ខ្មែរប៉ុស្ដិ៍ Close

លោក ឡុង ឌី​ម៉​ង់ ស្នើ​ក្រុមហ៊ុន​ធំនៅ​កូរ៉េ សហការ​ ផលិត​ម៉ូតូ​កង់​បី ប្រើ​អគ្គិសនី​ដំបូងបង្អស់​នៅ​កម្ពុជា​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 5
លោក ឡុង ឌី​ម៉​ង់ ស្នើ​ក្រុមហ៊ុន​ធំនៅ​កូរ៉េ សហការ​ ផលិត​ម៉ូតូ​កង់​បី ប្រើ​អគ្គិសនី​ដំបូងបង្អស់​នៅ​កម្ពុជា​ លោក ឡុង ឌី​ម៉​ង់ ស្នើ​ក្រុមហ៊ុន​ធំនៅ​កូរ៉េ សហការ​ ផលិត​ម៉ូតូ​កង់​បី ប្រើ​អគ្គិសនី​ដំបូងបង្អស់​នៅ​កម្ពុជា​

​ រាជធានីភ្នំពេញ​៖​ ឯកឧត្តម​ ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សា​ធារ​ណរដ្ឋកូរ៉េ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីស្នាក់ការ​កណ្តាល និង​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន LS Electric ចុង​សប្តាហ៍​មុននេះ បានស្នើ​និង​ជំរុញ​ក្រុមហ៊ុន LS Electric ពិនិត្យ​លទ្ធភាព​សហការ​ជាមួយ ក្រុមហ៊ុន Onion ដែលជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​កង់​បី ដែល​ប្រើដោយអគ្គិសនី ដំបូង​បំផុត​នៅ​កម្ពុជា​។​

​ មន្ត្រី​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ បាន​ឱ្យ​ដឹង​ថា​ កន្លងមក ឯកអគ្គ​រាជ​/​រដ្ឋទូត​អាស៊ាន​ទាំង​១០ ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បានធ្វើ​ទស្សនកិច្ច​ចំនួន​២​លើក នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន LS Electric នាទី​ក្រុង​សេ​អ៊ូ​ល នៅ​រោងចក្រ​ផលិត​របស់ ក្រុមហ៊ុន LS Electric នាទី​ក្រុង Cheongju ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការទូត​ សេដ្ឋកិច្ច និង ស្វែងយល់​ដំណើរការ​ផលិត​គ្រឿង​អេ​ឡិ​ចត្រូនិច នៃ​រោងចក្រ​វ័យឆ្លាត (Smart factory) ដែល​អាច​ជំរុញ​ល្បឿន​ចង្វាក់​ផលិតកម្ម និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នោះ​ ឯកឧត្តម​ ឡុង ឌី​ម៉​ង់​ បានយកឱកាសដោយជំរុញក្រុមហ៊ុន LS Electric នេះ សហការ​ជាមួយ​ក្រុមហ៊ុន Onion ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​កង់​បី ដែល​ប្រើដោយអគ្គិសនីដំបូងបំផុតនៅកម្ពុជា ដែល​កន្លងមក​ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​ស្ថាប័ន​នានា​នៅ​កម្ពុជា ដើម្បី​បាន​សហការ​វិនិយោគ​លើ​ផ្នែក​បច្ចេកវិទ្យា និង​ការផលិត​ម៉ូតូ​កង់​បី បែប​ឆ្លាត​វ័យ​នៅ​កម្ពុជា​។​

​ជា​លទ្ធផល​ក្រុមហ៊ុន LS នឹង​យកមក​សំណើរនេះទៅសិក្សា និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​សហការ​ជាមួយ​ស្ថានទូត ដើម្បី​បាន​នាំយក​បច្ចេកវិទ្យា​ផលិត​ដ៏​ទំនើប​នេះ ទៅ​បំពាក់​នៅ​រោងចក្រ​ផលិត​នានា​នៅ​កម្ពុជា​នាពេល​អនាគត​។

