ការខ្វះសាច់ប្រាក់អាចបង្កឱ្យមានវិបត្តិធនាគារ នៅមីយ៉ាន់ម៉ា
មនុស្សបានចាប់ផ្តើមតម្រង់ជួរនៅមុខម៉ាស៊ីនដកប្រាក់ «ATM» តាំងពីពេលថ្ងៃមិនទាន់រះ ហើយគ្រប់គ្នាក៏បានភ្ជាប់មកជាមួយនូវកៅអីប្លាស្ទិក ឬកន្ទេលដើម្បីទុកសម្រាករង់ចាំ។ នៅពេលដែលថ្ងៃចាប់ផ្តើមរះឡើងខ្ពស់ ពួកគេក៏បានយកឆ័ត្រមកបាំង ឬក៏ស្វែងរក ម្លប់ដើម្បីជ្រកផងដែរ។
មីយ៉ាន់ម៉ាកំពុងតែទទួលការញ៊ាំញីពីបញ្ហាកង្វះសាច់ប្រាក់។ ចាប់ពីយោធាទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅខែកុម្ភៈ មានមនុស្សរាប់សិបពាន់នាក់បានឈប់ធ្វើការងារ ហើយធនាគារក៏បានធ្វើការដាក់កម្រិតលើការដកប្រាក់ ដែលជាហេតុធ្វើឱ្យមានហ្វូងមនុស្សប្រមូលផ្តុំគ្នានៅតាមសាខារបស់ធនាគារជារៀងរាល់ថ្ងៃ។
ធនាគារកណ្តាលមីយ៉ាន់ម៉ា នៅតែមិនទាន់បានផ្តល់នូវសាច់ប្រាក់ដល់ធនាគារឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការនោះទេ នេះបើយោងតាមការឱ្យដឹងពីសំណាក់អ្នកបម្រើការក្នុងធនាគារ អ្នកសង្កេតការបរទេស និងធុរជន។ មនុស្សជាច្រើនបានប្រាប់រឿងរ៉ាវទាំងអស់នេះដល់សារព័ត៌មាន Financial Times ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ដោយខ្លាចធ្វើឱ្យរបបយោធា ដែលបានចាប់ខ្លួនមនុស្សច្រើនជាង ៥ ៤០០ នាក់ចាប់តាំងពីមានរដ្ឋប្រហារមក មានការខឹងសម្បារ នេះបើតាមការឱ្យដឹងពីសំណាក់សមាគមផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយ ។
ការមិនមានសាច់ប្រាក់គ្រប់គ្រាន់គឺជាសញ្ញាយ៉ាងច្បាស់បំផុតមួយដែលបង្ហាញថា សេដ្ឋកិច្ច និងប្រព័ន្ធធនាគាររបស់មីយ៉ាន់ម៉ា កាន់តែមានភាពផុយស្រួយ បើទោះបីជាមានការចូលមកបម្រើការងារវិញជាបណ្តើរៗ ក្រោយពីមានកុបកម្ម នៅក្រោយការធ្វើរដ្ឋប្រហារក៏ដោយ ។
លោក Nicky ដែលមានអាយុ ១៩ ឆ្នាំ និងជាអ្នកនិពន្ធ ហើយក៏ជាគ្រូពេទ្យស្ម័គ្រចិត្តនៅទីក្រុងយ៉ាំងហ្គូន បាននិយាយដោយសុំមិនបញ្ចេញឈ្មោះពេញថា «យើងមិនទុកចិត្តរបបយោធាទេ ដោយសារតែពួកគេមិនបានបង្ហាញទំនុកចិត្តណាមួយដល់ពួកយើង។ ដូច្នេះ យើងត្រូវតែដកយកប្រាក់របស់យើងត្រឡប់មកវិញ»។
នៅប៉ុន្មានថ្ងៃថ្មីៗនេះ លោក Nicky បានដកប្រាក់ពីគណនីគ្រួសារគាត់នៅធនាគារ KBZ ដែលជាធនាគារធំជាងគេរបស់មីយ៉ាន់ម៉ាជាច្រើនដង ដោយសារតែធនាគារនោះ បានកម្រិតការដកប្រាក់ឱ្យនៅត្រឹមតែ ២សែនគីយ៉ាត់ ដែលស្មើរនឹង ១២០ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។
សញ្ញានៃភាពធ្ងន់ធ្ងរមួយទៀតនោះ គឺការកើនឡើងនូវការប្តូរប្រាក់នៅក្នុងទីផ្សារងងឹត ដោយមនុស្សម្នាក់អាចធ្វើការចុះហត្ថលេខាដើម្បីផ្ទេរសាច់ប្រាក់នៅក្នុងធនាគារ ឬនៅលើមូលប្បទានបត្រដើម្បីដូរយកសាច់ប្រាក់ជាមួយនឹងការកាត់តឹក : «ឧទាហរណ៍ លុយ១ម៉ឺនគីយ៉ាត់នៅក្នុងគណនីធនាគារ អាចប្តូរជាសាច់ប្រាក់សុទ្ធនៅក្នុងផ្សារងងឹត បានតែ ៩ពាន់គីយ៉ាត់តែប៉ុណ្ណោះ»។
