ខ្មែរប៉ុស្ដិ៍ Close

អគាររង់ចាំមុន និងក្រោយសម្រាល និងអគារលើកកំពស់សុខភាពនៃមណ្ឌលសុខភាព ស ខេង កំពីងពួយ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 58
អគាររង់ចាំមុន និងក្រោយសម្រាល និងអគារលើកកំពស់សុខភាពនៃមណ្ឌលសុខភាព ស ខេង កំពីងពួយ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររង់ចាំមុន និងក្រោយសម្រាល និងអគារលើកកំពស់សុខភាពនៃមណ្ឌលសុខភាព ស ខេង កំពីងពួយ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគាររង់ចាំមុន និងក្រោយសម្រាល និងអគារលើកកំពស់សុខភាពនៃមណ្ឌលសុខភាព ស ខេង កំពីងពួយ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

អគាររង់ចាំមុន និងក្រោយសម្រាល មានទំហំ ៩៦ម៉ែត្រការ៉េ (១៦ម៉ែត្រ x ៦ម៉ែត្រ) ចំណាយថវិកាសរុប ២៩,៣៣៣ ដុល្លាសហរដ្ឋអាមេរិក និងអគារលើកកម្ពស់សុខភាព មានទំហំ៧២ម៉ែត្រការ៉េ (១២ម៉ែត្រ x ៦ម៉ែត្រ) កម្ពស់៥.៩០ម៉ែត្រ កម្ពស់១ជាន់ ប្រក់ក្បឿង ចំណាយថវិកាសរុប ២៥,១០៥ សហរដ្ឋអាមេរិច ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ ។

ឯកឧត្តម សុខ លូ បានលើកឡើងថា មន្ត្រីសុខាភិបាលទាំងអស់ត្រូវយកចិត្តទុក ដាក់បម្រើសេវាសុខភាពជូនពលរដ្ឋដោយទទួលខុសត្រូវខ្ពស់បំផុត ហើយត្រូវចាំថាមន្ត្រីសុខាភិបាលគ្រប់រូបត្រូវចាត់ទុកខ្លួនជាអ្នកបម្រើសេវាជូនពលរដ្ឋ មិនត្រូវចាត់ទុកខ្លួនជាចៅហ្វាយនាយពលរដ្ឋឡើយ ។ ឯកឧត្តម បានបន្តទៀតថា ប្រធានមណ្ឌលសុខភាពមានតួនាទីសំខាន់ណាស់ ក្នុងការពិនិត្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ធ្វើយ៉ាងណាផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អសមរម្យ ព្រោះកន្លងមកធ្លាប់មានការរិះគន់ទៅលើមន្ត្រីសុខាភិបាលយើងថាសំដីអាក្រក់ ប្រជាពលរដ្ឋមានប័ណ្ណសមធម៌មកទទួលការព្យាបាល គឺមិនមានការយកចិត្តទុកដាក់ បង្កជាបាតុភាពមិនល្អដល់សេវាសាធារណៈ តែក្រោយមកបញ្ហានេះត្រូវបានលុបបំបាត់ស្ទើរតែទាំងអស់ហើយ ហើយបើនៅមានសេសសល់បន្តិចបន្ទួច ត្រូវរួមគ្នាធ្វើយ៉ាងម៉េចលុបបំបាត់បញ្ហាអសកម្មទាំងនេះឱ្យបាន កុំឱ្យឮពាក្យពីប្រជាពលរដ្ឋដែលមកទទួលសេវា ថាគ្រូពេទ្យមានសំដីអាក្រក់ដាក់ប្រជាពលរដ្ឋ បើមានត្រូវតែកែប្រែ ។ ឯកឧត្តម បានបញ្ជាក់ថា សមិទ្ធផលដែលបានកើតឡើងនៅនឹងសហគមន៍មូលដ្ឋាននាពេលនេះគឺកើតឡើងក្នុងខណៈពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានន័យថា កាលណាប្រទេសមានសន្តិភាពហើយទើបយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការកសាងសមិទ្ធផលទាំងនេះបាន ជាក់ស្តែងដូចពេលនេះជាដើម ។

លោកវេជ្ជបណ្ឌិត គីម ឆាងយ៉ុប ប្រធានអង្គការមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ Kofih បានលើកឡើងថា Kofih បានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា តាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលមានរយៈពេលជាង១០ឆ្នាំមកហើយ ដើម្បីធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងនូវសមត្ថភាពមន្ត្រីសុខាភិបាល ដើម្បី លើកកម្ពស់ការថែទាំសុខភាព មាតា ទារកនិងកុមារ នៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងអគារទាំង២នេះតែម្តង ហើយសង្ឃឹមថា ការចូលរួមចំណែកនៅក្នុងសហគមន៍មួយនេះ នឹងអាចជាកន្លែងសម្រាប់ចែកចាយនូវព័ត៌មាន ទាក់ទងទៅនឹងការថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋ ។ លោកបានបន្តទៀតថា Kofih នឹងបន្តកិច្ចសហប្រតិបត្តិការ ជាបន្តទៀតនាពេលអនាគតជាមួយប្រទេសកម្ពុជា ក្នុងការគាំទ្រទៅលើគម្រោងការគ្រប់គ្រងជំងឺមិនឆ្លង ក៏ដូចគ្នានឹងជំងឺឆ្លង ដើម្បីធានាបានថាប្រទេសកម្ពុជា នឹងសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល ៕

អត្ថបទទាក់ទង