ខេត្តព្រះសីហនុទទួលបានសម្ភារៈបរិក្ខាពេទ្យមួយចំនួនពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលក្រុង លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញទទួលអំណោយជាសម្ភារបរិក្ខាពេទ្យ ដែលជាអំណោយរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន ៤០កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តសីហនុ បានថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលក្នុងរយៈពេលកន្លងទៅតែងតែបានយកចិត្តទុកដាក់ព្យាបាលជម្ងឺប្រជាពលរដ្ឋរបស់យើងក្នុងក្របខ័ណ្ឌទូទាំងប្រទេសហើយក្នុងថ្ងៃនេះខេត្តព្រះសីហនុក៏មានកិត្តិយសបានទទួលសម្ភារបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។ ហើយលោកសង្ឃឹមថា គ្រូពេទ្យនឹងបើកប្រអប់មើលដើម្បីពិនិត្យសម្ភារនឹងឧបករណ៍ទាំងនេះ និងបម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តរបស់យើងនៅផ្នែកណាខ្លះ។
អំណោយសម្ភារៈឧបករណ៍ទាំងនេះ គឺសម្រាប់ជួយដល់អ្នកជម្ងឺរបស់យើងហើយសង្ឃឹមថា សម្ភារដែលទទួលបាននៅថ្ងៃនេះនឹងបានជួយសម្រាលទៅដល់ការលំបាករបស់គ្រូពេទ្យការទទួលខុសត្រូវហើយនឹងទទួលបានទិន្នផលដោយផ្ទាល់ទៅដល់អ្នកជម្ងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរបស់យើង។ ជាការពិតណាស់សកម្មភាពនិងការខិតខំប្រឹងប្រែងដែលបានមកពីការជួយគាំទ្រអំពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អង្គការសមាគម(TYDA) ក៏ដូចជាសប្បុរសជនទាំងអស់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត(TYDA) ទាំងអស់ ដែលបានប្រឹងប្រែងកន្លងមកនេះ សូមឱ្យមានសុខភាពល្អ ជោគជ័យក្នុងបេសកកម្មក្នុងវិស័យសុខាភិបាល ជូនដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសយើងរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត។
សម្ភារបរិក្ខារពេទ្យរួមមាន៖
- សឺរ៉ាំង ខ្សែ និងតំណសេរ៉ូមច្រើនប្រភេទ បង់រំរបួស កម្រាលតុ និងគ្រែ កម្រាលអ្នកជម្ងឺសម្លៀកបំពាក់អ្នកជម្ងឺ ថង់ដាក់សម្ភារ សុងនោម ទឹកសំលាប់មេរោគ ស្រោមដៃ សម្ភារមន្ទីរពិសោធន៍
- សម្ភារទាក់ទងការរុំ និងថែទាំរបួស
- សម្ភារជំនួយការពិនិត្យព្យាបាលជម្ងឺរោគស្ត្រី
- សម្ភារជំនួយការវះកាត់
បន្ទាប់ពីទទួលសម្ភារបរិក្ខារពេទ្យរួចមកលោកអភិបាលខេត្ត បានបន្តចុះពិនិត្យអាគារដែលត្រៀមសម្រាប់ចាក់វាក់សាំងកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ៕