​ សូមបញ្ជាក់ថា ក្រុមហ៊ុន LS Electric ជា​ក្រុមហ៊ុន​ធំ​លំដាប់​ពិភពលោក មាន​រោងចក្រ​ចំនួន​៨ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ចំនួន​៤ ដៃគូ Subsidiaries ចំនួន ១៣ និង​មាន​សាខា​ចែកចាយ​ចំនួន ១៦ នៅ​ទូទាំង​ពិភព លោក។ ផលិតផល​សំខាន់ៗ របស់ LS Electric មាន​ឧបករណ៍​បំបែក​សៀគ្វី និង​កុងតាក់​ភ្លើង ហើយ​មាន​ទំហំ​ផលិតកម្ម​ប្រចាំឆ្នាំ​ដល់​ទៅ ២.៦​លាន​គ្រឿង​ឯណោះ​។ ឧបករណ៍​ទាំងនេះ​អាច​ប្រើប្រាស់​បាន​សម្រាប់​ជា​មុខងារ​ប្រព័ន្ធ​បច្ចេកវិទ្យា​តម្លើង​រោងចក្រ ក៏ដូចជាឧបករណ៍ដទៃទៀត ដែលពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាទំនើប​ដូចជា Cyber Physical System (CPS), ប្រព័ន្ធ Internet of Things (IoT) និង​ប្រព័ន្ធ Internet of Service (IoS) ជាដើម​។​

​ លោក​ប្រធាន​ក្រុមហ៊ុន Koo Ja-kyun ក្នុង​ដំណើរ​ទស្សនកិច្ច​នោះដែរ បាន​លើកឡើងថា ទាំង​ចំណេះដឹង និង​បទពិសោធ​ន៍ដ៏​សំបូរបែប​ផ្នែក​បច្ចេកវិទ្យា និង​ការវិនិយោគ​របស់ LS Electric នៅលើ​ពិភពលោក អាចបង្កើត​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​អាស៊ាន ដើម្បី​បង្កើត​តម្លៃ​ថ្មី និង​ឱកាស​ប្រកួតប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​ដ៏​សម្បូរបែប ជាពិសេស​អាច​សហការ​លើ​ការផលិត Semiconductor, Automotive, Elevator, Rubber & Plastics, Water Management, Pharmaceutical, Machine Tools and BMC ជាដើម​។​

​ លោក​ប្រធាន​ក្រុមហ៊ុន LS Electric ក៏បាន​នាំ​បណ្តា​ទូត​អាស៊ាន​ទៅពិនិត្យ​មើល​ទីតាំង​ផ្នែក G-sector ដែលជា​ផ្នែក​សំខាន់​នៃ​ខ្សែ​ផលិតកម្ម​វ័យឆ្លាត​របស់​រោងចក្រ​។ ទីតាំង​ផ្នែក G sector នេះ​ មានខ្សែផលិតកម្មវ័យឆ្លាតដែលមានការធ្វើស្វ័យប្រវត្តិកម្ម​ទាំងស្រុង ក្នុងការ​តម្លើង​សម្ភារៈអេឡិចត្រូនិចនានា រួមទាំង​ការធ្វើ​តេស្ត និង​វេច​ខ្ចប់​ផងដែរ ហើយ​ដែល​កន្លងមក​តាំងពី​ឆ្នាំ​២០១១ បាន​បោះទុន​វិនិយោគ​ដល់​ទៅ ២០​ប៊ី​លាន​វ៉ុ​ន (១៨​លាន​ដុល្លារ​) ដើម្បី​បង្កើតជា​ខ្សែ​ផលិតកម្ម​បែប​វ័យឆ្លាត​នេះ​។​

​ បើតាម​ការបញ្ជា​ក់រប​ស់លោក​ប្រធាន​ក្រុមហ៊ុន ក្រោយពី​រោងចក្រ​នេះ​ត្រូវបាន​បង្កើត​ឱ្យ​ដំណើរការ​តាម​ប្រព័ន្ធ​វ័យឆ្លាត ពេលវេលា​ផលិតកម្ម ត្រូវបាន​កាត់បន្ថយ​ដល់​ទៅពាក់កណ្តាល ហើយ​ផលិតកម្ម​កើនឡើង​រហូតដល់ ៦០​ភាគរយ​ រីឯការប្រើប្រាស់ថាមពលបានថយចុះ ៦០​ភាគរយ​ហើយ​អត្រា​ផលិតផល​ដែលមាន​ការខូចខាត​ក្នុង​ដំណើរ​ការផលិត​កាត់បន្ថយ​មក​នៅត្រឹមតែ ៧ ឯក​តា​ប៉ុណ្ណោះ​ក្នុង​១​លាន​ឯក​តា​ផលិត​៕​

អត្ថបទទាក់ទង