ខ្មែរប៉ុស្ដិ៍ Close

ស្នងការខេត្តព្រះសីហនុ៖ «អ្វីក៏ដោយឲ្យតែប៉ះពាល់ដល់សន្តិភាព និងរំខានដល់ការរស់នៅ សេចក្តីសុខ សុវត្តិភាពរបស់ប្រជាពលរដ្ឋ គឺជាសត្រូវរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1609
ស្នងការខេត្តព្រះសីហនុ៖ «អ្វីក៏ដោយឲ្យតែប៉ះពាល់ដល់សន្តិភាព និងរំខានដល់ការរស់នៅ សេចក្តីសុខ សុវត្តិភាពរបស់ប្រជាពលរដ្ឋ គឺជាសត្រូវរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់» ស្នងការខេត្តព្រះសីហនុ៖ «អ្វីក៏ដោយឲ្យតែប៉ះពាល់ដល់សន្តិភាព និងរំខានដល់ការរស់នៅ សេចក្តីសុខ សុវត្តិភាពរបស់ប្រជាពលរដ្ឋ គឺជាសត្រូវរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់»

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា បដិវត្តពណ៍ បានបំផ្លាញសុខសន្តិភាពប្រទេសផ្សេងៗជាច្រើនមកហើយ ដូច្នេះនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាននោះ មិនចាញ់បោកកលល្បិចរបស់ជនណាឡើយ ហើយបើមានក្តិបបដិវត្តពណ៍មួយដាច់ខាតត្រូវតែកម្ទេចមួយ។

លោកបានថ្លែងដូចនេះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្ត ក្នុងពិធីប្រជុំផ្សព្វផ្សាយសភាពការណ៍ និងរឹតបន្តឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងហ្វឹកហាត់ ជំនាញបច្ចេកទេសបន្ថែម ដល់កងកំលាំងអន្តរាគមន៍ពិសេសក្រោមអធិបតីរបស់លោកផ្ទាល់ និងលោកលោកស្រីឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ និងអធិការក្រុងស្រុកទាំងបួនផងដែរ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យកំលាំងជាក់ស្តែងបន្ថែម ត្រួតពិនិត្យ និងសំភារៈមធ្យោបាយ ហ្វឹកហាត់ជំនាញបច្ចេកទេសបន្ថែម ដើម្បីទ្រោលសភាពការណ៍ និងដើម្បីឲ្យប្រាកដកាន់តែច្បាស់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាពជូនប្រជាពលរដ្ឋ។

លោកក៏បានបញ្ជាក់ថា «ទំរាំមានសន្តិភាពដូចសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាល បានយកសាច់ស្រស់ឈាមស្រស់ទៅប្តូដែលជាតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះបើមានអ្វីក៏ដោយ ដែលបង្កលាចលអ្វីក៏ដោយឲ្យតែបណ្តាលឲ្យប៉ះពាល់ដល់សន្តិភាព រំខានដល់សេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ រស់នៅ គឺយើងទាំងអស់គ្នាជាកងកម្លាំងប្រដាប់អាវុធត្រូវតែបង្ក្រាប កម្ទេចចោលជាដាច់ខាត។ ខ្ញុំជឿជាក់លើបងប្អូននៅទីនេះមិនត្រូវចាញ់បោកឧបាយកលណាមួយ ដែលជាអំពើរខុសច្បាប់ក្រោមការញុះញុងរបស់ជនក្បត់ជាតិណាមួយនោះឡើយ»។

ក្នុងពិធីនោះដែរ លោកបានឆ្លៀតឱកាសថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ អ្នករកទទួលទានអ្នកវិនិយោគ ជាតិ និងអន្តរជាតិដែលបានសួរសុខទុក្ខព្រួយបារម្មណ៍អំពីរសុខភាពរបស់លោក ដូច្នេះជាកិច្ចឆ្លើយតបទឹកចិត្តរបស់ថ្នាក់ដឹកនាំ បងប្អូនទាំងអស់លោកឧត្តមសេនីយ៍ស្នងការ នឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពបំរើដ៌ស្មោះស្ម័គ្រដើម្បីរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាពិសេសខេត្តព្រះសីហនុទាំងមូល។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានប្រកាសឲ្យកងកម្លាំងទាំងអស់ត្រៀមចូលរួមអកអំបុកសំពះព្រះខែថ្ងៃ៩ វិច្ឆិកាខាងមុខនេះដែរ។

នៅចុងបញ្ចប់នៃពិធីនោះ ក៏មានពិធីប្រគល់សំភារៈឈុតអន្តរគមន៍ពិសេសដល់កងកំលាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលមាន អាវក្រោះ មួកដែកការពារគ្រាប់ ខែលការពារគ្រាប់ ខ្សែក្រវាត់ ស្រោមដៃ ការពារជង្គង់ និងកែងដៃ និងស្រោមសៀតកាំភ្លើងនៅភ្លៅ សរុប ចំនួន១៥០ឈុតក្រោមការឧបត្ថម្ភ របស់លោកឧកញ៉ា រតនៈ សម្បត្តិ ប្រធានក្រុមហ៊ុន The Rich Resort និងជាថៅកែ ភោជនីយ៍ដ្ឋានម្លប់ជ្រៃប៉ោកីខេត្តព្រះសីហនុ៕

អត្ថបទទាក់ទង