អត្រាកំណើន GDP ខ្ពស់របស់វៀតណាម បិទបាំងបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន
វៀតណាមបានបង្ហាញអំពីសន្ទុះសេដ្ឋកិច្ចដ៏រឹងមាំនៅឆ្នាំ ២០២២ ជាមួយនឹង GDP សរុបបានកើនឡើង ៨% ដែលជាល្បឿនលឿនបំផុតនៅក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ ទោះបីនេះជាសមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់មួយរបស់ប្រទេសនេះ បន្ទាប់ពីបានជួបប្រទះនឹងកំណើនយឺតយ៉ាវអស់រយៈពេល ២ ឆ្នាំ ដោយសារជម្ងឺរាតត្បាតកូវីដ-១៩ ក៏ដោយ បើសិនជាយើងពិនិត្យឱ្យបានដិតដល់ទៅ យើងនឹងឃើញថា វៀតណាមពិតជាមិនទាន់ងើបផុតពីបញ្ហានៅឡើយទេ។
អត្រាកំណើន GDP ខ្ពស់អាចត្រូវបានគេពន្យល់ដោយកត្តាជាច្រើន។ ការធ្លាក់ចុះទាបបំផុតកាលពីឆ្នាំ ២០២១ នៅពេលដែលសេដ្ឋកិច្ចរបស់វៀតណាមបានពង្រីកខ្លួនបានត្រឹមតែ ២,៦% ដែលជាអត្រាទាបបំផុតចាប់តាំងពីវៀតណាមបានចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ មក គឺជាហេតុផលជាក់ស្តែងមួយ។ ក្រុមអ្នកជំនាញក៏បានលើកឡើងអំពីហេតុផលផ្សេងៗទៀតផងដែរ ដូចជាកំណើននៃការប្រើ ប្រាស់ក្នុងស្រុកខ្លាំង, ការនាំចេញដ៏រឹងមាំ និងការធ្វើឱ្យប្រសើរឡើងនូវការវិនិយោគផ្ទាល់ពីបរទេស (FDI)។
ជាពិសេស ការលក់ទំនិញរាយ និងសេវាកម្មរបស់វៀតណាមនៅក្នុងឆ្នាំ ២០២២ មានទំហំរហូតដល់ ២៤០,២ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ១៩,៨% បើធៀបនឹងតួលេខឆ្នាំ ២០២១ និង ១៥% បើធៀបនឹងតួលេខមុនជួបវិបត្តិជម្ងឺរាតត្បាតនៅឆ្នាំ ២០១៩។
ចំណូលនៃការនាំចេញរបស់វៀតណាមក៏បានកើនឡើង ១០,៦% ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៧១ ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះបានធ្វើឱ្យទំហំពាណិជ្ជកម្មសរុបរបស់វៀតណាមនៅក្នុងឆ្នាំ ២០២២ កើនដល់ជិត ៧៣០ ពាន់លានដុល្លារ។
ទន្ទឹមគ្នានេះដែរ វិនិយោគិនបរទេសបានបញ្ចេញថវិកាចំនួន ២២,៤ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២ ដើម្បីអនុវត្តគម្រោងរបស់ពួកគេនៅក្នុងប្រទេសនេះ ដែលតួលេខនេះបានកើនឡើង ១៣,៥% បើធៀបនឹងតួលេខកាលពីឆ្នាំមុនៗ ហើយក៏ជាអត្រាខ្ពស់បំផុតនៅក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ តួលេខខាងលើបានបង្ហាញថា វៀតណាមកំពុងទទួលបានអត្ថប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកវិនិយោគអន្តរជាតិដើម្បីធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន។
អត្រាកំណើន GDP ដ៏គួរឱ្យចាប់អារម្មណ៍នេះត្រូវបានចុះផ្សាយយ៉ាងច្រើននៅលើសារព័ត៌មានក្នុងស្រុក ហើយត្រូវបានរាយការណ៍យ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បន្ទាប់ពីទិន្នន័យនេះ ត្រូវបានចេញផ្សាយដោយការិយាល័យស្ថិតិទូទៅកាលពីថ្ងៃទី ២៩ ខែធ្នូ។ ទោះបីជាយ៉ាងណាក៏ដោយ ការឆ្លើយតបរបស់អ្នកអានចំពោះព័ត៌មាន និងសេចក្តីរាយការណ៍ផ្សេងៗទៀត ដែលត្រូវបានធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញនូវរូបភាពខុសៗគ្នា។
ជាឧទាហរណ៍ នៅក្នុងសេចក្តីរាយការណ៍ដដែលដែលបានចេញផ្សាយនៅថ្ងៃទី ៣០ ខែធ្នូ ពាក់ព័ន្ធនឹងការពន្យល់អំពីកំណើន GDP ដ៏រឹងមាំរបស់វៀតណាមនៅក្នុងឆ្នាំ ២០២២ សារព័ត៌មាន VnExpress ដែលជាគេហទំព័រព័ត៌មានដែលត្រូវបានគេអានច្រើនបំផុតនៅក្នុងប្រទេសវៀតណាម បានធ្វើការស្ទង់មតិតាមរយៈការលើកជាសំណួរថា តើប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើង-ថយចុះ ឬនៅដដែលនៅក្នុងឆ្នាំ ២០២២?
៥៨% នៃអ្នកដែលបានឆ្លើយសំណួរសរុបចំនួន ៥ ៦៧២ នាក់ គិតត្រឹមថ្ងៃទី៣ ខែមករា បានបង្ហាញថា ប្រាក់ចំណូលរបស់ពួកគេបានថយចុះ ខណៈ ២១% ទៀតបាននិយាយថា វានៅដដែល ហើយមានតែ ២១% ប៉ុណ្ណោះដែលបាននិយាយថា ប្រាក់ចំណូលរបស់ពួកគេបានកើនឡើងនៅក្នុងឆ្នាំ ២០២២។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ការឆ្លើយតបអវិជ្ជមានបែបនេះអាចត្រូវបានពន្យល់ដោយរបាយការណ៍ ២ ផ្សេងទៀតដែលត្រូវបានបង្ហាញនៅពីក្រោមអត្ថបទខាងលើ។
របាយការណ៍ទី១ បានបង្ហាញអំពីរបៀបដែលអ្នកវិនិយោគវៀតណាមនៅក្នុងវិស័យអចលនទ្រព្យទទួលបានជោគជ័យនៅដើមឆ្នាំ ២០២២ តែបែរជាត្រូវជួបប្រទះនឹង «ការខាតបង់ដ៏គួរឱ្យភ្ញាក់ផ្អើល» នៅចុងឆ្នាំនេះដោយសារតែតម្លៃអចលនទ្រព្យធ្លាក់ចុះ។ របាយការណ៍ទី២ បានរៀបរាប់អំពីស្ថានភាពដ៏ធ្ងន់ធ្ងរស្រដៀងគ្នានេះដែរ របស់ក្រុមហ៊ុនកាត់ដេរនៅក្នុងប្រទេសវៀតណាម។
ពួកគេបានប្រមូលផលចំណេញច្រើននៅដើមឆ្នាំ ដោយសារការពង្រីកនៃតម្រូវការនៅក្នុងទីផ្សារលោកខាងលិច។ ប៉ុន្តែពួកគេមិនមានការបញ្ជាទិញគ្រប់គ្រាន់ដើម្បីរក្សាប្រតិបត្តិការរបស់ពួកគេនោះឡើយ ចាប់ពីពាក់កណ្តាលឆ្នាំរហូតដល់ចុងឆ្នាំ។ របាយការណ៍ទាំង២ បានសង្ខេបយ៉ាងខ្លីអំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលវៀតណាមកំពុងជួបប្រទះនៅពេលបច្ចុប្បន្ននេះ។
ចាប់ពីខែមីនា ឆ្នាំ ២០២២ ប្រទេសវៀតណាមបានធ្វើយុទ្ធនាការមួយដើម្បីសម្អាតទីផ្សារមូលបត្របំណុលសាជីវកម្ម ដែលបានពង្រីកខ្លួនយ៉ាងខ្លាំងនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហើយថែមទាំងបានបង្កើតហានិភ័យសំខាន់ៗសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុ។
ក្រៅពីការដាក់ចេញនូវតម្រូវការយ៉ាងតឹងរ៉ឹងសម្រាប់ការចេញសញ្ញាបណ្ណសាជីវកម្មថ្មី និងការកាត់ទោសម្ចាស់ក្រុមហ៊ុនចេញសញ្ញាបណ្ណសាជីវកម្មធំៗមួយចំនួន ដូចជាលោក Tan Hoang Minh និងលោក Van Thinh Phat សម្រាប់ការប្រើប្រាស់សញ្ញាបណ្ណមិនត្រឹមត្រូវ រដ្ឋាភិបាលក៏បានស្នើឱ្យអ្នកបោះផ្សាយសញ្ញាបណ្ណធំៗឱ្យកាត់បន្ថយតាមរយៈការប្តូរមូលបត្របំណុលរបស់ពួកគេឱ្យបានឆាប់ដើម្បីទូទាត់ទៅធនាគារ និងអ្នកកាន់បណ្ណបំណុលវិញ។
គួបផ្សំនឹងការកើនឡើងនៃអត្រាការប្រាក់និងការរឹតបន្តឹងទៅលើឥណទានដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលក្នុងការទប់ស្កាត់ការកើនឡើងនៃអត្រាអតិផរណា និងដើម្បីគាំទ្រដល់រូបិយបណ្ណក្នុងស្រុកនោះ វាបានបង្កឱ្យមានវិបត្តិឥណទានយ៉ាងធ្ងន់ធ្ងរ។ វិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺវិស័យអចលនទ្រព្យនិងវិស័យថាមពលកកើតឡើងវិញដែលត្រូវពឹងផ្អែកទៅលើមូលបត្របំណុល និងកម្ចីពីធនាគារដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលធ្វើអាជីវកម្មលើវិស័យផ្សេងៗទៀតក៏ទទួលរងផលប៉ះពាល់ផងដែរ ដោយសារពួកគេមិនអាចចេញមូលបត្របំណុល ឬទទួលបានប្រាក់កម្ចីពីធនាគារដើម្បីគាំទ្រប្រតិបត្តិការរបស់ខ្លួន។ អាជីវកម្មមួយចំនួនត្រូវលក់ទ្រព្យសម្បត្តិរបស់ពួកគេដើម្បីប្តូរយកមូលបត្របំណុល ខណៈក្រុមហ៊ុនផ្សេងទៀតជាច្រើនបានកាត់បន្ថយការធ្វើប្រតិបត្តិការរបស់ពួកគេ ឬក៏បិទអាជីវកម្មរបស់ខ្លួន ដែលនាំឱ្យមានការបញ្ឈប់ពីការងារយ៉ាងច្រើន ជាពិសេសគឺនៅក្នុងវិស័យអចលនទ្រព្យតែម្តង។
