ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៤នាក់ ខណៈអ្នកជំងឺជាសះស្បើយរហូតដល់ ៦៨នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៤៤នាក់ ដែល ៤៣នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួនរហូតដល់ទៅ ៦៨នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ៤៣នាក់ត្រូវបានរកឃើញនៅភ្នំពេញ ២៥នាក់ ខេត្តស្វាយរៀង ១នាក់ និង ខេត្តព្រះសីហនុ ១៧នាក់។
ចំណែកឯអ្នកជាសះស្បើយចំនួន ៦៨នាក់នោះ មាន៦៧នាក់ជាអ្នកដែលឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដែលទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប២៦៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១៦៥៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១០១២នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់៕