ខ្មែរប៉ុស្ដិ៍ Close

អបអរសាទរ អំបុកកំពង់ធំ ត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 59

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូង និងកម្មវិធីបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាភិបាលរបស់ «ក្រុមអ្នកផលិតអំបុកកំពង់ធំ» នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរ លោក សុខ លូ បានថ្លែងអំណរ គុណដល់រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មដែលមានគំនិតផ្តួចផ្តើម ចុះបញ្ជីនូវម៉ាកសមូហភាព “អំបុកកំពង់ធំ” ហើយអំបុកកំពង់ធំ ចាប់ផ្ដើមមានឈ្មោះល្បីល្បាញទូទាំងប្រទេសគឺនៅថ្ងៃ ៩ វិច្ឆិកា ២០១៩ អំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងមាន ប្រសាសន៍បន្ថែមទៀតថា ការបង្កើតម៉ាក ឬនិមិត្តសញ្ញានៃអំបុកកំពង់ធំនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ និងសូមធ្វើការផ្តាំផ្ញើរដល់ពុកម៉ែបងប្អូនដែលជាអ្នកផលិតអំបុកនៅក្នុងខេត្តកំពង់ធំទាំងអស់ សូមរក្សាអនាម័យ ការស្លៀកពាក់ឲ្យបានសមរម្យ ត្រូវធ្វើការរើសពូជស្រូវ ការរក្សាគុណភាពអំបុកឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះអំបុកកំពង់ធំឲ្យបានយូរអង្វែង។

លើសពីនេះទៀតលោក សុខ លូ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូន សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរ ជិះរថយន្តត្រូវពាក់ខ្សែ ក្រវាត់ និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយសូមចាត់ទុកថារឿងនេះគឺជារឿងរបស់យើងទាំងអស់គ្នា ព្រមទាំងរក្សាអនាម័យទុកដាក់សំរាមឲ្យបានត្រឹមត្រូវមិនត្រូវបោះសំរាមចោលនៅតាមទីសាធារណៈឡើយ។

ជាមួយគ្នានោះដែរ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមអ្នកផលិតអំបុកកំពង់ធំ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “អំបុកកំពង់ធំ” អត្ថន័យនៃរូបសញ្ញាម៉ាកសមូហភាព “អំបុកកំពង់ធំ” និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និង សវនករ “ក្រុមអ្នកផលិតអំបុកកំពង់ធំ” ដែលមានរហូតដល់ ៨៧ គ្រួសារ ស្ថិតនៅឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្ថែមទៀតថា អំបុកកំពង់ធំ មានរសជាតិឆ្ងាញ់ ហើយយើងអាចយកធ្វើជាអាហារសម្រន់ អាចរក្សាទុកបានយូរផងដែរ៕

អត្ថបទទាក់ទង