ខ្មែរប៉ុស្ដិ៍ Close

ការបង្ហោះ​ដ្រូនត្រូវបានហាមឃាត់នៅតំបន់អង្គរ ដើម្បីការពារសុវត្តិភាពនៅតំបន់នេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35
ការបង្ហោះ​ដ្រូនត្រូវបានហាមឃាត់នៅតំបន់អង្គរ ដើម្បីការពារសុវត្តិភាពនៅតំបន់នេះ ការបង្ហោះ​ដ្រូនត្រូវបានហាមឃាត់នៅតំបន់អង្គរ ដើម្បីការពារសុវត្តិភាពនៅតំបន់នេះ

ក្រុម​ការងារ​ចម្រុះ​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​​កិច្ច​ប្រជុំ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន កាល​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ឆ្នាំ​២០១៨ នឹង​ចាត់វិធានការ​តឹងរ៉ឹង​បន្ថែម​ទៀត ចំពោះ​ការ​បង្ហោះ​ដ្រូន នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។

ចំពោះ​វិធានការ​បណ្ដោះអាសន្ន ​ក្រុម​ការងារ​នឹង​ចាប់​ដ្រូនរក្សា​ទុក​មួយ​រយៈ​ជា​បណ្ដោះអាសន្ន និង​តម្រូវ​ឲ្យ​ម្ចាស់​ដ្រូន​បំពេញ​បែប​បទ​ស្នើសុំ​តាម​ក្រោយ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ពាក់ព័ន្ធ​ នឹង​រៀបចំ​ឲ្យ​មាន​ដូចជា ផ្ទាំង​ប៉ាណូ​ធំៗ ការ​ដាក់​សញ្ញា​ហាមឃាត់​នៅ​លើ​បណ្ណ​ទស្សនា និង​ការ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ទេសចរណ៍​ជាដើម។

លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា កំណើន​នៃ​ដ្រូន​ក្នុង​តំបន់​អង្គរ​ ជា​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​នានា បង្ក​ការ​រំខាន និង​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ និង​ភ្ញៀវ​ទេសចរ​ថែម​ទៀត​​ផង​។ ម្យ៉ាង​វិញ​ទៀត ដ្រូន​ជា​បច្ចេកវិជ្ជា​ដ៏​ទំនើប ដែល​អាច​បង្ក​ភាព​ងាយស្រួល ដល់​ក្រុម​ភេរវកម្ម​ក្នុង​ការ​បំផ្លាញ​ដល់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក។​

ចំណែក​លោក ក្រូច វ៉ាន់ឌី អនុ​ប្រធាន​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល បញ្ជាក់​ថា ជា​គោលការណ៍ កន្លង​មក លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​កំណត់​មិនឲ្យ​មាន​ប្រើប្រាស់​ដ្រូន​ជា​លក្ខណៈ​បុគ្គល​ឡើយ ពោល​គឺ​អាច​អនុញ្ញាត​បាន​តែ​ក្នុង​ករណី​ក្រុមហ៊ុន​មាន​ចុះ​បញ្ជី​ត្រឹមត្រូវ និង​អាច​អនុញ្ញាត​ឲ្យ​បង្ហោះ​ក្នុង​រយៈ​ចម្ងាយ​១៥០​គ.ម ពី​តំបន់​ហាមឃាត់ និង​មិន​ឲ្យ​ហួស​ពី​កម្ពស់ ១៥០ម៉ែត្រ​ពី​ដី​ឡើយ​។

ការ​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង ស្រប​ពេល​ដែល​ការ​​បង្ហោះ​ដ្រូន​ ក្នុង​រមណីយដ្ឋាន​អង្គរ​មាន​ការ​កើនឡើង​យ៉ាង​គំហុក ក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​ត្រី​មាស​ទី​១ ឆ្នាំ​២០១៧ មាន​ចំនួន​ ៥៨ គ្រឿង និង​ត្រីមាស​ទី​១ឆ្នាំ​២០១៨ មាន​រហូត​ដល់​ចំនួន ១៥៨ គ្រឿង បើ​ទោះ​ជា​អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​រយៈ​សេចក្តី​ជូនដំណឹង ហើយ​ក្រុម​ការងារ​បាន​ព្យាយាម​ទប់ស្កាត់​យ៉ាង​ណា​ក៏ដោយ​៕

អត្ថបទទាក់ទង