ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមហ៊ុន Minebea

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 62
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមហ៊ុន Minebea លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមហ៊ុន Minebea

នៅព្រឹកមិញនេះ បន្ទាប់បានអញ្ជើញជួបកម្មករកម្មការិនីរួចហើយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានឆ្លៀតអញ្ជើញជួបសំណេះសំណាលជាមួយ លោក Yoshihisa Kainuma នាយកប្រតិបត្តិក្រុមហ៊ុន Minebea (Cambodia) នៅក្រុមហ៊ុន Minebea ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផ្ទាល់តែម្តង។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រធានក្រុមហ៊ុន Minebea និងបុគ្គលិក ព្រមទាំងកម្មករ កម្មការនីទាំងអស់ដែលបានបង្កើតបរិយាកាសសប្បាយរីករាយក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះ។

លោក Yoshihisa Kainuma នាយកប្រតិបត្តិក្រុមហ៊ុន Minebea (Cambodia) ក៏បានអរគុណដល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផងដែរ ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់នូវភាពរីករាយដល់កម្មករ កម្មការនី នៅថ្ងៃនេះ ដែលចាត់ទុកជាអនុស្សាវរីយ៍មួយមិនអាចបំភ្លេចបាន។ លោកប្រធាន ក៏បានមានប្រសាសន៍អំពីក្រុមហ៊ុនលោកដែលបានខិតខំរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋអោយមានការរីកចម្រើនទៅមុខទៀត។

មកទល់ពេលនេះ គឺក្រុមហ៊ុន Minebea (Cambodia) បានវិនិយោគលើទឹកប្រាក់ប្រមាណ ១៤០លានដុល្លារ ហើយបើបូកទាំងការចំណាយទៅលើការដឹកជញ្ជូនផ្សេងៗទៀត គឺសរុបទាំងអស់ប្រមាណជា១៧០លានដុល្លាររួចហើយ។

លោកនាយកប្រតិបត្តិក្រុមហ៊ុនរីករាយដែរដោយសារមានការគាំទ្រពីលោកនាយករដ្ឋមន្រ្ដី ដែលបានជួយអោយក្រុមហ៊ុនរបស់លោកបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនអគ្គីសនីក្នុងការផលិតអគ្គិសនីតង់ស្យុងខ្ពស់ ១១៥ kw ដែលជួយអោយតំលៃអគ្គិសនីធ្លាក់ចុះទាប ហើយក្រុមហ៊ុនមានលទ្ធភាពធ្វើការប្រកួតប្រជែងបាន។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់អំពីការពេញចិត្តក្នុងការរួមចំណែកធ្វើឲ្យទីក្រុងភ្នំពេញ ក៏ដូចជាទីក្រុងផ្សេងៗនៅប្រទេសកម្ពុជាឲ្យទៅជា Smart city ដែលមានគោលដៅធ្វើឲ្យអគ្គិសនីមានតម្លៃទាប។

លោកប្រធានក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្ដី ទៅទស្សនាគម្រោងនៅកោះពេជ្រដែលគាត់បានអនុវត្តគម្រោង កាត់បន្ថយការចំណាយទៅលើអគី្គសនី ៩០% ដោយសារថាអគ្គិសនីនេះមិនឆេះចោលទេ នៅពេលណាអត់មានមនុស្សគឺវាស្រទុំៗ នៅពេលដែលមានមនុស្ស ទើបវាឆេះភ្លឺ អញ្ចឹងហើយគឺនឹងធ្វើឲ្យការចំណាយកាត់បន្ថយ ៩០%។ លោកប្រធានបានស្នើសុំឲ្យសម្តេចតេជោជួយគាំទ្រក្រុមហ៊ុនរបស់លោក។

ក្រុមហ៊ុនមីនីបៀនៅកម្ពុជានេះនឹងជួយទាក់ទាញវិនិយោគបន្ថែមទៀតពីប្រទេសផ្សេងៗមកកម្ពុជា ព្រោះថាកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី មានស្ថេរភាព មានសុខសន្តិភាព។ លោកប្រធានបានសន្យាថានឹងខិតខំរួមចំណែកក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ហើយនឹងខិតខំធ្វើយ៉ាងណាបន្ថែមការងារដល់ប្រជាពលរដ្ឋកម្ពុជាអោយមានការងារធ្វើកាន់តែច្រើនឡើងថែមទៀត។

លោកនាយករដ្ឋមន្រ្ដី បានថ្លែងអរគុណដល់ក្រុមហ៊ុន Minebea ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ផងដែរថា លោកប្រៀបដូចជាឆ្មបដែលបានជួយបង្កើតក្រុមហ៊ុននេះឡើង។ ក្រុមហ៊ុននេះដូចជាទារក ដូច្នេះហើយលោក មិនបោះបង់ចោលទារកនេះទេ។ ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហ៍កម្ម ២០១៥ -២០២៥ លោកចង់អោយមាននៅរោងចក្ររបៀបដូច Minebea នេះច្រើនថែមទៀតនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី បានកោតសរសើរចំពោះការខិតខំរបស់មីនីបៀក្នុងការជួយក្នុងវិស័យអគ្គិសនី ជាពិសេសអភិវឌ្ឍន៍នូវ Smart city។ ហើយលោកនាយករដ្ឋមន្រ្ដីបានចាត់ទុកថាជោគជ័យរបស់ Minebea គឺដោយសារតែយើងមានជំនឿទុកចិត្តគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្ដីបានអបអរសាទរ និងស្វាគមដែល ក្រុមហ៊ុន Minebea ពេលនេះកំពុងរីកធំធាត់ក្លាយជាក្រុមហ៊ុនដ៏ធំមួយហើយ។

ជាចុងក្រោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងអំណរគុណសាជាថ្មី ចំពោះការរៀបចំឲ្យមានទិវាជួបជុំកម្មករក្នុងថ្ងៃ១ឧសភានេះ បានល្អ ហើយលោកនាយករដ្ឋមន្រ្ដី ក៏បានជូនពរ លោក Yoshihisa Kainuma មានសុខភាពល្អ និងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង