ខ្មែរប៉ុស្ដិ៍ Close

សាលារាជធានីភ្នំពេញ អំពាវនាវឲ្យអាជីវករទាំងអស់នៅផ្សារអូរឬស្សី ទៅយកសំណាកជាបន្ទាន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
សាលារាជធានីភ្នំពេញ អំពាវនាវឲ្យអាជីវករទាំងអស់នៅផ្សារអូរឬស្សី ទៅយកសំណាកជាបន្ទាន់ សាលារាជធានីភ្នំពេញ អំពាវនាវឲ្យអាជីវករទាំងអស់នៅផ្សារអូរឬស្សី ទៅយកសំណាកជាបន្ទាន់

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវ ឲ្យអាជីវករទាំងអស់ ដែលលក់ដូរនៅក្នុងផ្សារអូរឬស្សី សូមមេត្ដាទៅយកសំណាកជាបន្ទាន់ ក្រោយរកឃើញអាជីវករ និងសន្ដិសុខ នៅក្នុងផ្សារ មានកូវីដ-១៩។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ពេលផ្សារអូរឬស្សីបើកឡើងវិញ ក្រោយបានបិទរយៈពេល១៤ថ្ងៃ អាជីវករណា ដែលមិនមានលិខិត បញ្ជាក់អំពីការសំណាកនោះ ប្រធានគណៈកម្មាធិការផ្សារ នឹងមិនឲ្យអាជីវករនោះ ចូលលក់ក្នុងផ្សារនោះឡើយ។

លោក ម៉េត មាសភក្ដី បានឲ្យដឹងថា ការឲ្យអាជីវករទៅពិនិត្យសំណាកនេះ មិនមែនជាការបង្ខិតបង្ខំ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពនោះឡើយ ប៉ុន្ដែពាក់ព័ន្ធនឹងបញ្ហាសុខភាពចំបងរបស់បងប្អូន ដើម្បីឲ្យដឹងច្បាស់ថា អាជីវករណា មានផ្ទុកជំងឺកូវីដ-១៩ និងអាជីវករណា មិនមានផ្ទុកជំងឺកូវីដ-១៩។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះ មានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះ ហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឬស្សី ទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេស មិនព្រមទៅយកសំណាក។

ក្រោយមានករណីនេះភ្លាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ-១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅវិទ្យាល័យបាក់ទូក។

ក្រោយមានការអំពាវនាវរបស់អភិបាលរាជធានីភ្នំពេញ គេសង្កេតឃើញថា មានអ្នកប៉ះពាល់ទាំងផ្ទាល់ និងប្រយោលបានទៅយកសំណាក ប៉ុន្តែទន្ទឹមគ្នានោះ ក៏មានអ្នកខ្លះទៀតដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ មិនបានទៅយកសំណាកនោះទេ។ ជាមួយនឹងបញ្ហានេះ អាជ្ញាធរបានព្រមានប្រើផ្លូវច្បាប់ ចំពោះអ្នកគេចវេស ទាំងនោះ បើនៅតែមិនព្រមទៅយកសំណាក នៅពេលដែលខ្លួនបានដឹងថា ធ្លាប់មានការប៉ះពាល់ជាមួយអ្នកកើតកូវីដកន្លងមកនោះ។

លោក លឹម សុភា អភិបាលខណ្ឌ៧មករា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកទាំងឡាយ ដែលបានឃើញឈ្មោះអ្នកកើតកូវីដ នៅផ្សារអូរឬស្សី សូមទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ-១៩ ហើយបើមិនព្រម និងបន្តគេចវេសទៀតនោះ អាជ្ញាធរនឹងប្រើវិធានការតាមច្បាប់ នៅពេលរកឃើញថា បុគ្គលទាំងនោះបានឆ្លងកូវីដ ដោយសារបានប៉ះពាល់ជាមួយអ្នកជំងឺមុនៗ។

លោក លឹម សុភា បានបញ្ជាក់ថា៖

«រហូតមកដល់ថ្ងៃនេះ ពោលគិតចាប់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានបងប្អូនអាជីវករ (១២នាក់) និងសន្តិសុខ (៤នាក់) សរុបចំនួន១៦នាក់ហើយ ដែលរកឃើញវិជ្ជមានកូវីដ-១៩។ ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់បងប្អូនអាជីវករ ទាំងអស់ នៅក្នុងផ្សារទៅយកសំណាកនៅវិទ្យាល័យបាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។ ដូច្នេះសូមឲ្យបងប្អូនរបស់យើង អញ្ជើញទៅយកសំណាក ជាបន្ទាន់ ដើម្បីស្វែងរកកូវីដ-១៩ ចៀសវាងការប្រើវិធានការតាមច្បាប់»។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline និងលេខទូរស័ព្ទ ៣ប្រព័ន្ធទៀត រួមមាន៖

  • ទី១៖ Hotline 1299
  • ទី២៖ 098 379 777
  • ទី៣៖ 077 856 966
  • ទី៤៖ 099 429 040
  • ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានសម្រេចផ្អាកការចេញចូលផ្សារអូរឫស្សីជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ។ ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីរកឃើញអាជីវករ អនុប្រធានផ្សារ និងសន្តិសុខសរុប ៦នាក់ បានកើតជំងឺកូវីដ-១៩។

បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកនេះធ្វើឡើងចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងបានបន្ថែមថា ការផ្អាកនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ទៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញចូលផ្សារ។

រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងកំលុងពេលផ្អាកនេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករដែលបានរក្សាក្នុងតូបនីមួយៗមិនឱ្យបាត់បង់ ឬតម្រូវឱ្យបង់ថ្លៃណាមួយនោះឡើយ។

បន្ថែមពីលើសេចក្តីជូនដំណឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ផ្អាកការចេញចូលផ្សារទៅ លោកក៏បានចាត់ចែងឱ្យលាង និងបាញ់ថ្នាំនៅក្នុងផ្សារនេះផងដែរ៕

អត្ថបទទាក់ទង