ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ទិត សុធា អញ្ជើញចូលរួមពិធីក្រុងពាលី បើកការដ្ឋានសាងសង់ សាលាបឋមសិក្សាព្រៃគុយ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ដោយ៖Sreyleak | ថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 187
ឯកឧត្តម ទិត សុធា អញ្ជើញចូលរួមពិធីក្រុងពាលី បើកការដ្ឋានសាងសង់ សាលាបឋមសិក្សាព្រៃគុយ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ទិត សុធា អញ្ជើញចូលរួមពិធីក្រុងពាលី បើកការដ្ឋានសាងសង់ សាលាបឋមសិក្សាព្រៃគុយ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

 

នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ក្នុងនាមឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក គណៈពង្រឹងស្រុក និងក្នុងនាមតំណាងលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំពង់ស្វាយ ក្រុមប្រឹក្សាស្រុក រួមទាំងអាជ្ញាឃុំព្រៃគុយ មេភូមិ គណៈគ្រប់គ្រងសាលា ព្រះសង្ឃ និងប្រជាពលរដ្ឋ សរុបប្រមាណ២០០នាក់ បានប្រារព្ធពិធីក្រុងពាលី និងបើកការដ្ឋានសាងសង់សាលាបឋមសិក្សាព្រៃគុយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សាលាបឋមសិក្សាព្រៃគុយ ដែលមានចំនួន១ខ្នង ៦បន្ទប់ និងបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ជាសេនាធិការ ដែលជានិច្ចកាលតែងតែផ្សាភ្ជាប់ជាប្រចាំក្នុងការងារចុះមូលដ្ឋាន បម្រើប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមដោះស្រាយទៅនឹងសំណើ និងសំនូមពរចាំបាច់នានាក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ក្នុងនោះតម្រូវការនៃសាងសង់សាលារៀនបន្ថែមជាការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក៏ដូចជាពង្រឹងនូវធនធានមនុស្សសម្រាប់ កសាង អភិវឌ្ឍសង្គមជាតិ ពិតជាសេចក្តីត្រូវការជាអាទិភាព។

ក្រោយពីមានសំណូមពរពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ តាមរយៈក្រុមការងាររាជរដ្ឋាភិបាល និងគណៈពង្រឹងថ្នាក់ខេត្ត ស្រុក និងមូលដ្ឋានផ្ទាល់បានគោរពស្នើសុំដើម្បីសាងសង់សាលាបឋមសិក្សាក្នុងឃុំព្រៃគុយ ក្នុងចំណោមសាលាមួយចំនួនទៀតក្នុងខេត្តកំពង់ធំ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ជូននាអំឡុងពេលបើកការដ្ឋានសាងសង់មន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំនាពេលកន្លងទៅ ។ សម្តេចធិបតី បានឯកភាពផ្តល់ជូនសាលារៀនថ្មីបន្ថែមចំនួន៦កន្លែងក្នុងខេត្តកំពង់ធំ ជាការឆ្លើយតបនូវកំណើនសិស្សានុសិស្សក្នុងខេត្ត។

ដូចនេះ ការបើកការដ្ឋានសាងសង់សាលារៀនបឋមសិក្សាព្រៃគុយ នាថ្ងៃនេះ គឺពិតជាបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើ ការពារ លើកស្ទួយជីវភាពរស់នៅ និងការគិតគូផ្ទាល់ជាមួយសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងការចូលរួមពង្រឹងក្នុងវិស័យសិក្សាអប់រំផងដែរ ក្នុងន័យ «បង្កើនការអភិវឌ្ឍនូវធនធានមនុស្សសម្រាប់ការបន្តវេនក្នុងសង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត»៕

អត្ថបទទាក់ទង