បុគ្គលិកធនាគារម្នាក់បានឱ្យដឹងផងដែរថា «ពេលនេះ មនុស្សយល់ថា ទោះបីជាមានគេផ្ទេរប្រាក់ឱ្យខ្លួនក្តី ក៏ខ្លួនស្ទើរតែមិនអាចដកសាច់ប្រាក់នោះចេញមកបានដែរ»។
ធនាគារ KBZ បានបដិសេធមិនផ្តល់បទសម្ភាសន៍ ប៉ុន្តែបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា «សាខាភាគច្រើនរបស់ខ្លួន បានចាប់ផ្តើមបើកឡើងវិញដើម្បីផ្តល់ប្រតិបត្តិការក្នុងការគាំទ្រដល់ជីវភាពរបសឋពលរដ្ឋមីយ៉ាន់ម៉ា។ បុគ្គលិកភាគច្រើនបានវិលត្រឡប់មកធ្វើការវិញ ដើម្បីធានាដល់តម្រូវការហិរញ្ញវត្ថុរបស់ពលរដ្ឋ»។
ធនាគារ ក៏ដូចជាមុខជំនួញឯកជនផ្សេងទៀតដែរ បានប្រើប្រាស់ពាក្យសម្តីរបស់គេយ៉ាងប្រុងប្រយ័ត្ន ចាប់តាំងពីមានការធ្វើរដ្ឋប្រហារមកដើម្បីចៀសវាងការធ្វើឱ្យរបបយោធាខឹងសម្បារ ឬធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តរបស់ក្រុមប្រឆាំងរបបយោធា ខណៈដែលពួកគេអាចនឹងរៀបចំការធ្វើពហិការភ្លាមៗ ដោយចោទប្រកាន់ថា អាជីវកម្មនោះត្រូវបានគ្រប់គ្រងដោយយោធា ឬមានទំនោរទៅក្រុមយោធា។
ការខ្វះខាតក្រដាសប្រាក់ ហាក់ដូចជាមូលហេតុមួយដែលធ្វើឱ្យមានការខ្វះខាតសាច់ប្រាក់។ ក្រុមហ៊ុនអាល្លឺម៉ង់ Giesecke & Devrient ដែលបានផ្គត់ផ្គង់វត្ថុធាតុដើម និងធាតុផ្សំដល់រោងចក្រផលិតក្រដាសប្រាក់
រដ្ឋរបស់មីយ៉ាន់ម៉ា ដើម្បីផលិតក្រដាសប្រាក់គីយ៉ាត់នោះបានធ្វើការព្យួរសម្ភារៈរបស់ខ្លួនកាលពីចុងខែមីនា។ ក្រុមហ៊ុនខាងលើបានលើកឡើងថា «ការផ្អាករបស់ខ្លួននេះ គឺជាការធ្វើប្រតិកម្មដល់ការបន្តប៉ះទង្គិចដោយហឹង្សារវាងយោធា និងជនស៊ីវិល»។
ការខ្វះខាតបុគ្គលិកបម្រើការនៅតាមធនាគារ និងការខ្វះទំនុកចិត្តលើសមត្ថភាពរបស់របបយោធាក្នុងការគ្រប់គ្រងសេដ្ឋកិច្ចក៏កំពុងតែបានចូលរួមចំណែកផងដែរ។
ការដើរចេញពីការងារបានធ្វើឱ្យវិស័យធនាគារជាប់គាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីការធ្វើរដ្ឋប្រហារ។ បុគ្គលិកធនាគារនិងមន្ត្រីរដ្ឋការ រួមទាំងអ្នកបម្រើការនៅធនាគារកណ្តាលមីយ៉ាន់ម៉ាបានចេញមកធ្វើកូដកម្មដែលធ្វើឱ្យសាខារបស់ធនាគារជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ។
ចាប់ពីខែមេសាមក ធនាគារភាគច្រើន បានចាប់ផ្តើមបើកឡើងវិញ រួមជាមួយនឹងរោងចក្រ និងមុខជំនួញផ្សេងៗទៀតផងដែរ។ ចរាចរណ៍តាមដងផ្លូវ នៅក្នុងទីក្រុងយ៉ាំងហ្គូនបានកើនឡើងដែលធ្វើឱ្យគេជឿថា ជាសញ្ញានៃការងើបឡើងវិញខ្លះនៃសេដ្ឋកិច្ច។
ប៉ុន្តែ បញ្ហានៃការទទួលសាច់ប្រាក់គឺនៅតែតឹងតែងដដែល។ ធនាគារបានបង្កើនការដាក់កម្រិតលើការដកប្រាក់តាមម៉ាស៊ីនដកប្រាក់ ហើយថែមទាំងបានប្រើប្រាស់ប្រព័ន្ធដើម្បីធ្វើការដាក់កម្រិតលើចំនួននៃការធ្វើ
