ខ្មែរប៉ុស្ដិ៍ Close

លោក ជា វ៉ាន់ដេត លើកទឹកចិត្ត​ឱ្យ​អ្នក​ធុរកិច្ច​ថ្មី​ឌីជីថល​ក្នុង​ការមក​ចុះបញ្ជី​អាជ្ញាប័ណ្ណ​ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
លោក ជា វ៉ាន់ដេត លើកទឹកចិត្ត​ឱ្យ​អ្នក​ធុរកិច្ច​ថ្មី​ឌីជីថល​ក្នុង​ការមក​ចុះបញ្ជី​អាជ្ញាប័ណ្ណ​ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន លោក ជា វ៉ាន់ដេត លើកទឹកចិត្ត​ឱ្យ​អ្នក​ធុរកិច្ច​ថ្មី​ឌីជីថល​ក្នុង​ការមក​ចុះបញ្ជី​អាជ្ញាប័ណ្ណ​ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លើកទឹកចិត្ត​ឱ្យ​អ្នក​ធុរកិច្ច​ថ្មី​ឌីជីថល​ក្នុង​ការមក​ចុះបញ្ជី​អាជ្ញាប័ណ្ណ​ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល ការលើកទឹកចិត្ត និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ក្រសួង​។

ការថ្លែង​របស់លោក​រដ្ឋមន្ត្រី​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង និង​ការលើក​ទឹកចិត្ត​ធុរកិច្ច​ថ្មី​ឌីជីថល កាលពី​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ឆ្នាំ​ ២០២១ នៅ​ទីស្តីការក្រសួង​។

លោក វ៉ាន់ដេត បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​កំណត់​ពី​យន្តការ វិធាន និង​នីតិវិធី​នៃ​ការទទួលស្គាល់ ការលើកទឹកចិត្ត ការសម្របសម្រួល និង​ការបណ្តុះបណ្តាល​លើ​ផ្នែក​ធុរកិច្ច​ថ្មី​ឌីជីថល​ក្នុង​ការជំរុញ​សហគ្រិនភាព​ និង​នវានុវត្តន៍​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​សំដៅ​ជំរុញ​ឱ្យ​មាន​ការបង្កើត ធុរកិច្ច​ថ្មី​ឌីជីថល​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​។

លោក​ថ្លែងថា​៖

«​សេចក្តីព្រាង​អនុក្រឹត​នេះ​ក៏មាន​ការលើក​ទឹកចិត្ត​ចំពោះ​អ្នក​ដែលមាន​បំណង​ស្នើសុំ​ការទទួល​ស្គាល់​ធុរកិច្ច​ថ្មី​ឌីជីថល​ដាក់ពាក្យ​ស្នើ​មក​ក្រសួង​ដោយ​មិន​មាន​ការបង់​កម្រៃ​សេវា​ណាមួយ​ទេ​»​។

លោក​ឱ្យដឹងទៀតថា សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​នឹង​ជំរុញ​លើកកម្ពស់​ធុរកិច្ច​ថ្មី​ឌីជីថល​ដែលមាន​សក្តានុពល​អាជីវកម្ម​ទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​បំពេញ​កាតព្វកិច្ច​នានា​ស្របតាម​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ដើម្បី​បន្ត​ដំណើរការ និង​ពង្រីក​អាជីវកម្ម​តទៅទៀត​។

លោក​ប្រាប់ថា​៖

«​ខ្ញុំ​សង្ឃឹមថា តាមរយៈ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ ធុរកិច្ច​ថ្មី​ឌីជីថល​ដែល​ត្រូវបង្កើត​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​សហគ្រិនភាព និង​នវានុវត្តន៍​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ដោយ​ជោគជ័យ​នៅ​កម្ពុជា​»​។

លោក ប៉ាត់ ចំណាន ស្ថាបនិក ក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី ភីអិលស៊ី បាន​កត់សម្គាល់​ថា ក្នុង​មួយរយៈ​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការជំរុញ​កម្ពុជា​ឱ្យ​កា្លយ​ជា​រដ្ឋាភិបាល​ឌីជីថល និង​ពលរដ្ឋ​ឌីជីថល​។

លោក​និយាយថា​៖

«​ការលើក​ទឹកចិត្ត​របស់​រដ្ឋាភិបាល​នឹង​ជួយ​យើង​ដំណើរការ​អាជីវកម្ម​លូតលាស់​បាន​រហ័ស ហើយ​វិស័យ​ឯកជន​នឹង​កាន់​តែមាន​ជំនឿ​ចិត្ត​ដើម្បី​បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​ធុរកិច្ច​ឌីជីថល​ថែមទៀត​»​។

លោក ចំណាន ជឿថា ការសហការ​គ្នា​រវាង​រដ្ឋ និង​ឯកជន​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​រីកចម្រើន​ក្នុង​បរិបទ​ឧស្សាហកម្ម​ឌីជីថល​ ៤.០ នេះ​។ ការប្រើប្រាស់​ឧស្សាហកម្ម​ឌីជីថល​ ៤.០ ក្នុង​អាជីវកម្ម​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​លឿន​ជាង​ឧស្សាហកម្ម​ធុន​ធ្ងន់​ទៅទៀត ហើយ​ការអភិវឌ្ឍ​ធុរកិច្ច​ឌីជីថល​នឹង​ជំរុញ​ផលិតផល​ជាតិ​ទៅ​ទីផ្សារ​អន្តរជាតិ​កាន់តែ​ច្រើន​៕

អត្ថបទទាក់ទង