ខ្មែរប៉ុស្ដិ៍ Close

សេដ្ឋកិច្ចថៃ ធ្លាក់ចុះ ២,៦% នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២១ នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 93
សេដ្ឋកិច្ចថៃ ធ្លាក់ចុះ ២,៦% នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២១ នេះ ទិដ្ឋភាពព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ ដែលស្ងាត់ពុំមានអ្នកដំណើរកកកុញដូចកាលពីពេលមុន

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃច័ន្ទថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្លាក់ ចុះនៅក្នុងត្រីមាសទី១ ដោយសារតែការរឹតត្បិតដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ដែលបានបង្កការប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងធ្ងន់ធ្ងរ។

កាលពីឆ្នាំមុន ប្រទេសថៃបានទទួលរងផលប៉ះពាល់ដ៏អាក្រក់បំផុតមិនធ្លាប់មានពេញមួយឆ្នាំជាមួយនឹងការធ្លាក់ចុះ ៦,១% ដែលករណីនេះមិនធ្លាប់កើតមាននោះទេ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុនៅតំបន់អាស៊ីកាលពីឆ្នាំ១៩៩៧។

ការិយាល័យក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមបាននិយាយថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ២,៦% នៅក្នុងរយៈ ពេល ៣ ខែដំបូងនៃឆ្នាំនេះ។

ការិយាល័យក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមក៏បានផ្តល់ការព្យាករណ៍សម្រាប់ការ ស្ទុះងើបឡើងវិញផងដែរ តាមរយៈការកាត់បន្ថយចក្ខុវិស័យកំណើនសម្រាប់ 2021 របស់ខ្លួនពី ១,៥% ទៅ ២,៥% ខណៈការប៉ាន់ស្មានកាលពីពេលមុនគឺមានពី ២,៥% ទៅ ៣,៥%។

ជាមួយនឹងការរឹតបន្តឹងដ៏តឹងតែងលើការធ្វើដំណើរដែលកំពុងតែធ្វើឱ្យមានការកាត់បន្ថយលំហូរចូលនៃភ្ញៀវទេសចរបរទេសរួចទៅហើយនោះ ពេលនេះប្រទេសថៃកំពុងតែរងការវាយប្រហារដោយរលកទី៣ នៃកូវីដ-១៩ ដែលជាហេតុធ្វើឱ្យមានការដាក់ចេញនូវវិធានការទប់ស្កាត់ថ្មីៗ លើសកម្មភាពសេដ្ឋកិច្ចថែមទៀត។

ប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាង ១១១ ០០០ នាក់ ដែលការកើនឡើងដ៏ច្រើនបំផុតគឺបានចាប់ផ្តើមកាលពីខែមេសា។

ប្រទេសថៃមានករណីថ្មីចំនួន ៩ ៦៣៥ ករណីកាលពីថ្ងៃចន្ទ ដែលជាចំនួនខ្ពស់បំផុតសម្រាប់ក្នុងមួយថ្ងៃ ដែលក្នុងនោះមានអ្នកឆ្លងច្រើនជាង ៦ ៨០០ នាក់កំពុងតែស្ថិតនៅក្នុងពន្ធនាគារ៕ Asia Times

អត្ថបទទាក់ទង