ខ្មែរប៉ុស្ដិ៍ Close

កងទ័ពចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
កងទ័ពចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ កងទ័ពចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ

ក្រុមគ្រូពេទ្យរបស់កងទ័ព នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ចាប់ផ្តើមនូវយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនជិត៥០ម៉ឺននាក់ហើយ។ ការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងនាព្រឹកថ្ងៃនេះ មានការចុះពិនិត្យដំណើរការចាក់ដោយផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផងដែរ។

យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដែលជាតំបន់ឆ្លងរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ នោះ ជាការគិតគូរខ្ពស់មួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនឹងការឆ្លងជំងឺខ្លាំងនេះ ទទួលបានវ៉ាក់សាំងការពារសុខភាពរបស់ពួកគេ ពីការវាយប្រហារដោយមេរោគ។ តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ស្មើនឹងប្រមាណ ៣៣សង្កាត់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋ និងកម្មករ និយោជិត ដែលត្រូវទទួលវ៉ាក់សាំងសរុបប្រមាណ ៨០៥,០៣៣ នាក់។ តែមានប្រជាពលរដ្ឋប្រហែល ២៩ភាគរយ ដែលបានចាក់វ៉ាក់សាំងរួចហើយ ស្មើនឹង ២៣៣,៤៦០នាក់ និងកម្មករ និយោជិតប្រហាក់ប្រហែល ១០០,០០០នាក់ បានចាក់ដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។ ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើង ក្នុងតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ មានចំនួនប្រមាណ ៤៧១,៥៧៣នាក់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា៖ ប្រជាពលរដ្ឋដែលនឹងត្រូវចាក់នេះ ស្មើនឹងបរិមាណវ៉ាក់សាំងដែលត្រូវចាក់ទាំងពីរដូសចំនួន ៩៤៣,១៤៦ ដូស។ វ៉ាក់សាំងដែលទទួលបានពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស ចំនួន ៩០០,០០០ដូស ក្នុងនោះស៊ីណាវ៉ាក់ (SINOVAC) ចំនួន ៥០,០០០ដូស និងស៊ីណូហ្វាម (SINOPHARM) ចំនួន ៤០០,០០០ដូស បានទុកដាក់ថែរក្សាក្នុងឃ្លាំងរបស់ក្រសួងការពារជាតិរួចហើយ។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនេះ គ្រោងប្រើរយៈពេលតែមួយខែប៉ុណ្ណោះ។ ដើម្បីសម្រេចតាមផែនការដែលបានគ្រោងទុកនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាត់កម្លាំងចូលរួមចំនួនប្រមាណ ១,៤៩០នាក់ ក្នុងនោះរួមមាន៖ ក្រុមការងារចាក់វ៉ាក់សាំងចំនួន ៩០ក្រុម មានចំនួន ៤៥០នាក់, ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ចំនួន ៩០ក្រុម មានចំនួន ៩០០នាក់, ក្រុមដឹកជញ្ជូន ចំនួន ១០ក្រុម មានចំនួន ៥០នាក់, ក្រុមធ្វើប័័ណ្ណចាក់វ៉ាក់សាំង មានចំនួន ២៧០នាក់។ សម្រាប់កន្លែងចាក់វ៉ាក់សាំងត្រូវបានដាក់ចំនួន ៤៤ទីតាំង ក្នុងសង្កាត់ទាំង៣៣ នៃខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។

សូមបញ្ជាក់ថា កម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រ ក្នុងការបង្កើតភាពសាំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចេញផែនការចាក់ជូនប្រជាពលរដ្ឋទូទៅឱ្យបានគ្រប់គ្នា។ កម្ពុជាបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ពេលបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសជាអ្នកការទូត មន្ត្រីអង្គការសង្គមស៊ីវិលនានា នៅកម្ពុជា សរុបជាង ១,៣លាននាក់ហើយ បានចាក់វ៉ាក់សាំង។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៤លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិន ១,៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលជាជំនួយតាមយន្តការខូវ៉ាក់ចំនួន ៣២៤,០០០ដូស។ តាមរយៈការពន្លឿនដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនេះ ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន ៕

អត្ថបទទាក់ទង