ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយឡើងវិញដល់លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទានយោបាយឡើងវិញដល់ លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និងថ្នាក់ដឹកនាំ ១រូបទៀត គឺលោក ផាន់ ច័ន្ទសាក់។
មុននឹងមានការដាក់លិខិតស្នើសុំនីតិសម្បទានយោបាយឡើងវិញនេះ មានការលើកឡើងថា លោក ប៉ុល ហំម ទំនងជាទៅចូលរួមជាមួយនឹងគណបក្សកែទម្រង់កម្ពុជារបស់លោក អ៊ូ ច័ន្ទរ័ត្ន។ ទោះជាយ៉ាងនេះក្តីលោក ប៉ុល ហំម មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទរបស់លោក មិនមានអ្នកទទួលនិងត្រូវបានចុចបិទជាច្រើនលើកច្រើនសារ។ ចំណែក លោក អ៊ូ ច័ន្ទរ័ត្ន ស្ថានិកមួយរូបនៃគណបក្សកែទម្រង់កម្ពុជា បានដឹងយ៉ាងច្បាស់អំពីការស្នើសុំនីតិសម្បទានយោបាយរបស់លោក ប៉ុល ហំម ហើយមិនបដិសេធចំពោះព័ត៌មាននេះឡើយ។ ប៉ុន្តែលោកទុកឱ្យលោក ប៉ុល ហំម ជាអ្នកប្រកាសអំពីរឿងនេះប្រាប់មហាជនដោយខ្លួនឯង៕