ខ្មែរប៉ុស្ដិ៍ Close

វៀតណាមកំពុងក្លាយជាមហាអំណាចនៅអាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 121
វៀតណាមកំពុងក្លាយជាមហាអំណាចនៅអាស៊ីអាគ្នេយ៍ វៀតណាមកំពុងក្លាយជាមហាអំណាចនៅអាស៊ីអាគ្នេយ៍

នៅពេលដែលទំនាក់ទំនងអន្តរជាតិមានការវិវត្ត និងសេដ្ឋកិច្ចសកលកំពុងតែផ្លាស់ប្តូរប្រទេសកូរ៉េខាងត្បូងកំពុងតែពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយវៀតណាម ខណៈកាលពីឆ្នាំមុនវៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំទី៣ របស់កូរ៉េខាងត្បូង។

វៀតណាមដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ចដែលមានថាមពលខ្លាំងបំផុតរបស់អាស៊ីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈកំណើននិងស្ថិរភាពយ៉ាងពិសេស សូម្បីតែនៅក្នុងកំឡុងពេលដែលសកលលោក កំពុងតែមានភាពមិនប្រាកដប្រជាក៏ដោយ។

ស្ថិតនៅចុងភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន វៀតណាមគឺជាប្រទេសដែលមានចំនួនប្រជាជនចម្រុះជាង ១០០ លាននាក់គិតត្រឹមខែមេសាឆ្នាំ ២០២៣ ដែលបានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ១៥ នៅលើពិភពលោក។

វៀតណាមគឺជាប្រទេសវ័យក្មេង ដែលមានប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបមានអាយុក្រោម ៣០ ឆ្នាំ។ កត្តានេះអាចផ្តល់ឱ្យអាជីវកម្មនានានូវលទ្ធភាពទទួលបានកម្លាំងពលកម្មវ័យក្មេង មានការអប់រំនិងមានចំណេះដឹងផ្នែកបច្ចេកវិទ្យាស្រាប់។

វៀតណាមក៏បានបោះជំហានយ៉ាងសំខាន់នៅក្នុងវិស័យអប់រំដែលបានធ្វើឱ្យទំហំនៃកម្លាំងពលកម្មមិនត្រឹមតែមានចំនួនធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជំនាញកាន់តែខ្លាំងឡើងទៀតផង។

ចាប់តាំងពីមានការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ មកទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងវៀតណាមបានរីកចម្រើនជាលំដាប់ ដែលត្រូវបានកត់សម្គាល់តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ, ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនប្រកបដោយថាមវ័ន្ត និងដំណើរទស្សនកិច្ចការទូតកម្រិតខ្ពស់ជាច្រើនលើក។

ពាណិជ្ជកម្មទ្វេភាគី នៅក្នុងឆ្នាំ ២០២២ បានឈានដល់កម្រិតកំណត់ត្រា ៨៧,៦ ពាន់លានដុល្លារ ដោយកូរ៉េខាងត្បូងបាននាំចេញពីប្រទេសវៀតណាមចំនួន ៦០,៩ ពាន់លានដុល្លារ និងនាំចូលចំនួន ២៦,៧ ពាន់លានដុល្លារ។ បរិមាណដ៏គួរឱ្យចាប់អារម្មណ៍ខាងលើនេះពិតជាបានបង្ហាញអំពីការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅនៃប្រទេសទាំងពីរ។

ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនក៏កំពុងតែកើនឡើងផងដែរ ដែលបានបង្ហាញតាមរយៈការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍កូរ៉េទៅកាន់ប្រទេសវៀតណាមដែលមានចំនួន ៧៦៩ ១៦៧ នាក់នៅក្នុងឆ្នាំ ២០២២ និងភ្ញៀវទេសចរណ៍វៀតណាមមកកាន់ប្រទេសកូរ៉េចំនួន ២៣៩ ២៦៩ នាក់នៅក្នុងឆ្នាំ ២០២២ ដូចគ្នា។ និស្សិតវៀតណាមដែលមានចំនួនជាង ៧០ ០០០ នាក់ គឺជាក្រុមនិស្សិតអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ ដែលនេះពិតជាបានបង្ហាញអំពីទំនាក់ទំនងវប្បធម៌កាន់តែស៊ីជម្រៅ។

