ខ្មែរប៉ុស្ដិ៍ Close

ក្រុមជម្រើសជាតិ ជាង១ពាន់នាក់ត្រៀមទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 37
ក្រុមជម្រើសជាតិ ជាង១ពាន់នាក់ត្រៀមទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ក្រុមជម្រើសជាតិ ជាង១ពាន់នាក់ត្រៀមទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១

កីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡានៃក្រុមជម្រើសជាតិកម្ពុជាជាង ១.០០០នាក់ នឹងត្រូវបានរៀបចំឱ្យទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត នាថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានបញ្ជាក់កាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញថា លេខាធិការដ្ឋាន CAMSOC បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាង១.០០០នាក់ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រកម្ពុជា កាលពីថ្មីៗនេះ។

លោកអគ្គលេខាធិការបន្ថែមថា គណ:កម្មាធិការជាតិ CAMSOC ស្នើឱ្យកីឡាករ កីឡាការិនី ​​​​​​ជម្រើសជាតិ គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធ ត្រៀមលក្ខណៈចូលរួមចាក់វ៉ាក់សាំង COVID-19 ដោយស្មារតីស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា នាដើមខែមីនាខាងមុខនេះ ដោយត្រូវភ្ជាប់ជានូវអត្តសញ្ញាណប័ណ្ណ និងបំពេញបែបបទសុខភាពតាមការណែនាំរបស់មន្រ្តីសុខាភិបាល មុននឹងទទួលការចាក់វ៉ាក់សាំងនេះ។ ចំពោះទីកន្លែងត្រូវទៅទទួលការចាក់​នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ (មន្ទីរពេទ្យ ១-៧៩ ) វេលាម៉ោង៨ព្រឹក។ រីឯព័ត៌មានបន្ថែម សូមទាក់ទងទៅអគ្គលេខាធិការដ្ឋាន CAMSOC ដែលមានទីតាំងនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា( NOCC)។

លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កីឡាករ កីឡាកា រិនី គ្រូបង្វឹកជម្រើសជាតិ និងមន្រ្តីកីឡាពាក់ព័ន្ធ គឺដើម្បីផ្តល់ជំនឿចិត្ត និងភាពកក់ក្តៅ​ក្នុងចិត្តសាស្រ្តកីឡា ត្រៀ​ម​ទៅ​ហ្វឹកហាត់​ក្រៅប្រទេស និងប្រកួតកីឡាអន្តរជាតិនានា ក្នុងឆ្នាំ២០២១។ ជាពិសេសគឺការចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាហ្វឹកហាត់ក្នុងប្រទេស និងក្រៅប្រទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

ជាមួយគ្នានោះ ក្នុងនាមគណៈកម្មាធិការជាតិ ​CAMSOC បានបង្ហាញនូវក្តីត្រេកអរជាខ្លាំង និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងចាត់បញ្ចូលនៃក្រុមជម្រើសជាតិកម្ពុជា ឱ្យស្ថិតនៅក្នុងក្រុមមនុស្សអាទិភាព៕

អត្ថបទទាក់ទង