ខ្មែរប៉ុស្ដិ៍ Close

អូស្ត្រាលី ផ្តល់ជំនួយ ២៨លានដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 7
អូស្ត្រាលី ផ្តល់ជំនួយ ២៨លានដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា អូស្ត្រាលី ផ្តល់ជំនួយ ២៨លានដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា

កម្ពុជា និងអូស្ត្រាលី បានប្រកាសជាផ្លូវការថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ៣៥,៧លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ២៨លានដុល្លារអាមេរិក) សម្រាប់ចូលរួមចំណែកក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរួមស្តីពីការគាំទ្ររបស់អូស្ត្រាលីលើកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ហិរញ្ញប្បទានឥតសំណងរបស់អូស្ត្រាលីនេះ អាចនឹងរួមចំណែកក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជាប្រមាណ ១,៥ លាននាក់។ ការរួមចំណែកនេះ នឹងជួយជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកាន់តែឆាប់រហ័សនូវគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជាឲ្យបាន ៨០ភាគរយ នៃចំនួនប្រជាជនសរុប។

ការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ ជាការបំពេញបន្ថែមលើជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលកម្ពុជានឹងទទួល​បានពី COVAX ដែលគ្រោងសម្រាប់ ២០% នៃប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ។ រដ្ឋាភិបាលអូស្ត្រាលី ក៏បានរួមចំណែកផ្តល់មូលនិធិដល់ COVAX ដែរ៕

អត្ថបទទាក់ទង