ខ្មែរប៉ុស្ដិ៍ Close

    ប្រទេសចំនួន ៥ នឹងមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងការរំពឹងទុក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 4524
    ប្រទេសចំនួន ៥ នឹងមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងការរំពឹងទុកជ្រុងមួយនៃទីក្រុងភ្នំពេញនាពេលរាត្រី

    អត្រា GDP នៅទូទាំងពិភពលោកបានប្រែប្រួលក្នុងចន្លោះពី ២៦,២១% ទៅ -៦៦,៦៥% ជារៀងរាល់ឆ្នាំ។ ប៉ុន្តែដោយសារការរីករាលដាលនៃវីរុស COVID-19 កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងមានចំនួនប្រហែល -៤,៤% ។

    ប្រទេសទាំង៥ ខាងក្រោមនេះនឹងក្លាយជាប្រទេសដែល មានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងពិភពលោក៖

    ១. ប្រទេសឥណ្ឌា

    ទីក្រុង New Delhi ប្រទេសឥណ្ឌា
    ទីក្រុង New Delhi ប្រទេសឥណ្ឌា

    ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថានឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម ៧,២% ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ដែលនឹងធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ១៣២ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត។

    បើទោះបីជាប្រទេសនេះបាននិងកំពុងរងគ្រោះដោយសារវីរុសរាតត្បាត COVID-19 និងត្រូវបង្ខំចិត្តដាក់ចេញនូវវិធានការបិទប្រទេសក៏ដោយ ក៏អត្រាឆ្លងរបស់ពួកគេ បានធ្លាក់ចុះនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗ នេះ។ ហើយឥឡូវនេះឥណ្ឌាក៏កំពុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសផងដែរ។

    ទិន្នន័យពាណិជ្ជកម្ម និងទិន្នន័យ PMI បាន បង្ហាញថា «ឥណ្ឌានឹងទទួលបានមូលដ្ឋានដែលគាំទ្រដល់កំណើន ដែលរួមមាន ដូចជាការវិនិយោគ, ការនាំចេញនិងការកើនឡើងនៃការ ប្រើប្រាស់»

    កំណែទម្រង់រចនាសម្ព័ន្ធថ្មីៗ ដែលបានចាប់ផ្តើមនៅប្រទេសឥណ្ឌាក៏នឹងអនុញ្ញាតឱ្យការចូលរួមពីបរទេសមានលក្ខណៈកាន់តែប្រសើរឡើង នៅក្នុងវិស័យជាច្រើន នៃទីផ្សារឥណ្ឌា ដូចជា នៅក្នុងវិស័យធានា
    រ៉ាប់រងនិងកសិកម្ម។

    កំណែទម្រង់រចនាសម្ព័ន្ធផ្សេងៗទៀត ដូចជាការធ្វើឯកជនភាវូបនីយកម្មធនាគារ ដែលគ្រប់គ្រងដោយរដ្ឋ ក៏នឹងអនុញ្ញាតឱ្យ GDP មានការកើនឡើងខ្ពស់ផងដែរនៅក្នុងសេដ្ឋកិច្ចឥណ្ឌា។ ការកែទម្រង់រចនាសម្ព័ន្ធអាចបង្កហានិភ័យដល់ពួកគេ ប៉ុន្តែវាជាហានិភ័យដែលបានផ្តល់ផលប្រយោជន៍ដល់ពួកគេ។

    បើទោះបីជាមានការកែទម្រង់នៅក្នុងប្រទេសឥណ្ឌាក៏ដោយ ក៏នៅតែមានការសង្ស័យលើការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការធានានូវប្រសិទ្ធភាពចំពោះកំណែទម្រង់ទាំងនេះ ខណៈពេលដែលហេដ្ឋារចនាសម្ព័ន្ធនយោបាយមិនល្អរបស់ឥណ្ឌាអាចបង្កការរារាំងដល់ការរីកចម្រើន។

    កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាក៏អាចត្រូវបានរារាំងដោយការសម្រេចចិត្តមិនចូលរួមនៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP ផងដែរ ។

    ២. ប្រទេសបង់ក្លាដែស

    ទីក្រុង Dhaka ប្រទេសបង់ក្លាដែស
    ទីក្រុង Dhaka ប្រទេសបង់ក្លាដែស

    នៅពេលដែលប្រទេសបង់ក្លាដែស ត្រូវបានគេចាត់ទុកថាជាប្រទេសឯករាជ្យ សេដ្ឋកិច្ចរបស់ប្រទេសនេះមានទំហំ ៨,៧ ពាន់លានដុល្លារអាមេរិក ហើយគិតត្រឹមឆ្នាំ ២០២០ GDP ប្រទេសបង់ក្លាដែសត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណ ៣១៧,៤៤ ពាន់លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ទី ៤១ នៅទូទាំងពិភពលោក។