ប្រតិបត្តិការទូទាត់របស់អតិថិជនថែមទៀត។
ធនាគារកណ្តាលពិតជាមានប្រាក់បម្រុងទុកនៅនឹងដៃ នេះបើយោងតាមធនាគារិក និងអ្នកវិភាគបានលើកឡើង។ ប៉ុន្តែចំណុចនេះមិនអាចផ្តល់ឱ្យធនាគារគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការនោះទេ។ អ្នកការទូតលោកខាងលិចម្នាក់នៅទីក្រុងយ៉ាំងហ្គោន បាននិយាយថា «មានសាច់ប្រាក់ខ្លះកំពុងតែធ្វើចរាចរ តែមានមិនច្រើនទេ»។
មនុស្សជាច្រើន នៅមីយ៉ាន់ម៉ាបានធ្វើការប្តូរប្រាក់គីយ៉ាត់របស់គេ ជាមួយនឹងមាស ឬប្រាក់ដល្លារ ដែលបានធ្វើឱ្យតម្លៃរបស់ពួកវាឡើងថ្លៃខ្លាំងមិនធ្លាប់មាន បន្ទាប់ពីមានការធ្វើរដ្ឋប្រហារមក។
ខណៈដែលបញ្ហាកង្វះខាតសាច់ប្រាក់មិនទាន់បានបង្កឱ្យមានវិបត្តិនៅឡើយក្តី ក៏អ្នកវិភាគបាននិយាយថា ការអូសបន្លាយនៃបញ្ហាក្នុងការធានាសាច់ប្រាក់សម្រាប់អាជីវកម្មនិងធនាគារ ពិតជាអាចធ្វើឱ្យធនាគារតូចៗ
ងាយរងគ្រោះ ហើយវានឹងបង្កគ្រោះថ្នាក់ ដល់វិស័យធនាគារ ដែលត្រូវរងការប៉ះពាល់រយៈពេលវែង ដោយសារប្រាក់កម្ចីមិនដំណើរការ។
លោក Thant Myint-U ដែលជាប្រវត្តិវិទូ និងជាអ្នកនិពន្ធបាននិយាយថា «វិស័យធនាគាររបស់មីយ៉ាន់ម៉ា បានជួបនឹងវិបត្ដិ ចាប់តាំងពីមានការដាក់ចេញនូវបទបញ្ញត្តិដែលមានសក្តានុពលថ្មីកាលពីឆ្នាំ ២០១៦ និងការដួលរលំនៃទីផ្សារអចលនទ្រព្យនៅក្នុងពេលដំណាលគ្នានោះមកម្លេះ»។
លោកបានបន្ថែមថា «ចាប់តាំងពីរដ្ឋប្រហារ វិបត្តិធនាគារកាន់តែមានសភាពធ្ងន់ធ្ងរ ដោយសារតែកូដកម្មកាលពីខែកុម្ភៈ និងខែមីនា ការប្រមូលសាច់ប្រាក់ទៅទុកនៅផ្ទះ ភាពអសមត្ថភាព ឬការមិនមានឆន្ទៈរបស់ធនាគារកណ្តាលក្នុងការផ្តល់នូវសាច់ប្រាក់ និងការបាត់បង់ទំនុកចិត្តជាទូទៅរបស់ប្រជាជន»។
នៅក្នុងសុន្ទរកថា ដែលត្រូវបានបោះពុម្ភផ្សាយរបស់រដ្ឋាភិបាល ដែលមានចំណងជើងថា«ពិភពថ្មីរបស់មីយ៉ាន់ម៉ា» លោក Min Aung Hlaing មេដឹកនាំរបបយោធា បានកត់សម្គាល់ថា «របបលោកនឹងធ្វើការលាតត្រដាងអ្នកដែលកំពុងរក្សាទឹកប្រាក់ដ៏ច្រើននៅក្នុងដៃរបស់ខ្លួន» ។
រដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ាដែលត្រូវបានបង្កើតឡើងដោយអ្នកគាំទ្រលោកស្រី អ៊ុងសាន ស៊ូជី បាន និយាយថា «របបយោធាមានតែខ្លួនឯងប៉ុណ្ណោះដែលត្រូវស្តីបន្ទោស» ។ លោក Tin Tun Naing រដ្ឋមន្រ្តីស្រមោលក្រសួងហិរញ្ញវត្ថុបាននិយាយថា «ប្រជាជនមីយ៉ាន់ម៉ាមិនជឿថា របបយោធាមានសមត្ថភាពក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេសនេះទេ»។
លោកបានបន្តថា «យើងមិនអាចស្តីបន្ទោសពួកគេបានទេ ព្រោះពួកគេចង់ធានាថា ប្រាក់សន្សំដែលគេខិតខំរកបានដោយការលំបាក នឹងមិនរលាយបាត់នោះឡើយ»៕