អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីអាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ ចុះធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមសាលារៀននានា ដើម្បីត្រៀមឱ្យសិស្សានុសិស្សបានចូលរៀនវិញ
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នេះបានដឹកនាំ អាជ្ញាធរខណ្ឌទាំង១៤ មន្ត្រីពាក់ព័ន្ធធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីធ្លាសាលានិងអគារអនុវិទ្យាល័យនិងវិទ្យាល័យ នានាទូទាំង ១៤ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈបើកសាលាឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំការបើកយុទ្ធនានៃការបាញ់ថ្នាំសម្លាប់មេរោគនេះបានធ្វើឡើងនៅវិទ្យាល័យជា ស៊ីមសន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលនៃគណៈអភិបាលខណ្ឌ ទាំង១៤ មន្ត្រីនៃមន្ទីរពាក់ព័ន្ធនិងលោកឧត្ដមសេនីយ៌មេបញ្ជាការកងពលតូចលេខ៧០រួមជាមួយកងកំលាំងជាង៥០នាក់ផងដែរ។ ក្នុងកម្មវិធីនៃការបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាសាលានានានៅទូទាំងរាជធានីភ្នំពេញនេះ លោកអភិបាលរាជធានីភ្នំពេញបានបែងចែកកម្លាំងទាំងអស់ ទៅបាញ់ថ្នាំសម្លាប់មេរោគនៅតាមខណ្ឌទាំង១៤ខណ្ឌ ។
នៅក្នុងពិធីនោះលោក ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍លើកឡើងថា ការបើកសាលារៀនឡើងវិញនេះ ធ្វើឡើងទៅតាមអនុសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយអនុសាសន៍នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ចូលរួមនិងគាំទ្រ យ៉ាងពេញទំហឹង ដោយសារកូនគាត់បានសិក្សារៀនសូត្រនៅតាមសាលាឡើងវិញ ក្រោយពីខកខាននៃការរៀនសូត្រប្រមាណ៧ខែមកនេះ ដោយការរាតត្បាតដោយជម្ងឺកូវីដ-១៩ ។
លោកអភិបាល ក៏បានបញ្ជាក់ផងដែរថា ថ្ងៃទី១៥កញ្ញាឆ្នាំ ២០២១ គឺជាថ្ងៃកំណត់ដែលសាលា ត្រូវបើកអោយដំណើរការរៀនសូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្ត ឱ្យខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើង វិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងអប់រំយុវជន និងកីឡា ។
លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ទៀតថា មិនថាសាលា តូច ធំ រដ្ឋ ឬ ឯកជនយ៉ាងណានោះទេ សំខាន់ឲ្យតែអនុវត្តឱ្យបានត្រឹមត្រូវទៅតាមប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិ អោយបើកដំណើរអោយសិស្សានុសិស្សបានចូលរៀន ។ ប៉ុន្តែបើសាលាដែលមិនទាន់បានបំពេញនូវលក្ខខណ្ឌខាងលើនេះអោយបានគ្រប់គ្រាន់ទេ រដ្ឋបាលរាជធានីភ្នំពេញនិងជំរុញឱ្យពួកគាត់អនុវត្តឱ្យបានត្រឹមត្រូវ ទើបអោយបន្តការបើកសាលានេះជាបន្តបន្ទាប់ទៀត។
លោក ឃួង ស្រេង បានថ្លែងអំពាវនាវទៅដល់ឪពុកម្ដាយអាណាព្យាបាលសិស្សទាំងអស់ត្រូវចូលរួមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺ-១៩ ខណៈបើកសាលារៀនឡើងវិញនេះ ។ បើយើងធ្វេសប្រហែសតែបន្តិច គ្រោះថ្នាក់នៃជម្ងឺកូវីដ-១៩ នឹងធ្លាក់មកលើពួកយើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវតែរួមគ្នា ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះ ដើម្បីឈានទៅអភិវឌ្ឍប្រទេសជាតិយើងឲ្យបានរីកចម្រើនលឿនឡើងវិញ។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការនៃការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាសាលានានានៅទូទាំងរាជធានីនេះ អាជ្ញាធររាជធានីភ្នំពេញ ត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅសាលារដ្ឋចំនួន៦៨សាលាទូទាំង១៤ខណ្ឌ៕