ខ្មែរប៉ុស្ដិ៍ Close

    ធនាគារពិភពលោកមើលឃើញពីសមិទ្ធិផលសម្រេចបាន គ្រោងនឹងបន្តគម្រោង LASED III

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 867
    ធនាគារពិភពលោកមើលឃើញពីសមិទ្ធិផលសម្រេចបាន គ្រោងនឹងបន្តគម្រោង LASED IIIធនាគារពិភពលោកមើលឃើញពីសមិទ្ធិផលសម្រេចបាន គ្រោងនឹងបន្តគម្រោង LASED III

    កំពង់ធំ៖ នៅក្នុងកិច្ចប្រជុំការងារគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច។

    ក្នុងការបែងចែកដីដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួច ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ខេត្តកំពង់ធំ គឺជាខេត្តដែលធ្លាប់បានទទួលអនុវត្តគម្រោងនេះចំនួន២ដង រួចមកហើយ គឺជំហានទី១ (LASED I) អនុវត្តនៅឃុំទីពោ ស្រុកសន្ទុក និងជំហានទី២ (LASED II) កំពុងអនុវត្តនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ។

    ជាមួយគ្នានោះដែលោក សុខ លូ បានថ្លៃងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងធ្វើការងារគម្រោង (LASED I) និង(LASED II) រហូតទទួលបានជោគជ័យ។

    សកម្មភាពទាំងអស់នេះ បានធ្វើឲ្យធនាគារពិភពលោកមើលឃើញពីសមិទ្ធិផលសម្រេចបាន ហើយបានបន្តគម្រោង LASED III ឱ្យអនុវត្តបន្តទៀត នៅក្នុងឆ្នាំ២០២០ សម្រាប់ខេត្តកំពង់ធំ លើគោលដៅចំនួន៥ស្រុក នៅ៦ទីតាំង ក្នុងនោះរួមមាន ស្រុកស្ទោង ឃុំពពក ស្រុកប្រាសាទបល្ល័ង្ក ឃុំផាន់ញើម ស្រុកសន្ទុក ឃុំក្រយា ស្រុកប្រាសាទសំបូរ ឃុំស្រើង និងស្រុកសណ្តាន់ ឃុំទំរីង និងឃុំសុចិត្រ ព្រមទាំងសហគមន៍មួយចំនួនផងដែរ។

    លោកក៏បានធ្វើការផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវរួមជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំអនុវត្តគម្រោង LASED III នេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យបន្តទៀត៕

    អត្ថបទទាក់ទង