ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសការពារ មិនឲ្យនរណា មកបំផ្លាញកម្ពុជានោះទេ ដរាបណានៅមានវត្តមានលោកដឹកនាំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1165
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសការពារ មិនឲ្យនរណា មកបំផ្លាញកម្ពុជានោះទេ ដរាបណានៅមានវត្តមានលោកដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសការពារ មិនឲ្យនរណា មកបំផ្លាញកម្ពុជានោះទេ ដរាបណានៅមានវត្តមានលោកដឹកនាំ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្ដារប្រទេសចេញពីភ្លើងសង្គ្រាម និងបន្ដដឹកនាំរហូតមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ បានបន្ដសន្យា និងបន្ដប្រកាសការពារយ៉ាងដាច់ខាត មិននរណាម្នាក់មកបំផ្លាញកម្ពុជានោះទេ ដរាបណានៅមានវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំនាវាកម្ពុជាបន្ដទៀត។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រៀបធៀបការស្ដារប្រទេសកម្ពុជា ចេញពីភ្លើងសង្គ្រាម រហូតមានការអភិវឌ្ឍទៅជាអ្នកដែលខិតខំដាំដើម ដែលខិតខំមើលថែការពារទាំងយប់ទាំងថ្ងៃ ចាប់តាំងពីការស្រោចទឹកដាក់ជី ការពារមិនឲ្យមានអ្វីមកបំផ្លាញ ខុសពីអ្នកដែលមិនបានដាំ គិតតែពីបេះបំផ្លាញទៅវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដែលយកជីវិតទៅប្ដូរដើម្បីនាវាកម្ពុជា គឺចង់ឃើញកម្ពុជារីកចម្រើន និងចង់ឃើញយុវជន មានឱកាសគ្រប់យ៉ាង ជាពិសេសឱកាសក្នុងការសិក្សាទាំងក្នុង និងក្រៅប្រទេស ឱកាសការងារ និងឱកាសបង្កើតមុខរបបរដោយខ្លួនឯង ដើម្បីជីវភាពរស់នៅធូរធារ ព្រមទាំងមានសិទ្ធិសេរីភាពគ្រប់យ៉ាង រួមទាំងសិទ្ធិបោះឆ្នោតជ្រើសរើស គណបក្សនយោបាយ និងតំណាងរាស្រ្តដែលខ្លួនពេញចិត្តជាដើម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកឲ្យជនរួមជាតិទាំងអស់ចូលរួម ថែរក្សាសន្តិភាព និងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីឲ្យសម្ដេច ឱកាសអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនក្រោមម្លប់សន្តិភាព និងក្រោមម្លប់ដ៏ត្រជាក់បំផុត នៃព្រះមហាក្សត្រកម្ពុជា។

ខាងក្រោមនេះជាសាររបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើទំព័រ Facebook នៅព្រឹកថ្ងៃនេះ៖

«កូនក្មួយពិតជាយល់ច្បាស់ណាស់ថាចំពោះអ្នកដាំដើមឈើ គឺខិតខំមើលថែការពារទាំងយប់ទាំងថ្ងៃ ចាប់តាំងពីការស្រោចទឹក ដាក់ជីរការពារមិនឲ្យមានអ្វី មកបំផ្លាញ ទម្រាំដើមឈើរស់រានបានផ្កាផ្លែទទួលទានគ្រប់ៗគ្នា។ រីឯអ្នកដែលមិនបានដាំដែលគ្មានគិតពីពេលវេលា និងការលំបាកទាំងឡាយ គឺពួកគេគិតតែពីបេះបំផ្លាញ គឺងាយធ្វើបំផុត។

ពូសន្យាថា ចំពោះកម្ពុជា បើមានពូដឹកនាំគ្រប់គ្រងហើយ គឺគ្មាននរណាមួយមកបំផ្លាញប្រទេសយើងបានជាដាច់ខាត។ ព្រោះពូធ្លាប់បានឆ្លងកាត់សង្រ្គាម វិនាសកម្ម និងការលំបាកវេទនាគ្រប់យ៉ាង ពីជំនាន់មុនដែលបានធ្វើឲ្យពូពិការភ្នែកមួយចំហៀងមកទល់សព្វថ្ងៃ។ កែវភ្នែកនេះហើយ ដែលតែងតែរំលឹកពូរាល់ថ្ងៃ ឲ្យថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសយើងឲ្យបានដាច់ខាត!

ពូបានខិតខំមកទល់ពេលនេះ គឺចង់ឃើញកម្ពុជារីកចម្រើន និងចង់ឃើញក្មួយៗ យុវជនមានឱកាសគ្រប់យ៉ាង ជាពិសេសឱកាសក្នុងការសិក្សាទាំងក្នុង និងក្រៅប្រទេស ឱកាសការងារ និងឱកាសបង្កើតមុខរបបរដោយខ្លួនឯង ដើម្បីជីវភាពរស់នៅធូរធារ ព្រមទាំងមានសិទ្ធិសេរីភាពគ្រប់យ៉ាង រួមទាំងសិទ្ធិបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងតំណាងរាស្រ្តដែលខ្លួនពេញចិត្តជាដើម។

ពូអរគុណណាស់ដល់លោកយាយ លោកតាក្មួយៗ ដែលបានចូលរួមក្នុងការងារប្រទេសជាតិកន្លងមក និងអរគុណបងប្អូនរួមជាតិ និងក្មួយៗ ផ្ទាល់ដែលបានចូលរួម ថែរក្សាសន្តិភាព និងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជននៅថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីពូមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ យើងឲ្យកាន់តែរីកចម្រើនក្រោមម្លប់សន្តិភាព និងក្រោមម្លប់ដ៏ត្រជាក់បំផុតនៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»៕

អត្ថបទទាក់ទង