ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរចុះប្រតិបតិ្តការ ត្រួតពិនិត្យផ្ទៃសមុទ្រដើម្បីការពារកូវីដ-១៩ ចូលក្នុងសហគមន៍ ទប់ស្កាត់ការលួចឆ្លងដែនមកពីថៃ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 26
អាជ្ញាធរចុះប្រតិបតិ្តការ ត្រួតពិនិត្យផ្ទៃសមុទ្រដើម្បីការពារកូវីដ-១៩ ចូលក្នុងសហគមន៍ ទប់ស្កាត់ការលួចឆ្លងដែនមកពីថៃ អាជ្ញាធរចុះប្រតិបតិ្តការ ត្រួតពិនិត្យផ្ទៃសមុទ្រដើម្បីការពារកូវីដ-១៩ ចូលក្នុងសហគមន៍ ទប់ស្កាត់ការលួចឆ្លងដែនមកពីថៃ

(កោះកុង)៖ ដើម្បីការពារការរីករាលដាលជំងឺឆ្លងកូវីដ-១៩ កុំឲ្យមានការឆ្លងចូលក្នុងសហគមន៍នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង និងជាសមាជិកគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកងកម្លាំងសមត្ថកិច្ច ចុះប្រតិបត្តិការល្បាតលើផ្ទៃសមុទ្រ ដើម្បីត្រួតពិនិត្យទៅលើទូកប្រជានេសាទ ដែលធ្វើនេសាទលើផ្ទៃសមុទ្រជាប់គ្នារវាងខេត្តកោះកុង-ខេត្តត្រាត ដើម្បីពិនិត្យក្រែងមានពលករចំណាកស្រុកលួចឆ្លងដែនចូលស្រុកដោយខុសច្បាប់។

លោក សុវណ្ណ ប៊ុនធឿន បានឲ្យដឹងថា ការចុះប្រតិបត្តិការល្បាតលើផ្ទៃសមុទ្រ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ និងអនុវត្តន៍ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ឲ្យធ្វើការត្រួតពិនិត្យឲ្យ បានតឹងរឹងទាំងផ្លូវទឹក និងផ្លូវគោក ដែលពលករចំណាកស្រុកលួចឆ្លងដែនខុសច្បាប់តាមច្រកធម្មជាតិ និងធ្វើដំណើរតាមផ្លូវទឹកវិលចូលស្រុកកំណើតវិញ ដែលគេចវេសពីការធ្វើចក្តាឡីស័ករបស់ក្រុមលោកគ្រូពេទ្យរយៈ ១៤ថ្ងៃ។

លោក សុវណ្ណ ប៊ុនធឿន បានឲ្យដឹងបន្តថា ដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់ សមត្ថកិច្ចទាំងការពារផ្លវទឹក ទាំងផ្លូវគោក ត្រូវរឹតបណ្តឹងត្រួតពិនិត្យឲ្យបានល្អ មិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះជំងឺកូវីដ-១៩ ពិបាកក្នុងគ្រប់គ្រងណាស់ ហេតុដូច្នេះយើងត្រូវរឹតបន្តឹងបន្ថែមទៀត ចំពោះពលករចំណាកស្រុកដែលគេចវេសពីការធ្វើចក្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោកបានបន្ថែមថា ពលករចំណាកស្រុកមកពីប្រទេសថៃ វិលចូលស្រុកកំណើតវិញ រាជរដ្ឋាភិបាលមិនបានហាមឃាត់ទេ តែសូមឲ្យវិលត្រឡប់ចូលស្រុកដោយស្របច្បាប់ តាមច្រកទ្វារអន្តរជាតិចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើតេស្ត និងចក្តាឡីស័ករយៈ១៤សិន ដើម្បីសុវត្តិភាពសុខភាពប្រជាពលរដ្ឋទាំងអស់គ្នា។

លោកសូមឲ្យប្រជានេសាទ ដែលមានមុខរបបធ្វើនេសាទចូលរួមសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន កុំដឹកពលករចំណាកស្រុកលួចឆ្លងដែនខុសច្បាប់ឲ្យសោះ ហើយបើឃើញមានទូកលួចដឹកពលករ ចំណាកស្រុកឆ្លងខុសច្បាប់ សូមចូលរួមផ្តល់ព័ត៌មានឲ្យបានលឿនជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ដើម្បីការពារការរីករាលដាលចូលក្នុងសហគមន៍ ហើយសូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣កុំ និង៣ការពារ»៕

អត្ថបទទាក់ទង