ការនាំចេញអង្កររបស់កម្ពុជា បន្តសម្រេចបានល្អប្រសើរគួរឱ្យកត់សម្គាល់
កម្ពុជាសម្រេចបាននូវវឌ្ឍនភាពក្នុងការនាំចេញអង្ករគួរឱ្យកត់សម្គាល់ ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកកំពុងប្រឈមនូវការឆ្លងរីករាលជំងឺកូវីដ-១៩ ក៏ដោយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ សារលិខិតជូនរួមជាតិ អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានមានប្រសាសន៍ថា ដោយសារអាកាសធាតុមានលក្ខណៈអំណោយផលល្អ សម្រាប់ការបង្កបង្កើនផលដំណាំស្រូវ នៅទូទាំងប្រទេស បានធ្វើឱ្យបរិមាណផលិតផលស្រូវរដូវវស្សា និងស្រូវរដូវប្រាំងឆ្នាំ២០២០ សម្រេចបានប្រមាណជាង១០លានតោន គឺប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលតាមការប៉ាន់ស្មាន យើងមានអតិរេកស្រូវជិត៦លានតោន គិតជាអង្ករស្មើនឹងជាង៣លានតោន សម្រាប់បម្រើឱ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេស បានជាង៦៩ម៉ឺនតោន ទៅកាន់ទិសដៅ ៦០ប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ បរិមាណនៃការនាំចេញអង្ករ បានចំនួន ១៥៣,៦៨៨តោន មានការថយចុះចំនួន ៧៧,២៦០តោន ស្មើនឹង ដក៣៣,៤៥ភាគរយ តិចជាងបរិមាណនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០,៩៤៨តោន ។
ជាមួយគ្នានោះ ការនាំចេញទៅកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨៥,៣៧០តោន , ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១៦,០៦៦តោន ,ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១០,៧៩៦តោន, ប្រទេសហ្គាបុងឈរលំដាប់ទី៤ មានចំនួន ៩,០៥២តោន, ប្រទេសហូឡង់ឈរលំដាប់ទី៥ មានចំនួន ៤,៤៦៧តោន, ប្រទេសអូស្ត្រាលីឈរលំដាប់ទី៦ មានចំនួន ៣,០៣៤តោន, ចក្រភពអង់គ្លេសឈរលំដាប់ទី៧ មានចំនួន ២,៩៩៧តោន, ប្រទេសអេស្ប៉ាញឈរលំដាប់ទី៨ មានចំនួន ២,៦៩០តោន, ប្រទេសអាល្លឺម៉ង់ឈរលំដាប់ទី៩ មានចំនួន ២,២២៥តោន, និងប្រទេសបែលហ្ស៊ិកឈរលំដាប់ទី១០ មានចំនួន ២,០៨៧តោន ហើយក្នុងពេលបច្ចុប្បន្នក្រុមហ៊ុនដែលបាននាំចេញអង្ករ មានចំនួន៥១ក្រុមហ៊ុន៕