    បង់ក្លាដែសត្រូវបានគេរំពឹងថានឹងមានកំណើនជាមធ្យម ៦,៩% ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។ លំហូរចូលនៃការផ្ញើប្រាក់ចូលមកក្នុងប្រទេស និងការស្តារឡើងវិញនៃផលិតកម្មឧស្សាហកម្មរបស់ពួកគេ នឹងអាចធ្វើឱ្យប្រទេសនេះវិលត្រឡប់មករកស្ថានភាពដូចដើមវិញ នៅបន្ទាប់ពីវីរុសរាតត្បាតត្រូវបានបញ្ចប់។

    នាពេលអនាគត សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស នឹងបន្តទទួលបានកំណើននៃការនាំចេញ និងការកើនឡើងនៃតម្រូវការកាន់តែច្រើនពីសំណាក់ក្រុមហ៊ុនក្នុងស្រុករបស់ពួកគេ។

    ការប៉ុនប៉ងដោយជោគជ័យរបស់ប្រទេសបង់ក្លាដែស ក្នុងការទប់ស្កាត់អត្រា មានកូន (Fertility Rate) បានធ្វើឱ្យផលិតភាពរបស់ប្រទេសមានការកើនឡើង។ ក្រៅពីនេះ ប្រទេសបង់ក្លាដែសក៏ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ នៅក្នុងការកាត់បន្ថយកម្រិតនៃភាពក្រីក្រ ដែលបានធ្លាក់ចុះពី ៤៤,២% មកនៅត្រឹម ១៤,៨% ក្នុងរយៈពេល ២៥ ឆ្នាំចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០១៦-២០១៧។

    អត្រាអក្ខរកម្ម, សន្តិសុខស្បៀង និងអត្រាអាយុរំពឹងរស់ (Life Expectancy) ក៏បានកើនឡើងផងដែរ ដោយសារការខិតខំប្រឹងប្រែងរបស់ប្រទេសនេះ។ ប៉ុន្តែ បង់ក្លាដែសអាចនឹងរងគ្រោះដោយសារការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងយឺតយ៉ាវ ដែលអាចនឹងបង្កជាហានិភ័យដល់សេដ្ឋកិច្ចរបស់ពួកគេ។

    ៣. ប្រទេសរវ៉ាន់ដា

    ទីក្រុង Kigali នៃប្រទេសរវ៉ាន់ដា
    ទីក្រុង Kigali នៃប្រទេសរវ៉ាន់ដា

    ប្រទេសរវ៉ាន់ដាត្រូវបានគេរំពឹងថានឹងទទួលបានកំណើនជាមធ្យម ៦,៧% ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ អំពើប្រល័យពូជសាសន៍ដែលបានកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ បានបង្កផលប៉ះពាល់ដលឋសេដ្ឋកិច្ច និងបានជះឥទ្ធិពលអវិជ្ជមានដល់វិស័យឧស្សាហកម្ម នយោបាយ និងសង្គមរបស់ពួកគេ។

    ប៉ុន្តែចាប់តាំងពីពេលនោះមក GDP របស់រវ៉ាន់ដាបានកើនឡើងពី ២ពាន់លានដុល្លារដល់ ១០ពាន់លានដុល្លារក្នុងរយៈពេល ១៩ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩។

    វីរុសរាតត្បាត COVID-19 បានកាត់បន្ថយការរីកចម្រើន នៅក្នុងប្រទេសរវ៉ាន់ដា ខណៈដែលអាជីវកម្មជាច្រើនបានបិទទ្វារ ហើយការវិនិយោគផ្ទាល់ពីបរទេសក៏បានធ្លាក់ចុះ។

    ប៉ុន្តែ ប្រទេសរវ៉ាន់ដានៅតែត្រូវបានគេប៉ាន់ស្មានថានឹងអាចមានកំណើន ៦,៧% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយសារកំណើនវិនិយោគនឹងជួយគាំទ្រដល់កំណើននេះ។

    ការអភិវឌ្ឍរបស់រវ៉ាន់ដាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានពឹងផ្អែកយ៉ាងខ្លាំងទៅលើការដឹកនាំរបស់លោក Paul Kagame ហើយការបញ្ចប់តំណែងប្រធានាធិបតីភ្លាមៗរបស់លោកនឹងបង្កឱ្យមានភាពមិន ប្រាកដប្រជាសម្រាប់ប្រទេស។

