ក្រុមហ៊ុនកូកាកូឡា ប្ដេជ្ញាចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរ
តំណាងក្រុមហ៊ុនកូកាកូឡា បានប្រគល់អណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងដល់អាជ្ញាធរជាតិអប្សរា ដើម្បីស្រោចស្រពថ្នាលបណ្ដុះកូនឈើនៅភូមិលាងដៃ ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីកិច្ចការនេះ ក្រុមហ៊ុនកូកាកូឡាក៏មានគម្រោងថ្មីៗទៀតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងន័យរួមចំណែកអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរ ជាផ្នែកមួយជួយអភិវឌ្ឍន៍សង្គមជាតិ។
លោក រស់ សោភា នាយកផ្នែកច្បាប់និងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនកូកាកូឡា បានឱ្យដឹងថា ក្រុមហ៊ុនពិតជាមានសេចក្ដីរីករាយណាស់ដែលបានធ្វើការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងបំណងអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់នេះឱ្យកាន់តែមានភាពបៃតង និងទាក់ទាញភ្ញៀវទេសចរថែមមួយកម្រិតទៀត។ លោកបន្ថែមថា អណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ គឺជាបច្ចេកវិទ្យាចុងក្រោយ ហើយដែលអាចបូមទឹកដោយស្វ័យប្រវត្តិ ងាយស្រួលសម្រាប់ស្រោចស្រពកូនឈើ។
តំណាងក្រុមហ៊ុនកូកាកូឡារូបនេះជឿជាក់ថា អណ្ដូងទឹកនេះនឹងរួមចំណែកធ្វើឱ្យតំបន់អង្គរមានភាពបៃតង ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តក្នុងតំបន់បេតិកភណ្ឌ បូកនិងភាពបៃតង។ លោក រស់ សោភា ក៏បង្ហើបពីគម្រោងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៅថ្ងៃខាងមុខជាមួយអាជ្ញាធរជាតិអប្សរា ដូចជាគម្រោងបែងចែកសំរាម ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវដើម្បីយកទៅកែច្នៃឡើងវិញនិងគម្រោងពង្រឹងគុណភាពម្ហូបអាហារឱ្យបានស្ដង់ដារផ្គត់ផ្គង់ដល់ភ្ញៀវទេសចរក្នុងន័យឱ្យភ្ញៀវទេសចរមានទំនុកចិត្តលើម្ហូបអាហារទាំងនោះ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រៅពីកិច្ចការអភិរក្សប្រាសាទ ក្នុងនោះគេដឹងថា ការងារបរិស្ថានគឺជាកិច្ចការស្នូលមួយដ៏សំខាន់របស់អាជ្ញាធរជាតិអប្សរា ដូច្នេះការស្ដារឡើងវិញនូវគម្របព្រៃឈើគឺជាកិច្ចការមួយដ៏ចាំបាច់ផងដែរ។ លោកប្រធាននាយកដ្ឋានបន្ថែមថា អណ្ដូងទឹកដែលផ្តល់ជូនដោយក្រុមហ៊ុនកូកាកូឡានៅពេលនេះ គឺជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការួមគ្នា ធ្វើយ៉ាងណាចូលរួមកាត់បន្ថយការបំពុលបរិស្ថានមួយផ្នែកផងដែរ ព្រោះកន្លងមកតំបន់នេះមិនមានអគ្គិសនីចូលដល់ ហើយត្រូវប្រើម៉ាស៊ីនភ្លើងបូមទឹកសម្រាប់ស្រោចកូនឈើ។ ក្នុងនោះដែរ តំណាងក្រុមហ៊ុនកូកាកូឡា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក៏បានដាំកូនឈើទុកជាអនុស្សាវរីយ៍នៅបរិវេណថ្នាលបណ្ដុះកូនឈើក្នុងភូមិលាងដៃផងដែរ។
បន្ថែមពីនេះ លោក ឡុង កុសល មានសុទិដ្ឋិនិយមជាមួយកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកូកាកូឡានាពេលអនាគត ក្នុងន័យរួមចំណែកលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញដើម្បីបម្រើអារម្មណ៍ភ្ញៀវទេសចរឱ្យជក់ចិត្តមកលើតំបន់បេតិកភណ្ឌពិភពលោកថែមមួយកម្រិតទៀត៕