លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិកជាន់ខ្ពស់នៃអតីតបក្សប្រឆាំង ដាក់លិខិតស្នើសុំធ្វើនយោបាយឡើងវិញ
លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និងថ្នាក់ដឹកនាំ១រូបទៀត គឺ លោកមេធាវី ផាន់ ច័ន្ទសាក់ បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីស្នើសុំនីតិសម្បទានយោបាយឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដល់បណ្តាញព័ត៌មាន Fresh News ។
លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ស្ថិតនៅក្នុងចំណោម អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ សរុប១១៨រូប ដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ទន្ទឹមគ្នាជាមួយនឹងការកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