    លោកប្រធានាធិបតី Paul Kagame នៃប្រទេសរវ៉ាន់ដា
    លោកប្រធានាធិបតី Paul Kagame នៃប្រទេសរវ៉ាន់ដា

    ក្រៅពីបញ្ហានេះ ប្រទេសរវ៉ាន់ដាក៏កំពុងស្ថិតនៅក្នុងស្ថានភាពសារពើពន្ធទន់ខ្សោយ បូករួមនឹងការសន្សំប្រាក់នៅក្នុងស្រុកមានកម្រិតទាប និងការចំណាយលើថាមពលមានកម្រិតខ្ពស់ ដែលអាចនឹងបង្កហានិភ័យដល់សេដ្ឋកិច្ចរបស់ប្រទេស។

    ៤. ប្រទេសវៀតណាម

    ទីក្រុងហូជីមិញរបស់វៀតណាម
    ទីក្រុងហូជីមិញរបស់វៀតណាម

    បរិយាកាសនយោបាយរបស់ប្រទេសវៀតណាមមានស្ថិរភាព, កម្លាំងពលកម្មជំនាញ បូករួមនឹងតម្លៃកម្លាំងពលកម្មទាបរបស់ប្រទេសវៀតណាម បានរួមចំណែកធ្វើឱ្យមានកំណើននៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើប្រៀបធៀបនឹងបណ្តាប្រទេសអាស៊ីបូព៌ា ប្រទេសវៀតណាមនឹងនៅតែបន្តកើនឡើង។

    តាមការព្យាករណ៍ ប្រទេសវៀតណាមនឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម ៦,៧% ក្នុងរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ដែលភាគច្រើនគឺបណ្តាលមកពីការវិនិយោគផ្ទាល់ពីបរទេសដែលបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសនៅក្នុងវិស័យកាត់ដេរ និងអេឡិចត្រូនិក។

    ក្រៅពីនេះ ប្រទេសវៀតណាមក៏បានក្លាយជាជម្រើសដ៏ល្អបំផុត ប្រសិនបើក្រុមហ៊ុនចង់ផ្លាស់ប្តូរទីតាំងពីប្រទេសចិន ដើម្បីគេចចេញពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។

    ប្រទេសវៀតណាមក៏បានចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនដែលបានបង្កើនការលក់សម្រាប់ការនាំចេញរបស់ពួកគេ។ ការគ្រប់គ្រងបានយ៉ាងល្អលើវីរុស COVID-19 ក៏ដូចជាវិស័យផលិតកម្មរបស់វៀតណាម ក៏បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចផងដែរ។

    ប៉ុន្តែ មេដឹកនាំរបស់ពួកគេ គឺលោក Nguyen Phu Trong កំពុងមានបញ្ហាសុខភាពដែលបញ្ហា ដែលនេះអាចបង្កជាហានិភ័យដល់កំណើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេស។

    លោក Nguyen Phu Trong
    លោក Nguyen Phu Trong

    ៥. ប្រទេសកម្ពុជា

    ទីក្រុងភ្នំពេញនាពេលរាត្រី
    ទីក្រុងភ្នំពេញនាពេលរាត្រី

    ប្រទេសកម្ពុជាមានភាពល្បីល្បាញ ដោយសារការប្រើប្រាស់វិស័យសំណង់ និងវិស័យកាត់ដេររបស់ខ្លួនដើម្បីជំរុញកំណើន និងការបង្កើនសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

    ដូចគ្នានឹងប្រទេសដទៃទៀតដែរ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងពីវីរុស COVID-19 ។ ប៉ុន្តែ «ប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងមាន កំណើនជាមធ្យម ៦,៦% ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥» ដោយសារតែការវិនិយោគផ្ទាល់ពីបរទេសក្នុងចំនួនដ៏ច្រើន។

    ទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រឈមមុខនឹងហានិភ័យក្នុងទំនាក់ទំនងដ៏តានតឹងជាមួយសហភាពអឺរ៉ុប ដែលជាទីផ្សារសំខាន់មួយសម្រាប់ការ នាំចេញសម្លៀកបំពាក់របស់កម្ពុជា។

    ចំណាត់ថ្នាក់ទាំងនេះ ផ្អែកទៅលើចំណាត់ថ្នាក់របស់ស្ថាប័ន Focus Economics បូករួមនឹងព័ត៌មានមួយចំនួន ដែលទទួលបានពីទីផ្សារភាគហ៊ុន NASDAQ។ ការវិភាគទិន្ន័យរបស់ស្ថាប័ន IMF និងការវិភាគទិន្ន័យ GDP ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើចាត់ចំណាត់ថ្នាក់ប្រទេសទាំង៥នេះផងដែរ៕ Daily Invest News

    អត្ថបទទាក់ទង