ខ្មែរប៉ុស្ដិ៍ Close

គួរតែដឹង! ចំណុចការពារ​ខ្លួន​ពេលមាន​ផ្គរ រន្ទះ នៅ​រដូវភ្លៀង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 159
គួរតែដឹង! ចំណុចការពារ​ខ្លួន​ពេលមាន​ផ្គរ រន្ទះ នៅ​រដូវភ្លៀង គួរតែដឹង! ចំណុចការពារ​ខ្លួន​ពេលមាន​ផ្គរ រន្ទះ នៅ​រដូវភ្លៀង

រដូវ​ភ្លៀង​ធ្លាក់​បាន​ចូល​មក​ដល់​ នាយក​ដ្ឋាន​ប្រយុទ្ធនឹង​ជំងឺ​ឆ្លង​បាន​ណែ​នាំ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ប្រុងប្រ​យ័ត្ន​នៅពេល​មាន​ផ្លេក​បន្ទោរ ផ្គរ និង​រន្ទះ​ជា​ដើម។

(រូបភាព៖ នាយក​ដ្ឋាន​ប្រឆាំងនឹង​ជំងឺឆ្លង)

កាលពីរសៀល​ម្សិល​មិញ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន នាយក​រដ្ឋាន​ប្រយុទ្ធនឹងជំងឺ​ឆ្លងនៃ ក្រ​សួង​សុខាភិបាល​បាន​សរសេរ​ថា​ប្រជា​ពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ច្រើនជាង​៥០​នាក់​បាន​ស្លាប់​ និង​របួស​ដោយ​សារ​ផ្លេកបន្ទោរ ផ្គរ និង​រន្ទះជារៀង​រាល់​ឆ្នាំ។

​ប្រ​ភព​ដដែល​ពន្យល់ថា​​ផ្លេកបន្ទោរ ផ្គរ និង​រន្ទះ ជា​អគ្គិសនី​ធម្មជាតិ​ដែល​បញ្ជូន​ចេញទៅ​ប៉ះនឹង​អ្វី​មួយ​នៅ​លើ​ផែន​ដី​ដោយ​ឡែក​ៗ​ពី​គ្នា។ ផ្លេកបន្ទោរ ផ្គរ និង​រន្ទះ នេះ​កើត​ឡើង​ដោយ​សារ​បណ្តុះ​ពពក​ Cumulonimbus ដែលមានទំហំធំ​ កម្ពស់​ខ្ពស់ ឈរ​ត្រង់ទៅ​លើ​មានព័ណ៌​ខ្មៅ​ ដែល​ក្នុង​នោះ​មាន​ទាំង​រន្ទះ ភ្លៀង ឬ​ព្រិល​ជាដើម។ នេះ​បើ​តាម​ប្រ​ភព​ដដែល។

(រូបភាព៖ នាយក​ដ្ឋាន​ប្រឆាំងនឹង​ជំងឺឆ្លង)

បើ​តាម​នាយក​ដ្ឋានប្រយុទ្ធនឹងជំងឺ​ឆ្លង ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យមាន​គ្រោះ​ថ្នាក់ពេលមាន​ផ្គរ ផ្លេកបន្ទោរ​ ឬ​រន្ទះ ចំពោះ​អ្នក​នៅទី​វាល​​បើ​ឃើញ​ស្ថានភាពផ្គរ ផ្លេកបន្ទោរ​ ឬ​រន្ទះ​ខ្លាំង​ត្រូវ​​បន្ទន់​ខ្លួនបញ្ឈរ​ជង្គង់​ទាំងពីរជិត​គ្នា និង​យក​ដៃ​ខ្ទប់​ត្រចៀក​ទាំងសងខាង​ និងត្រូវ​ជៀសពី​កន្លែង​ដែល​មាន​ទឹក​។ សម្រាប់អ្នក​នៅ​ជិត​ផ្ទះវិញ ត្រូវ​រត់ចូល​ផ្ទះជាបន្ទាន់​ ហើយ​បើ​នៅក្រោម​បង្គោល​ភ្លើង​វិញ​ត្រូវអនុវត្ត​ដូច​នៅ​ទី​វាល​ដែរ។ ​

សម្រាប់​អ្នក​នៅក្នុង​រថយន្ត​បើមាន​ករណី​រន្ទះ​បែបនេះ​​​​ត្រូវឈប់រថយន្ត និង​បន្តនៅ​ក្នុង​រថយន្ត​តែ​មិន​ត្រូវប៉ះចង្កូត និងទ្វារឡើយ។ សម្រាប់អ្នកនៅ​ក្នុង​ផ្ទះ​វិញ​ត្រូវ​ពិនិត្យ​មើល​ក្រែង​មាន​ឌុយភ្លើង ឬឌុយ​ទូរស័ព្ទ​នៅ​ជាប់នឹង​ប្រ​ភព​ចរន្ត​អគ្គិសនី ប្រ​សិន​បើមាន​ត្រូវ​ដកទុក​ចម្ងាយ​មួយ​ម៉ែត្រ​ពី​ប្រភព​ចរន្ត។

ចំណុច​មួយ​ទៀត​គឺមិន​ត្រូវ​និយាយ​ទូរស័ព្ទ​ពេល​មាន​ឭសំឡេង​ផ្គរ ឬ​រន្ទះ និង​មិន​ត្រូវនៅក្រោម​ដើម​ឈើ ឬ​តង់​ឡើយ។​

បើ​តាមសេចក្តី​ជូនដំណឹង​របស់​​ក្រ​សួង​ធនធានទឹក​ចុះ​ផ្សាយ​កាល​ពី​ទី​២ ខែឧសភា ឆ្នាំ២០១៨ ភ្លៀង​នឹង​បន្ត​បង្កើន​ការ​ធ្លាក់រាយ​ប៉ាយ​លើ​ផ្ទៃប្រ​ទេសក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើ​ន និង​អាច​បង្កឲ្យមាន​ជំនន់ទឹក​ភ្លៀង​ជាថ្មី​នៅ​តាម​បណ្តា​រាជធានី-ខេត្ត​មួយ​ចំនួន​។ ក្រ​សួង​បាន​ណែនាំ ឲ្យប្រ​ជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់​នៅពេល​មេឃ​រក​កលភ្ផៀង៕​​​​​

 

 

ប្រភព៖ Sabay