ញ ចន្ទ បានទៅធ្វើជាអភិបាលខេត្តបាត់ដំបងចន្លោះឆ្នាំ២០០១ដល់ឆ្នាំ២០១៣ ហើយផ្លាស់ទៅធ្វើជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧។ ក្រោយមក លោកបានធ្វើជាតំណាងរាស្រ្តខេត្តត្បូងឃ្មុំ និង ត្រូវបានតែងតាំងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា មុនត្រូវបានជ្រើសរើសជាប្រធានគ.ជ.បថ្មីនាពេលនេះ។

ការជ្រើសរើសរូបលោកធ្វើជាប្រធានស្ថាប័នរៀបចំការបោះឆ្នោតនេះ បង្កឱ្យមានការព្រួយបារម្ភផង និងរិះគន់ផងពីសំណាក់មន្រ្តីគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ជាពិសេស អង្កការធ្វើការងារខាងបោះឆ្នោត។ ពួកគេបានបង្ហាញពីការព្រួយបារម្ភពីការដឹកនាំគ.ជ.ប ដោយសារតែរូបលោកមិនមានបទពិសោធន៍ក្រាស់ក្រែលលើការងារបោះឆ្នោត។ រីឯ ការរិះគន់វិញ គឺលើភាពឯករាជ្យរបស់គ.ជ.ប ព្រោះថា ប្រធានថ្មីនេះ គឺជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែចំពោះបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ធ្លាប់បានគូសបញ្ជាក់ដូចគ្នាថា ភាពឯករាជ្យ និងអព្យាក្រឹត្យរបស់គ.ជ.ប​ គឺឆ្លុះបញ្ចាំងតាមរយៈការប្រតិបត្តិត្រឹមត្រូវតាមតួនាទីដែលកំណត់ដោយច្បាប់ ហើយភាពត្រឹមត្រូវ និងតម្លាភាពនៃការបោះឆ្នោតវិញ គឺអាស្រ័យទៅលើការអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត​ ពោល គឺមិនអាស្រ័យលើនរណាម្នាក់ឡើយ៕ RFI

 

អត្ថបទទាក់ទង