ខ្មែរប៉ុស្ដិ៍ Close

ព្រឹកស្អែកសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលជួយឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ និងក្រុងតាខ្មៅកាន់តែខ្ពស់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 41
ព្រឹកស្អែកសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលជួយឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ និងក្រុងតាខ្មៅកាន់តែខ្ពស់ ព្រឹកស្អែកសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលជួយឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ និងក្រុងតាខ្មៅកាន់តែខ្ពស់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ នឹងបន្តអញ្ជើញអញ្ជើញបើកការដ្ឋាន និងសម្ពោធសមិទ្ធផលថ្មីទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ការបង្ហាញវត្តមានជាសាធារណៈជាលើកទី២ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ២០២១នេះ គឺការអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន ៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្នពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥។

ប្រទេសកម្ពុជា ដែលត្រូវបានបំផ្លេចបំផ្លាញគ្មានសល់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពតនោះ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ប្រព័ន្ធទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ក៏គ្មានដែរ។ កុំថាឡើយប្រជាពលរដ្ឋទូទៅ សូម្បីថ្នាក់ដឹកនាំជាតិនាពេលនោះ ក៏ត្រូវចុះទៅដងទឹក និងដឹកទឹកពីទន្លេយកមកប្រើប្រាស់ដែរ។

ទឹកជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ រយៈពេលជាង ៤០ឆ្នាំ ទន្ទឹមនឹងការប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនហើយនោះ រាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងពង្រីកបណ្តាញទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។

បើទោះបីជាយ៉ាងណា ការផ្គត់ផ្គង់ទឹកនេះ ប្រឈមនឹងកំណើនតម្រូវការ នៃការប្រើប្រាស់ទឹកស្អាតយ៉ាងគំហុកចាប់តាំងពីដើមឆ្នាំ២០១០មក។ កំណើននេះ បានកើតឡើងដោយសារសកម្មភាពសាងសង់សំណង់អគារខ្ពស់ៗ ក៏ដូចជាប្រជាពលរដ្ឋមានការកើនឡើងជាដើម។

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា ឆ្លើតបបញ្ហានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនឡើងទ្វេដង ចាប់ពីឆ្នាំ២០១២ ដល់២០១៧ ក្នុងក្របខណ្ឌផែនការមេដំណាក់កាលទី២ ឆ្នាំ២០០៥ ដល់ឆ្នាំ២០២០។ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតស្របតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រីកផ្ទៃសេវា របស់ខ្លួនឱ្យបាន១០០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរៀបចំនូវផែនការមេដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០៣០។

លោកបន្តថា នៅក្នុងផែនការមេដំណាក់កាលទី៣ នេះ បានកំណត់នូវកម្មវិធីវិនិយោគដ៏ធំ ដែលមានទំហំថវិកាប្រមាណជា ៥០០លានដុល្លារអាម៉េរិក ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតទឹកស្អាតបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្ន។

លោក ស៊ឹម ស៊ីថា បានឱ្យដឹងថា គម្រោងនេះពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន គឺជាគម្រោងទី១ របស់ផែនការមេដំណាក់កាលទី៣ ដែលបានបញ្ចប់ការងារសាងសង់ទាំងស្រុងនាខែតុលា ឆ្នាំ២០១៩។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២.០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។

ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។

បើតាមលោក ស៊ឹម ស៊ីថា ទីតាំងគម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ ពិសេសជាងនេះទៀតនោះ គុណភាពទឹកទន្លេមេគង្គលើមានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោម។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០.០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។

ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹងដាក់ដំណើរការពេញសមត្ថភាពទាំងពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

អត្ថបទទាក់ទង