អ្វីដែលធ្វើឱ្យបញ្ហាកាន់តែអាក្រក់ទៅទៀតនោះ គឺការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែនតាំងពីខែកុម្ភៈ ឆ្នាំ ២០២២ និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចជាបន្តបន្ទាប់មកលើរុស្ស៊ីដែលបានធ្វើឱ្យតម្លៃអាហារ និងថាមពលកើនឡើង និងធ្វើឱ្យអត្រាអតិផរណាកើនឡើងខ្ពស់នៅទូទាំងពិភពលោក។
តម្រូវការសកលសម្រាប់ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះ ដែលបណ្តាលឱ្យរោងចក្ររបស់ពួកគេត្រូវកាត់បន្ថយប្រាក់ឈ្នួល ឬបញ្ឈប់បុគ្គលិក។ ជាលទ្ធផល មានរបាយការណ៍អំពីកម្មករដែលអត់ការងារធ្វើបានឈរតម្រង់ជួរពេញមួយយប់ដើម្បីដកប្រាក់សន្តិសុខសង្គមរបស់ពួកគេ បើទោះបីជាមានការព្រមានពីសំណាក់រដ្ឋាភិបាលអំពីអសន្តិសុខផ្នែកហិរញ្ញវត្ថុរបស់ពួកគេនៅពេលអនាគតក៏ដោយ។
ការពិតដែលថាវៀតណាមបានកត់ត្រាអំពីអត្រាកំណើន GDP លឿនបំផុតនៅក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមហ៊ុនក្នុងស្រុកកំពុងតែប្រឈមមុខនឹងការលំបាកកាន់តែខ្លាំង «គឺជាការបង្ហាញអំពីបញ្ហាដ៏សំខាន់នៃសេដ្ឋកិច្ចរបស់វៀតណាមដែលបានពឹងផ្អែកខ្លាំងទៅលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ»។
ជាការពិតណាស់ ដើម្បីពន្យល់អំពីលទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាមកាលពីឆ្នាំ ២០២២ ក្រុមអ្នកជំនាញបានលើកឡើងអំពីកត្តាជំរុញសំខាន់ៗចំនួន ២ ៖ ការនាំចេញដ៏រឹងមាំដែលជំរុញដោយក្រុមហ៊ុនវិនិយោគបរទេសដែលបានក្តោបក្តាប់រហូតដល់ ៧៤% នៃការនាំចេញសរុបរបស់វៀតណាម និងការធ្វើឱ្យប្រសើរឡើងនូវការបញ្ចេញសាច់ប្រាក់ពី FDI ។
អ្វីដែលជាកត្តាជម្រុញទី៣ គឺការកើនឡើងនៃការលក់រាយ និងការផ្តល់សេវាកម្ម ដោយសារតែអ្នកប្រើប្រាស់របស់វៀតណាមឥឡូវនេះកំពុងមានទ្រព្យសម្បត្តិកាន់តែច្រើន ហើយពួកគេបានក្លាយទៅជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការឆ្លើយតបអវិជ្ជមានចំពោះការស្ទង់មតិរបស់សារព័ត៌មាន VnExpress ពាក់ព័ន្ធនឹងប្រាក់ចំណូល វាក៏បានបង្ហាញអំពីគម្លាតប្រាក់ចំណូលនៅក្នុងប្រទេសនេះផងដែរ។
ឆ្នាំ ២០២២ បានបញ្ចប់ទៅជាមួយនឹងកំណត់ត្រាដ៏ខ្ពស់សម្រាប់វៀតណាម ខណៈដែលប្រទេសនេះបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក។ ទោះបីជាយ៉ាងណា មានរឿងតិចតួចណាស់ដែលបានធ្វើឱ្យមន្ត្រីនៅទីក្រុងហាណូយពេញចិត្ត។
ខណៈក្រុមហ៊ុនក្នុងស្រុកកំពុងជួបប្រទះបញ្ហាប្រឈមដ៏ពិបាកគួបផ្សំនឹងភាពមិនច្បាស់លាស់ជាសកលដែលកំពុងបន្ត ពួកគេគួរតែបន្តត្រៀមខ្លួនបន្ថែមទៀតសម្រាប់ឆ្នាំដ៏លំបាកនៅពេលខាងមុខ៕
Fulcrum