គ.ជ.ប ច្រានចោលសំណើរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការគូសសន្លឹកឆ្នោត
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចមិនធ្វើវិសោធនកម្ម កែប្រែចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងរបៀបគូសសន្លឹកឆ្នោត តាមការស្នើសុំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះទេ។ នេះបើយោងតាមលិខិតរបស់ អគ្គលេខាធិការ គ.ជ.ប ផ្ញើទៅប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
ក្នុងលិខិតនេះ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា «គ.ជ.ប សូមជម្រាបលោកប្រធានជ្រាបថា គ.ជ.ប បានទទួលរួចហើយនូវលិខិតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលស្នើសុំឲ្យ គ.ជ.ប ធ្វើវិសោធនកម្មចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨»។
អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់បន្តថា «បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេសដែលជាបទពិសោធន៍នៃការអនុវត្តការងារបោះឆ្នោតកន្លងមក គ.ជ.ប មិនអាចធ្វើវិសោធនកម្មលើចំណុច ៨.១១.១ តាមការស្នើសុំបានឡើយ»។
សូមជម្រាបថា ចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានចែងថា សន្លឹកឆ្នោតបានការ គឺជាសន្លឹកឆ្នោតផ្លូវការដែលបានផ្តល់ជូន ដោយ គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តាមមណ្ឌលរាជធានី ខេត្តនីមួយៗ និងមានបោះត្រាសម្ងាត់នៃការិយាល័យពាក់ព័ន្ធនៅផ្នែកខាងខ្នង ហើយដែលនោលើសន្លឹកឆ្នោតនោះ អ្នកបោះឆ្នោតបានបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈរបស់ខ្លួន ដោយមានគូសសញ្ញាគាំទ្រប្រអប់បួនជ្រុងទ្រវែងនៃ គណបក្សនយោបាយណាមួយដែលគាត់ពេញចិត្ត។
កាលពីពេលថ្មីនេះ គ.ជ.ប បានឲ្យដឹងដែរថា ចំពោះការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត ក្នុងនោះមានសញ្ញាធិក សញ្ញាខ្វែង សញ្ញា + សញ្ញា – សញ្ញា / សញ្ញា \ សញ្ញា V សញ្ញា U សញ្ញារាងអក្សរយូផ្កាប់ចុះក្រោម សញ្ញា ០ សញ្ញា ( សញ្ញា ) សញ្ញា ~ ឬសញ្ញាណាដែលគេមិនអាចស្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
តែទោះជាយ៉ាងណា គ.ជ.ប នៅតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោត សូមគូសសញ្ញាធិកឱ្យបានត្រឹមត្រូវក្នុងប្រអប់រាងការេ ឬក្នុងក្រឡោនរាងចតុកោណកែង របស់គណបក្សនយោបាយដែលខ្លួនពេញចិត្ត៕