ខ្មែរប៉ុស្ដិ៍ Close

    លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីការរីកចម្រើន កាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជា​ ក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1524
    លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីការរីកចម្រើន កាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជា​ ក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជាលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីការរីកចម្រើន កាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជា​ ក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា

    នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញមកដល់ប្រទេសវៀតណាមភ្លាម លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលវេទិកានេះមានការអញ្ជើញចូលរួមពីលោកនាយកលរដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក និងពាណិជ្ជករ អ្នកធុរកិច្ចវៀតណាមជាច្រើន រួមជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា និងវៀតណាមជាច្រើនរូបផងដែរ។

    នៅក្នុងឱកាសនោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរថាគន្លឹះអំពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងកាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជា។

    លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានមានប្រសាសន៍ថា វៀតណាមនិងកម្ពុជាបានចាប់ផ្តើមមានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ ដែលឆ្នាំ២០១៨ នេះជាខួបលើកទី ៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរផងដែរ។ ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២,១៣ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦ ។ ការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែង ការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៧ មានចំនួន ៣៤២ លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ ២០១៧ មានចំនួនប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក។ ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៤ ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋា-រចនាសម្ព័ន្ធ។

    លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បន្តថា​សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ៧,៣% ហើយសម្រាប់រយៈ ពេលមធ្យមខាងមុខ កម្ពុជាអាចរក្សាបានអត្រាកំណើនប្រមាណ ៧% ក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចខ្ពស់នេះបានធ្វើឱ្យកម្ពុជា សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
    ដើម្បីសម្រេចបាននូវគោលបំណងខាងលើ និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤, រាជរដ្ឋា ភិបាលកម្ពុជាបានដាក់ចេញ និងកំពុងអនុវត្ត “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥” សំដៅកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្ម ផ្អែកលើជំនាញនៅរង្វង់ឆ្នាំ២០២៥។ គោលនយោបាយនេះជា “យុទ្ធសាស្ត្រកំណើនថ្មី” និងបានកំណត់ឧស្សាហកម្មចំនួន ៥ ជាអាទិភាព រួមមាន៖ (១) ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្ដល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់, (២) សហគ្រាសធុនតូចនិងមធ្យមក្នុងគ្រប់វិស័យ, (៣) ផលិតកម្មកសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក, (៤) ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែចង្វាក់តម្លៃសកល, និង (៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។

    បន្ថែម​ពីលើវិធានការមុតស្រួច និងជាក់ស្តែង ដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏បានជម្រាបជូនធុរជន និងអ្នកវិនិយោគទាំងអស់អំពីសក្ដានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជា ដូចតទៅ៖

    ទី១-ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

    ទី២-កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា “រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។

    ទី៣-កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យមនិងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ។

    ទី៤-កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ៕

    អត្ថបទទាក់ទង