ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាប្រទេសជាសមាជិកអាស៊ានទាំង ៩ ប្រឆាំងនឹងការសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការដាក់ទណ្ឌកម្មសព្វាវុធនៅមីយ៉ាន់ម៉ា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 41
ហេតុអ្វីបានជាប្រទេសជាសមាជិកអាស៊ានទាំង ៩ ប្រឆាំងនឹងការសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការដាក់ទណ្ឌកម្មសព្វាវុធនៅមីយ៉ាន់ម៉ា? ហេតុអ្វីបានជាប្រទេសជាសមាជិកអាស៊ានទាំង ៩ ប្រឆាំងនឹងការសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការដាក់ទណ្ឌកម្មសព្វាវុធនៅមីយ៉ាន់ម៉ា?

បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន ៩ បានទាមទារឱ្យលុបចោលនូវការអំពាវនាវឱ្យដាក់ទណ្ឌកម្មសព្វាវុធ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងការព្រាងសេចក្តីសម្រេច របស់មហាសន្និបាតអង្គការសហប្រជាជាតិ (United Nations’ General Assembly-UNGA) ស្តីពីប្រទេសមីយ៉ាន់ម៉ា។

ប្រទេសសិង្ហបុរី, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ប្រ៊ុយណេ, ថៃ, ឡាវ, កម្ពុជា, វៀតណាម និងហ្វីលីពីន បានដាក់សំណើជាផ្លូវការទៅកាន់ប្រទេស Liechtenstein ដែលជាអ្នកព្រាងសេចក្តីសម្រេចនេះ ដើម្បីឱ្យមានការដកចេញនូវប្បញ្ញត្តិ ដែលពាក់ព័ន្ធនឹងការលក់អាវុធយុទ្ធភ័ណ្ឌ។

ប្រទេសទាំង ៩ បានលើកឡើងនៅក្នុងលិខិតមួយដែលចុះថ្ងៃទី ១៩ ឧសភាថា «សេចក្តីសម្រេចនេះ មិនបានទទួលការគាំទ្រទូលំទូលាយនោះទេ ជាពិសេសពីបណ្តាប្រទេសក្នុងតំបន់ដែលបានរងផលប៉ះពាល់ដោយផ្ទាល់ពីបញ្ហានេះ ហើយការចរចារបន្ថែមទៀត គឺមានភាពចាំបាច់ណាស់ដើម្បីធ្វើឱ្យឯកសារនេះអាចទទួលបានការគាំទ្របន្ថែមទៀត»។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ លោក Yusran យល់ឃើញថា «ការច្រានចោលរបស់អាស៊ានចំពោះសេចក្តីព្រាង UNGA គឺជារឿងដែលងាយស្រួលយល់ ដោយសារតែប្រទេសមីយ៉ាន់ម៉ាបានទទួលយកនូវការមូលមតិគ្នា ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនៃ មេដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតាកាលពីចុងខែមេសាកន្លងទៅនេះ»។

លោកបានបន្ថែមថា «ការមូលមតិគ្នានោះបានផ្តោតលើចំណុច សំខាន់ៗជាច្រើន ដែលរួមមានដូចជាការហាមឃាត់រាល់អំពើហិង្សាគ្រប់ទម្រង់, ការចែកចាយជំនួយមនុស្សធម៌, ការបន្តការសន្ទនាប្រកប ដោយការស្ថាបនាជាមួយគ្រប់ភាគីពាក់ព័ន្ធដោយមានជំនួយពីអគ្គលេខា ធិការអាស៊ាន និងប្រេសិតអាស៊ានក្នុងនាមជាអ្នកសម្របសម្រួល និងការរៀបចំឱ្យមានកិច្ចប្រជុំរវាងប្រេសិតពិសេសជា មួយនិងភាគីជម្លោះទាំងអស់នៅមីយ៉ាន់ម៉ា»។

លោក Yusran ក៏បានឱ្យដឹងដែរថា «បន្ទាប់ពីកិច្ចប្រជុំកំពូលនោះ អាស៊ានកំពុងស្ថិតក្នុងដំណើរការដោះស្រាយបញ្ហាជម្លោះនៅមីយ៉ាន់ម៉ា ហើយអ្វីដែលអាស៊ានបានធ្វើ គឺជារឿងដែលអាចទទួលយកបាន ពីព្រោះសេចក្តីព្រាងសេចក្តីសម្រេចនេះអាចបង្កផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ហើយអាស៊ានក៏ធ្លាប់បានឃើញសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិជាច្រើនដែលមិនបានផ្តល់នូវប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាបែបនេះ»។

