អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយការផ្ទុះគ្រាប់មីននៅតំបន់ប្រាសាទតាមាន់ធំ
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយការផ្ទុះគ្រាប់មីននៅតំបន់ប្រាសាទតាមាន់ធំ
ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលវេលាម៉ោង ៤:០០នាទី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រសួងការពារជាតិកម្ពុជា សូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីននៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបន្តថា កម្ពុជានៅតែរក្សាជំហរដ៏ម៉ឹងម៉ាត់គឺមិនមានការប្រើប្រាស់គ្រាប់មីនថ្មីជាដាច់ខាត ហើយកម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សដែលកម្ពុជាបានផ្តល់សញ្ញាបណ្ណនៅឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងមិនប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។ កម្ពុជាសូមគូសបញ្ជាក់ផងដែរថា មកទល់ពេលនេះមិនមានការស៊ើបអង្កេតជាផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយដែលពាក់ព័ន្ធជាមួយនិងបញ្ហានេះ។
នាឱកាសនោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់ថា កម្ពុជា ក៏តែងតែរំលឹកដល់ភាគីថៃជាច្រើនលើក ច្រើនសារថា តំបន់ប្រាសាទតាមាន់ធំ គឺមានគ្រាប់មីនដែលជាសំណល់សល់ពីសង្គ្រាមមានជាច្រើនគ្រាប់ ហេតុដូចនេះ គ្រប់ភាគីដែលពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីសន្និដ្ឋានជាសាធារណៈណាមួយមុនរកឃើញការពិត និងផ្តល់យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសការភ័ន្តច្រឡំឈានដល់ការប្រឈមមុខដាក់គ្នាដែលនាំឱ្យមានភាពតានតឹងកើតឡើងសារជាថ្មី៕



