ខ្មែរប៉ុស្ដិ៍ Close

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1335
    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

    ប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត ដែលរស់នៅក្នុងភូមិសាស្ត្រតំបន់ខ្លះ នៃក្រុង ស្រុក របស់ខេត្តព្រះសីហនុ ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បានទទួលការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋពីសំណាក់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់តាមរយៈក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ដែលក្នុងយុទ្ធនាការថ្ងៃដំបូង បានដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រះសីហនុ។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រសួងការពារជាតិ រួមដំណើរដោយ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមនឹងមន្ត្រីយោធាជាន់ខ្ពស់ក្នុងអគ្គបញ្ជាការ ក្រសួងការពារជាតិ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប បានទៅពិនិត្យមើលអំពីដំណើរការចាក់វ៉ាក់សាំង នៅក្នុងខេត្តព្រះសីហនុ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ក្រសួងការពារជាតិ។

    សូមបញ្ជាក់ថា នៅតំបន់ខ្លះក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវបានប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានកំណត់ថា ជាតំបន់មានហានិភ័យខ្ពស់កំពុងឆ្លងរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ ដែលបានកំពុងយាយី ចំពោះសុខភាពប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត យ៉ាងខ្លាំង ដែលតម្រូវឱ្យអាជ្ញាធរមានការបិទខ្ទប់តំបន់ទាំងនេះ អស់រយៈពេលយ៉ាងយូរ ដែលធ្វើឲ្យមានការប៉ះពាល់មួយចំនួន ដល់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍។ ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺឆ្លង កូវីដ-១៩ ដ៏កាចសាហាវចេញពីក្នុងសហគមន៍ នៅខេត្តព្រះសីហនុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់បទបញ្ជាដល់កងទ័ព បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងបំណងកាត់ផ្ដាច់ចរន្តនៃការចម្លងរាលដាលនៃជំងឺនេះ ពីប្រជាពលរដ្ឋយើង ក្នុងការស្ដារឡើងវិញនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងបន្តការអភិវឌ្ឍឲ្យប្រសើរឡើងវិញ។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា បើតាមគម្រោងផែនការ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានប្រគល់ភារកិច្ចឱ្យដល់កងទ័ពទទួលខុសត្រូវ ក្នុងការធ្វើសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត និងជនបរទេស ដែលរស់នៅស្នាក់នៅក្នុងភូមិសាស្ត្រខេត្តដែលមានហានិភ័យទាំង ៥ រួមមានខេត្តព្រះសីហនុ-កំពង់ស្ពឺ-ខេត្តតាកែវ-ខេត្តកំពង់ចាម និងខេត្តស្វាយរៀង ដែលត្រូវទទួលការចាក់វ៉ាក់សាំង ចំនួនសរុបប្រមាណ ១លាន ២សែន ៤ម៉ឺន ៤១២នាក់ ក្នុងនោះកងទ័ពទទួលខុសត្រូវចាក់ប្រមាណជា ៨សែន ៣ម៉ឺន ៩ពាន់ ៦៨៥នាក់ សុខាភិបាលតាមបណ្ដាខេត្ត ទទួលខុសត្រូវចាក់ប្រមាណជា ៤សែន ៧២៧នាក់។

    ដោយឡែកសម្រាប់តំបន់ខ្លះ នៃខេត្តព្រះសីហនុ មានប្រជាពលរដ្ឋ និងជនបរទេស មិនទាន់ទទួលបានវ៉ាក់សាំងប្រមាណជាជាង ២សែន ៣ពាន់ ៣៤០នាក់ ដែលក្នុងចំនួននេះ សុខាភិបាលខេត្តព្រះសីហនុ នឹងធ្វើការទទួលចាក់វ៉ាក់សាំងលើពីរទីតាំង ក្នុងក្រុងព្រះសីហនុ ដែលមានប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងប្រមាណជា ១ម៉ឺន ១៧៥នាក់ និងក្រៅពីនោះមានប្រជាពលរដ្ឋ កម្មករ និយោជិត និងជនបរទេស ប្រមាណជាជាង ១៩ម៉ឺន ៣ពាន់ ១៦៥នាក់ទៀត ក្រុមគ្រូពេទ្យកងទ័ពមកពីអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងទឹក មានអង្គភាពបញ្ជាការដ្ឋានការពារកោះឆ្នេរ.អង្គភាពកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ.អង្គភាពកងពលតូចលេខ ៧០ កងទ័ពជើងគោក និងក្រុមគ្រូពេទ្យរបស់អង្គភាពកងកិត្តិយសត្រែទ័ព ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាអ្នករ៉ាប់រង និងទទួលខុសត្រូវក្នុងការផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត និងជនបរទេសទាំងនោះចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយមិនគិតថ្លៃអ្វីទាំងអស់ ៕

    អត្ថបទទាក់ទង