ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យពិនិត្យរៀបចំបង្កើតមន្ទីរពេទ្យចំនួនពីរកន្លែងទៀតនៅទីក្រុងភ្នំពេញ ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យពិនិត្យរៀបចំបង្កើតមន្ទីរពេទ្យចំនួនពីរកន្លែងទៀតនៅទីក្រុងភ្នំពេញ ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យពិនិត្យរៀបចំបង្កើតមន្ទីរពេទ្យចំនួនពីរកន្លែងទៀតនៅទីក្រុងភ្នំពេញ ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩

ក្នុងខណៈដែល​មានការ​កើនឡើង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចេញ​បទបញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​កងទ័ពជើងគោក រៀបចំ​នៅ​មន្ទីរពេទ្យ​ពីរ​បន្ថែមទៀត ដោយ​យក​សណ្ឋាគារ​ធ្វើជា​ទីកន្លែង​រៀបចំ ដែល​អាចមាន​ប្រមាណ​ជា ២០០​បន្ទប់​។​

​ក្នុង​សារ​បន្ទាន់​ជា​សម្លេង នា​យប់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ផ្ញើជូន ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា៖

ដោយសារ​រយៈពេល​កន្ល​ង​ទៅនេះ​យើង​បានធ្វើ​ប្រតិបត្តិការ​ហូរហែ​មក កម្លាំង​របស់​យើង​ក៏មាន​ការនឿយហត់ បូក​បន្ថែម​ទៅដោយ​ការកើនឡើង​នូវ​ករណី​ឆ្លង​ថ្មីៗ​។ ម្យ៉ាងទៀត​គ្រូពេទ្យ​របស់​យើង​ខាង​ស៊ីវិល មិនមែន​គ្រាន់តែ​ជា​គ្រូ​ព្រ​ទ្យ​សម្រាប់តែ​ព្យាបាល​កូ​វីដ​-១៩​នោះទេ តែ​ត្រូវ​រ៉ាប់រង​ជាមួយនឹង​ជំងឺ​ផ្សេងៗ​ទៀត​របស់​ប្រជាជន​។ សម្ដេច​តេ​ជោ​បន្តថា ដោយសារ​ការកើនឡើង​យ៉ាងគំហុគ​នៃ​អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ យើង​បានរៀបចំ​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​មួយកន្លែង ដែល​កំពុង​គ្រប់គ្រង​ដោយ​ផ្នែក​ស៊ីវិល និង​ការចូលរួម​រៀបចំ​ដោយ​កម្លាំង​កងទ័ព និង​ផ្នែក​ដែលមាន​ការពាក់ព័ន្ធ​។ ដោយសារ​ស្ថានភាព​បែបនេះ ខ្ញុំ​បានចេញ​បទបញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​កងទ័ពជើងគោក រៀបចំ​មន្ទីរពេទ្យ​ពីរ​បន្ថែមទៀត ដោយ​យក​សណ្ឋាគារ​ធ្វើជា​ទីកន្លែង​រៀបចំ ដែល​អាចមាន​ប្រមាណ​ជា ២០០​បន្ទប់ ឬ​អាច​លើស​នេះ ហើយ​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដើម្បី​បញ្ចេញ​ក្រុមគ្រូពេទ្យ​របស់​កងទ័ព​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​គ្រូពេទ្យ​ស៊ីវិល​។

​សម្ដេច​ថ្លែង​បន្ថែមថា ខាង​ក្រសួងការពារជាតិ​ក៏បាន​ឱ្យដឹងថា បានរៀបចំ​ក្រុមគ្រូពេទ្យ​ចំនួន​៣០​ក្រុម នៃ​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុមគ្រូពេទ្យ ដើម្បី​មកជួយ​ដល់​ខាង​ផ្នែក​ស៊ីវិល​។ ដូច្នេះ​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ធ្វើការ​ពិភាក្សាគ្នា ហើយ​ប្រសិនបើ​មន្ទីរពេទ្យ​ទាំងពីរ​នេះ​កើតឡើង ត្រូវប្រគល់​ភារកិច្ច​នេះ​ឱ្យ​កងទ័ព ដោយ​ប្រើប្រាស់​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​របស់​កងទ័ព​គ្រប់គ្រង​ទីកន្លែង​នោះ​តែម្ដង ហើយ​កម្លាំង​សល់​ពី​នោះ​ក៏ត្រូវ​រៀបចំ​ដើម្បី នឹង​ត្រៀម​អន្តរាគមន៍​ទៅកាន់​បណ្ដា​គោលដៅ​ដែលមាន​ហានិភ័យ​ខ្ពស់​។ សម្ដេច​តេ​ជោ​លើកឡើងថា ដោយសារ​មេបញ្ជាការ​កងទ័ពជើងគោក បាន​ស្ថិតនៅក្នុង​គណៈកម្មាធិកា​រ​អន្តរក្រសួង និង​ជា​អនុគណៈកម្មការ​ច​ត្តា​ឡី​ស័ក​ស្រាប់ ដូច្នេះ​កម្លាំង​គ្រូពេទ្យ​កងទ័ព​នេះ​ក៏ត្រូវ​ប្រគល់​ទៅឱ្យ​មេបញ្ជាការ​កងទ័ពជើងគោក ដើម្បី​គ្រប់គ្រង​ចាត់ចែង​ប្រើប្រាស់ ជាមួយនឹង​កម្លាំង​ដទៃទៀត ដែល​កំពុងតែ​អនុវត្ត​នូវ​វិធានការ​គ្រប់គ្រង​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​អន្តរាគមន៍​លើ​ផ្នែក​សណ្ដាប់ធ្នាប់​។