ទំនាក់ទំនងការទូតកម្រិតខ្ពស់ជាញឹកញាប់រវាងប្រទេសទាំង​ពីរ បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ពួកគេក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ នៅខែធ្នូ ឆ្នាំ ២០២២ ព្រឹត្តិការណ៍ដ៏សំខាន់មួយបានកើតឡើងនៅពេលដែលប្រធានាធិបតីវៀតណាម Nguyen Xuan Phuc មកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ និងបានបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យក្លាយទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

នៅក្នុងដំណើរទស្សនកិច្ចខាងលើ លោក Phuc និងប្រធានាធិបតី Yoon Suk Yeol បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជាយុទ្ធសាស្ត្រ សន្តិសុខ ឧស្សាហកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ការបំពេញទស្សនកិច្ចថ្នាក់ខ្ពស់បានបន្តកើតមានទៀតនៅក្នុងឆ្នាំ ២០២៣ នៅពេលដែលអ្នកនាំពាក្យរដ្ឋសភាប្រទេសកូរ៉េខាងត្បូងលោក Kim Jin-pyo បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នៅក្នុងខែមករា ហើយអនុប្រធានរដ្ឋសភាវៀតណាម, រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីសន្តិសុខសាធារណៈក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េវិញផងដែរ នៅក្នុងខែមិនានិងខែមេសា។

ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏បានជួបប្រជុំគ្នាផងដែរនៅក្នុងទីក្រុងហាណូយ ដើម្បីពិភាក្សាអំពីវិធីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ដែលនេះពិតជាបានបង្ហាញអំពីទស្សនវិស័យវិជ្ជមានសម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់បន្ថែមទៀតនៅពេលអនាគត។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក Nguyen Vu Tung បានកត់សម្គាល់ថា ការធ្វើឱ្យប្រសើរឡើងនេះនឹងជំរុញទំនាក់ទំនងកូរ៉េ-វៀតណាម នៅលើវិស័យប្រពៃណី និងនវានុវត្ត ខណៈដែលវៀតណាមកំពុងតែបន្តធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក តាមរយៈកំណើនប្រកបដោយចីរភាព វឌ្ឍនភាព វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការជំរុញភាពជាដៃគូសកល។

លោកឯកអគ្គរដ្ឋទូត Tung គឺជាអ្នកការទូតដែលមានបទពិសោធន៍ម្នាក់ ដែលធ្លាប់បានបម្រើការនៅក្រសួងការបរទេសវៀតណាមតាំងពីឆ្នាំ ១៩៩០។

កាលពីមុនគាត់ធ្លាប់បានចូលរួមនៅក្នុងការស្រាវជ្រាវនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនិងតួនាទីជាអ្នកដឹកនាំនៅបណ្ឌិតសភាការទូតវៀតណាម។ នៅក្នុងឆ្នាំ ២០១០ លោកបានចេញទៅបរទេសដើម្បីបម្រើការជាអនុប្រធានបេសកកម្មនៅស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។

នៅពេលត្រឡប់មកវិញគាត់បានកាន់តំណែងជាអ្នកដឹកនាំនៅវិទ្យាស្ថានយុទ្ធសាស្ត្រនិងគោលនយោបាយមួយចំនួនដែលរួមមានទាំងតំណែងជាប្រធានបណ្ឌិតសភាការទូតវៀតណាមផងដែរ។ ចាប់តាំងពីខែសីហា ឆ្នាំ ២០២០ ទើបលោក Tung បានចូលបម្រើការជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូង៕

Korea Times