លោក អ៊ិត សំហេង ដឹកនាំកិច្ចប្រជុំគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ
ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃដើម្បីពិភាក្សានីតិវិធីនៃការបន្តលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេសក្នុងការដាក់ចេញនូវវិធានការនិងរៀបចំផែនការសកម្មភាពមួយចំនួនដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតដល់ការផ្តល់កិច្ចគាំពារ និងសេវាគ្រាំទ្រចំាបាច់នានាដល់បងប្អូនពលករអាចបន្តស្នាក់នៅនិងធ្វើការដោយស្របច្បាប់ នៅប្រទេសថៃ ជាពិសេសក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩នេះ។
ដោយមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ពលករទេសន្តរប្រវេសន៍ (ខេត្តសាមុតសាខន) រដ្ឋាភិបាលថៃ បានអនុញ្ញាតឱ្យពលករបរទេសគ្មានឯកសារ មកចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីបានសិទ្ធិស្នាក់នៅ និងធ្វើការនៅប្រទេសថៃបណ្ដោះអាសន្ន ដែលការចុះឈ្មោះនេះ ចាប់ពីថ្ងៃ១៥ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលថៃ នឹងដាក់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះពលករបរទេសដែលឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក៌ដោយ រាជរដ្ឋាភិបាលថៃ ក៏មិនទាន់បញ្ជាក់ពីវិធានការនេះថាយ៉ាងណានោះឡើយ។ យោងតាមរបាយការណ៍នៃការធ្វើការជំរឿនរបស់អាជ្ញាធរថៃ គិតត្រឹមថ្ងៃថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករកម្ពុជាចំនួន ១២៦,១៧២នាក់ (ក្នុងនោះពលករមាននិយោជក មានចំនួន ១១០,៧៥៦នាក់ និងពលករមិនមាននិយោជកមានចំនួន១៥,៤១៦នាក់) ដែលត្រូវរៀបចំបន្តឱ្យមានឯកសារសម្រាប់ធ្វើការដោយស្របច្បាប់នៅប្រទេសថៃ។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវឯកសារ និងសេវាគាំទ្រចាំបាច់នានាជូនដល់បងប្អូនពលករកម្ពុជាយើង ដែលមិនមានឯកសារគ្រប់គ្រាន់ ឬបន្តសុពលភាពលិខិតធ្វើដំំណើរពលករកម្ពុជាធ្វើការនៅបរទេសនៅពេលដែលភាគីថៃបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន។ ជាមួយគ្នាដែរគណៈកម្មការ នឹងសហការជាមួយភាគីថៃក្នុងការអនុវត្តនូវកិច្ចការងារនេះជូនបងប្អូនពលកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ៕