​សម្ដេច​តេ​ជោ​គូសបញ្ជាក់ថា ដោយសារ​សភាពការណ៍​បែបនេះ ក្រុមគ្រូពេទ្យ​របស់​យើង​ត្រូវតែ​ទទួលបាន​ការបំពាក់​ស​ម្ភា​រ​ចេញពី​ក្រសួងសុខាភិបាល​។ ដូច្នេះ​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល រៀបចំ​នូវ​សម្ភារ​បរិក្ខារ ដែល​ត្រូវ​បំពាក់​ឱ្យកម្លាំង​ប្រមាណ​ជា ៣០០​នាក់ ដែល​ចែកជា​៣០​ក្រុម នៃ​ក្រុម​ប្រតិបត្តិការ​ទាំងនេះ បំពាក់​សម្រាប់​កម្លាំង​ដែល​ត្រូវធ្វើ​សកម្មភាព ទាំង​ខោអាវ​ការពារ ទាំង​ម៉ាស់ និង​អ្វីៗ​ដែល​ពាក់ព័ន្ធ​ជាមួយនិង​ការប្រើប្រាស់​របស់​ក្រុមគ្រូពេទ្យ និង​សម្ភារ​ផ្សេងទៀត​ដែល​សម្រាប់​បំពាក់​ឱ្យ​មន្ទីរពេទ្យ​ថ្មី​ចំនួន​ពីរ ដែល​ត្រូវ​រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ​។ ដោយឡែក​សម្រាប់​របប​ឧបត្ថម្ភ​សម្រាប់​កម្លាំង​ទាំងនេះ ត្រូវ​ផ្គត់ផ្គង់​ដោយផ្ទាល់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាត់ចែង​ធ្វើការ​ងារ​នេះ ជាមួយនឹង​ក្រុម​ប្រតិបត្តិការ​ពី​សំណាក់​ផ្នែក​កងទ័ព​។

សម្ដេច​តេ​ជោ​ថ្លែង​សង្កត់ធ្ងន់ថា «​ខ្ញុំ​សង្ឃឹមថា​ការងារ​នេះ​ចាត់ចែង​បានល្អ ដោយមាន​រដ្ឋមន្ត្រី​ចំនួន​ ៣​រូប ចូលរួម​អនុវត្ត​ការងារ​នេះ​»​។​

​សម្ដេច​តេ​ជោ​គូសបញ្ជាក់​ទៀត​បន្តថា ដូច្នេះ​កម្លាំង​ដែល​ត្រូវបញ្ជូន​មកពី​ក្រសួងការពារជាតិ ហើយ​ដែល​ត្រូវដាក់​នៅក្រោម​បញ្ជា​របស់​មេបញ្ជាការ​ក​ង​ទ័ពជើងគោក ក៏​ត្រូវបាន​ហ្វឹកហាត់​ឱ្យ​ស្ទាត់ជំនាញ អំពី​វិធី​ការពារ និង​ព្យាបាល​សម្រាប់​អ្នក​ដែលមាន​កូ​វីដ​-១៩​។ ការហ្វឹកហាត់​ទាំងនេះ​ត្រូវតែ​ធ្វើឱ្យបាន​ហ្មត់ចត់ ការបំពាក់​សម្ភារ​ត្រូវតែ​ច្បាស់លាស់ គឺ​ចាំបាច់​ត្រូវមាន​សម្ភារ​ដូច​ក្រូម​គ្រូពេទ្យ​នៅ​ខាង​ស៊ីវិល​។ សម្ដេច​តេ​ជោ​បញ្ជាក់​បន្ថែមថា សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ មិនចាំបាច់​បំពាក់​ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួងការពារជាតិ​នោះទេ ប៉ុន្តែ​អាចមាន​លទ្ធភាព​ផ្ដល់​រថយន្ត​ដឹក​អ្នកជំងឺ​តែប៉ុណ្ណោះ​ពី​ក្រសួងសុខាភិបាល ទៅកាន់​ពេទ្យ​កងទ័ព​។ ឯ​សម្រាប់​មធ្យោបាយ​ចល័ត​ផ្សេងៗ ដូចជា​ការដឹកជញ្ជូន ក្រសួងការពារជាតិ​ត្រូវ​រ៉ាប់រង​ខ្លួនឯង​។ សម្ដេច​តេ​ជោ​ថ្លែង​បន្ថែមថា កម្លាំង​ក្រុមគ្រូពេទ្យ​ចំនួន​៣០០​នាក់​នេះ គឺជា​កម្លាំង​បម្រុង​ទុក បើទោះបីជា​គ្មាន​ករណី​កើតឡើង ក៏​នៅ​ជា​កម្លាំង​ត្រៀម​បម្រុង​របស់​រាជរដ្ឋាភិបាល ដើម្បីឱ្យ​កងទ័ព​អាច​ចូលទៅ​អន្តរាគមន៍​ជួយ​ទៅដល់​ពេទ្យ​ស៊ីវិល​៕ AKP

អត្ថបទទាក់ទង