ហើយនេះក៏ជាមូលហេតុដែលធ្វើឱ្យអាស៊ានច្រានចោលការព្រាងសេចក្តីសម្រេចនេះ។ អាស៊ានសង្ឃឹមថា «អង្គការសហប្រជាជាតិនឹងបង្កើតដំណោះស្រាយមួយដែលផ្តោតលើការដោះលែងអ្នកទោស នយោបាយជំនួសវិញ ដែលរួមមានទាំងការដោះលែងមេដឹកនាំមីយ៉ាន់ម៉ាគឺលោកស្រី អង់ សានស៊ូជី។ទណ្ឌកម្មនឹងបង្កភាពស្មុគស្មាញដល់ការដោះស្រាយបញ្ហាជម្លោះ»។

សាស្ត្រាចារ្យម្នាក់ នៅសាកលវិទ្យាល័យ Budi Luhur បានកត់សម្គាល់ថា «ទណ្ឌកម្មមុនៗដែល បានធ្វើឡើងដោយអង្គការសហប្រជាជាតិ មិនបានបញ្ឈប់ប្រទេសណាមួយពីការទិញនិងលក់អាវុធនោះឡើយ»។

ជាក់ស្ដែង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិស្តីពីការដាក់ទណ្ឌកម្មសព្វាវុធនៅ ប្រទេស Somalie បែរជាបានផ្តល់ប្រយោជន៍ដល់ក្រុមភេរវករជំនួសវិញ ខណៈការហាមប្រាមបែបនេះអាចមានប្រសិទ្ធិភាពចំពោះតែរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសនោះប៉ុណ្ណោះ។ ស្ថានការណ៍ដូចគ្នា នេះក៏បានកើតឡើង នៅក្នុងប្រទេស Libya ផងដែរនៅក្នុងអំឡុងពេលកើតមានសង្គ្រាមស៊ីវិលក្នុងឆ្នាំ ២០១១ ។

លោកបានបន្ថែមថា «ចំណុចសំខាន់មួយទៀតដែលត្រូវពិចារណាពាក់ព័ន្ធនឹងការបដិសេធរបស់អាស៊ានចំពោះទណ្ឌកម្មសព្វាវុធនេះគឺការព្រាងសេចក្តីសម្រេចស្រដៀងគ្នានេះក៏ត្រូវបានច្រានចោលដោយរុស្ស៊ីនិងចិនផងដែរ ខណៈពេលដែលប្រទេសទាំង ២ នេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា»។

អាស៊ានបានប្រឈមមុខនឹងការរិះគន់ម្តងហើយម្តងទៀត ចំពោះភាពយឺតយ៉ាវរបស់ខ្លួន ក្នុងការឆ្លើយតបចំពោះរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងចំពោះអំពើហិង្សាដែលបានកើតឡើងជាបន្តបន្ទាប់ប្រឆាំងនឹងបាតុករ អ្នកកាសែត សកម្មជន និងជនស៊ីវិលមីយ៉ានម៉ា។

ជាងនេះទៅទៀត របបយោធាដែលដឹកនាំដោយឧត្តមសេនីយ៍ Min Aung Hlaing បានបណ្តេញអ្នកការទូតមីយ៉ាន់ម៉ាជាង ១០០ នាក់នៅទូទាំងពិភពលោកពីបទធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន។

គោលការណ៍មិនធ្វើអន្តរាគមន៍របស់អាស៊ានក៏បានរងនូវការរិះគន់ផងដែរ ដោយសារតែវាបានបង្កការរារាំងដល់ការអនុវត្តសិទ្ធិមនុស្សដូចជាអ្វីដែលបាននិងកំពុងកើតឡើងចំពោះជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាម៉ូស្លីម របស់មីយ៉ាន់ម៉ាដែលត្រូវបានចាត់ទុកជាជនជាតិភាគតិច និងដែលបានរងនូវការធ្វើទុក្ខបុកម្នេញបំផុតនៅលើពិភពលោក៕ The Online Citizen Asia 

អត្ថបទទាក់ទង