ប្រទេសវៀតណាម នឹងបណ្តេញពលករបរទេសខុសច្បាប់ណាដែលកំពុងធ្វើការងារនៅក្នុងប្រទេសនេះ
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ដោយការបណ្តេញចេញ ចំពោះពលករបរទេសខុសច្បាប់កំពុងធ្វើការងារនៅវៀតណាម។
ស្ថានទូតកម្ពុជា បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមថា ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុងនានា ពិចារណាលើការបណ្តេញចេញចំពោះពលករបរទេសដែលគ្មានលិខិតអនុញ្ញាតធ្វើការងារ (work permits) ត្រឹមត្រូវ ឬអ្នកមិនគោរពតាមវិធានស្តីពីការចូល និងចេញ (entry and exit rules)។
ស្ថានទូត ក៏បានអំពាវនាវប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាប់ការងារ និងវិធានស្តីពីការចូល និងចេញរបស់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម។ ស្ថានទូតថែមទាំងអំពាវនាវប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម បន្តថែរក្សាសុខភាពឱ្យបានល្អ ដោយអនុវត្តវិធានការការពារ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សំដៅការពារកុំឱ្យឆ្លងជំងឺកូវដ-១៩៕