ខ្មែរប៉ុស្ដិ៍ Close

មន្ទីរកសិកម្មខេត្តស្ទឹងត្រែងផ្ដល់ពូជដំណាំ ឈើហូបផ្លែនិងពូជស្រូវជូនសមាជិកក្រុមបណ្ដុំកសិករអាជីវកម្ម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 61
មន្ទីរកសិកម្មខេត្តស្ទឹងត្រែងផ្ដល់ពូជដំណាំ ឈើហូបផ្លែនិងពូជស្រូវជូនសមាជិកក្រុមបណ្ដុំកសិករអាជីវកម្ម មន្ទីរកសិកម្មខេត្តស្ទឹងត្រែងផ្ដល់ពូជដំណាំ ឈើហូបផ្លែនិងពូជស្រូវជូនសមាជិកក្រុមបណ្ដុំកសិករអាជីវកម្ម

ក្នុងសកម្មភាពចែកពូជដំណាំជូនកសិករ នៅខេត្តស្ទឹងត្រែងកាលពីថ្មីៗនេះ លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង បានចាត់ទុកថានេះ ជាចំណែកមួយ ជួយកាត់បន្ថយ ទៅលើការចំណាយ ថវិកាផ្ទាល់ខ្លួន ក្នុងការទៅទិញយកមកដាំដុះនៅតាមគ្រួសារនីមួយៗ ក្នុងពេលដែលប្រជាកសិករជាសមាជិកក្រុមបណ្ដុំកសិករអាជីវកម្ម ទទួលបាននូវពូជដំណាំ ឈើហូបផ្លែ ពូជស្រូវ ជីធម្មជាតិ សម្រាប់យកទៅ បង្កើនការដាំដុះ នៅក្នុងរដូវវស្សានេះ ។

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមថា ពេលទទួលបានពូជដំណាំនេះហើយបងប្អូនកសិករយើង ត្រូវយកទៅដាំដុះឱ្យទាន់រដូវ និងធ្វើការថែទាំ ទៅតាមបច្ចេកទេស ដែល មន្ត្រីមន្ទីរ កសិកម្មបានណែនាំ ដើម្បីឱ្យទទួលបានផលល្អ និងចេះរៀបចំ ទុកបន្តពូជ ទៅតាមតម្រូវការបន្ថែមទៀត។

លោក ទុំនីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ មន្ត្រីផ្នែកបច្ចេកទេស នៅតែបន្តជួយបងប្អូនកសិករយើងឱ្យអស់លទ្ធភាព បង្ហាញនូវ បច្ចេកទេសដាំដុះ- ការរៀបចំដី -ការប្រើប្រាស់ជី -និងការថែទាំផងដែរ។

លោកបន្ថែមថា៖ ពូជដំណាំទាំងនេះ ចូរបងប្អូនយើង យកទៅដាំដុះ ទៅតាមការណែនាំ ដែលធ្លាប់ទទួលបានការ បណ្ដុះបណ្ដាល ពីមន្ត្រីបច្ចេកទេសកសិកម្មរួចមកហើយនោះ។ ៖” ពូជទាំងអស់នេះ ជាពូជសម្រិតសម្រាំងល្អ ធន់នឹងអាកាសធាតុ និងទទួលបានទិន្នផលខ្ពស់ ហើយសូមបប្អូន យកទៅដាំដុះ តាមការណែនាំ របស់មន្ត្រីកសិកម្ម ដែលបានណែនាំដល់បងប្អូន អម្បាញ់មិញនេះ ហើយនិងយកពូជនេះ ទៅដាំដុះបន្ថែមទៀតលើដីចម្ការ បងប្អូនដែលនៅទំនេរ អញ្ចឹងខ្ញុំសង្ឃឹមថា បងប្អូននឹងទទួលបានទិន្នផលល្អ សម្រាប់ការងារកសិកម្មរបស់បងប្អូន”។

លោកមូសម៉ៃ កសិករធ្វើចម្ការ នៅភូមិឆ្វាំងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង បានសាទរពេលទទួលបានពូជដំណាំ បន្ថែម ព្រោះវាជាយុទ្ធសាស្ត្រមួយ បានលើកទឹកចិត្តកសិករ ឱ្យធ្វើការដាំដុះដំណាំឈើហូបផ្លែ ព្រមទាំង បានដាស់ស្មារតី ឱ្យបងប្អូន សមាជិកក្រុមបណ្ដុំកសិករអាជីវកម្ម កាន់តែបង្កើនផែនការដាំដុះ ដើម្បីបំពេញតម្រូវការ ក្នុងការធ្វើអាជីវកម្មឱ្យកាន់តែទទួលបានប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ។

សូមបញ្ជាក់ថា៖នៅឆ្នាំ២០២១នេះ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង គ្រោងចែកពូជដំណាំ ពូជ ស្រូវ និងសត្វចិញ្ចឹមទៅដល់កសិករប្រមាណ២០០០គ្រួសារនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីបំពេញបន្ថែមនិងជួយសម្រួល ដល់ការចំណាយដែលបងប្អូនកសិករយើងកំពុងជួបការលំបាកផ្នែកជីវភាព ក្នុងបរិបទកូវីដ-១៩៕

អត្ថបទទាក់ទង